អានតួអត្ថបទ

លទ្ធផល​អង្កេត ៖ មីស៊ីលដែល​​បាញ់​​យន្តហោះម៉ាឡេស៊ី​MH១៧ផលិត​នៅរុស្ស៊ី​ និង​ដឹកទៅ​​​រុស្ស៊ីវិញ​ពេល​បាញ់​រួច

មីស៊ីល​បាញ់​ទម្លាក់​យន្តហោះម៉ាឡេស៊ីMH១៧ ផលិតនៅរុស្ស៊ី​និង​ដឹក​ត្រលប់​ទៅរុស្ស៊ីវិញ​ក្រោយ​បាញ់​រួច
មីស៊ីល​បាញ់​ទម្លាក់​យន្តហោះម៉ាឡេស៊ីMH១៧ ផលិតនៅរុស្ស៊ី​និង​ដឹក​ត្រលប់​ទៅរុស្ស៊ីវិញ​ក្រោយ​បាញ់​រួច REUTERS/Michael Kooren

​ក្រុម​ការងារ​អន្តរជាតិ បាន​បង្ហាញ​​​ជា​សាធារណៈ​​ នៅ​ថ្ងៃពុធ​នេះ លទ្ធផលដំបូង​នៃ​ការ​អង្កេត​ព្រហ្មទណ្ឌ​ លើ​សំណុំ​រឿង​ធ្លាក់​យន្តហោះ​ របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ ដែល​ធ្លាក់​កាល​ពី​ថ្ងៃ​ទី ១៧ កក្កដា ឆ្នាំ​២០១៤ នៅ​ភាគ​ខាង​កើតប្រទេស​អ៊ុយក្រែន និង​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​២៩៨​នាក់។ បើ​តាម​រដ្ឋ​អាជ្ញា​​អន្តរជាតិ មីស៊ីលប៊ូក​ ដែល​បាញ់​យន្តហោះ​MH១៧​ឱ្យ​ធ្លាក់ ផលិត​នៅ​រុស្ស៊ី និង​បាន​បាញ់​ចេញ​ពីតំបន់​​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​បះបោរ​ ស្និទ្ធ​នឹង​រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

​បើ​តាម​សេចក្តីសន្និដ្ឋាន​​របស់​ក្រុម​អង្កេត​អន្តរជាតិ មីស៊ីល​ប៊ូក ដែលបាញ់​ត្រូវ​​​យន្តហោះ​ម៉ាឡេស៊ី​​ឱ្យ​ធ្លាក់ កាលពី​ឆ្នាំ​២០១៤ នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ជា​មីស៊ីល​របស់​រុស្ស៊ី និង​បាញ់​ចេញ​ពី​ភូមិ​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​របស់​ពួក​ឧទ្ទាម​ចង់​ផ្តាច់​ទឹក​ដី​អ៊ុយក្រែន ស្និទ្ធ​នឹង​រុស្ស៊ី។ មិន​តែ​ប៉ុណ្ណោះ លទ្ធផល​នៃ​ការ​អង្កេត​​បានបញ្ជាក់​ទៀត​ថា មីស៊ីលប៊ូក ត្រូវ​បាន​ដឹក​បញ្ជូន​មក​ពី​រុស្ស៊ី និង​បញ្ជូន​ត្រលប់​ទៅ​រុស្ស៊ី​វិញ ​ក្រោយ​ពី​បាន​បាញ់​រួច។ ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​អង្កេត​ គេ​មិន​ដឹង​ថា​ទាហាន​ដែល​បាញ់​មីស៊ីល​នោះ​ បាន​ទទួល​បញ្ជា​ពី​មេ​បញ្ជាការ​ទ័ពណា​ម្នាក់ ឬ​ធ្វើ​ឱ្យ​ចិត្ត​ឯង​ឡើយ។

ក្រុម​អង្កេត​ការណ៍​អន្តរជាតិ​ ដែល​មា​ន​សមាជិកមក​ពី​ប្រទេស​ហូឡង់ អូស្ត្រាលី អ៊ុយក្រែន ម៉ាឡេស៊ី និង​ប៊ែលហ្ស៊ិក បាន​បើក​អង្កេត​ព្រហ្មទណ្ឌ​ឡើង​ក្នុង​បំណង​ស្វែង​រក​ឱ្យ​ឃើញ បុគ្គល​អ្នក​ទទួល​ខុស​ត្រូវ​​លើ​ការ​ធ្លាក់​យន្តហោះ​ និង​នាំ​ជន​នោះ​ទៅ​ឱ្យ​តុលាការ​កាត់​ទោស។ ប៉ុន្តែ​បាន​ប្រាប់​ឱ្យដឹង​តាំង​ពី​ដំបូង​ថា​នឹង​មិន​ប្រកាស​ឈ្មោះ​ជនសង្ស័យ​ណា​ម្នាក់ នៅ​ថ្ងៃ​នេះ​ទេ។

មុន​នឹង​ធ្វើ​សន្និសីទ​​ផ្សព្វផ្សាយ​លទ្ធផល​ជា​សាធារណៈនៅ​វេលា​ម៉ោង ១១​ ម៉ោង​សកល ក្រុមអ្នក​​អង្កេត​បាន​ទៅ​ជួប​​ម្តាយ​ឪពុក​ របស់​ជន​រងគ្រោះ ដែល​ជា​អ្នក​ដំណើរ និង​អ្នក​បំរើការ​របស់​ក្រុមហ៊ុន ឱ្យ​ដឹង​អំពី​ដំណើរការ​​ការងារ​របស់​ពួក​គេ។​

សូម​បញ្ជាក់​ថា ការ​អង្កេត​ផ្សេង​មួយ​ទៀត របស់​ការិយាល័យ​ប៉ូលិស​ហូឡង់ បាន​សន្និដ្ឋាន កាលពី​ខែ​តុលា​ឆ្នាំ​២០១៥​ថា យន្តហោះ​ប៊ូអ៊ីញ ៧៧៧ របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ MH១៧ បាន​ធ្លាក់​ដោយ​ត្រូវ​គ្រាប់​មីស៊ីល​ប៊ូក​ ផលិត​នៅ​រុស្ស៊ី ក្នុង​តំបន់​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន និង​ពួក​ឧទ្ទាម​ចង់​ផ្តាច់​ទឹក​ដី​ភាគ​ខាង​កើត​ គាំទ្រ​ដោយ​រុស្ស៊ី។ ប៉ុន្តែ​ទាំង​រុស្ស៊ី និង​ពួក​ឧទ្ទាម​សុទ្ធ​តែ​បាន​បដិសេធ​ និង​ចង្អុលមុខ​កងកម្លាំង​យោធា​អ៊ុយក្រែន​ថា​ជា​អ្នក​បាញ់។

នៅ​​ថ្ងៃ​ចន្ទនេះ​ទៀត រុស្ស៊ី​បាន​ចេញ​មុខ​មុន ចោទ​អ៊ុយក្រែន​ចំៗ​ថា​ជា​អ្នក​បង្ក​សោកនាដកម្ម​ធ្លាក់​យន្តហោះនោះ ដោយ​មាន​សំអាង​ថា អ៊ុយក្រែន​មិន​ព្រម​បញ្ចេញ​ព័ត៌មាន​ថត​ដោយ​រ៉ាដា​ នៅ​កន្លែង​បាញ់​មីស៊ីលទេ និង​ពន្យល់​ថា​យន្តហោះ​ធ្លាក់​នៅភាគ​ខាងកើត​អ៊ុយក្រែន តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម ដូច្នេះ​ប្រសិន​បើ​មីស៊ីល​ប៊ូក​ជា​របស់​គេ នោះ​នឹង​មាន​ឃើញ​ជាប់​ក្នុង​រ៉ាដា​រុស្ស៊ី​ជា​ប្រាកដ៕ 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ