អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្រ្គាម​ពាក្យសម្តី​កំពុង​បន្ត​មាន​រវាង​ចិន និង​អាមេរិក​ទាក់ទង​នឹង​ដ្រូនមុជទឹក​របស់​អាមេរិក

សំឡេង ០៦:២៥
នាវា​ស្រាវជ្រាវ​សមុទ្រ​របស់​​អាមេរិក​ USNS Bowditch ដែល​ជា​​អ្នក​​ប្រើ​​ដ្រូន​​មុជទឹក​ដែល​​ចិន​​​បាន​ស្រង់យក
នាវា​ស្រាវជ្រាវ​សមុទ្រ​របស់​​អាមេរិក​ USNS Bowditch ដែល​ជា​​អ្នក​​ប្រើ​​ដ្រូន​​មុជទឹក​ដែល​​ចិន​​​បាន​ស្រង់យក Courtesy U.S. Navy/Handout

នៅ​ទីបំផុត ចិន តាម​រយៈ​ក្រសួង​ការបរទេស​បាន​សុទ្ធចិត្ត​ប្រគល់​ដ្រូនមុជទឹក​ទៅ​ឲ្យ​អាមេរិក​វិញ។ គឺ​ជា​ដ្រូន​ដែល​ចិន​បាន​ស្ទាក់​ស្រង់​យក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ចម្ងាយ​ប្រមាណ​ជា ១០០គីឡូម៉ែត្រ​ពី​ឆ្នេរ​ហ្វីលីពីន។ អាមេរិក​ថា ដ្រូន​របស់​ខ្លួន​កំពុង​បំពេញ​បេសកកម្ម​ក្នុង​ដែនទឹក​អន្តរជាតិ តែ​ចិន​ថា ជា​ដែនទឹក​របស់​ខ្លួន។ យ៉ាង​ណា​ក៏​ដោយ រឿងរ៉ាវ​ថ្មី​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​ដែល​កំពុង​តានតឹង​ស្រាប់​នឹង​រឹត​តែ​កើន​ឡើង​មួយ​កម្រិត​ទៀត។ លោក​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​ថ្មី​ដូណាល់ ត្រាំ​ថែម​ទាំង​ប្រើ​ពាក្យ​ថា អាមេរិក​មិន​ត្រូវ​ការ​ដ្រូន​ដែល​ចិន​បាន​លួច​ទេ។

ផ្សាយពាណិជ្ជកម្ម

ដ្រូនមុជទឹក​របស់​​អាមេរិក​ត្រូវ​បាន​កង​នាវាមុជទឹកចិន​ស្ទាក់ស្រង់​យក​ពី​ទឹកសមុទ្រ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ១០០គីឡូម៉ែត្រ​ពី​ឆ្នេរ​ហ្វីលីពីន​នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ ធ្នូ។ ក្រោយ​ព្រឹត្តិការណ៍​នោះ​ភ្លាម ក្រសួង​ការពារ​អាមេរិក​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង និង​បាន​ទាមទារ​ឲ្យ​ចិន​ព្រលែង​ដ្រូន​នោះ​នៅ​ទីកន្លែង​ដើម​វិញ តែ​ចិន​មិន​ព្រម ហើយ​បាន​ស្រង់​នាំ​ទៅ​ជាមួយ​ផង។ រហូត​មក​ដល់​ពេល​នេះ អាមេរិក និង​ចិន​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ដោយ​ផ្អែក​តាម​ការ​យល់​ឃើញ​របស់​គេ​រៀងៗ​ខ្លួន។

ក្រសួង​ការពារជាតិ​អាមេរិក​បាន​អះអាង​ច្បាស់ៗ​ថា ដ្រូនមុជទឹក​នោះ​ត្រូវ​បាន​ប្រើ​ដើម្បី​វាស់​កំហាប់អំបិល និង​សីតុណ្ហភាព​នៅ​ក្នុង​ទឹកសមុទ្រ​ដែល​ជា​ព័ត៌មាន​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​កងនាវា​មុជទឹក និង​ការ​ធ្វើ​ចរាចរណ៍​របស់​នាវាមុជទឹក។ ម្យ៉ាង​ទៀត វ៉ាស៊ីតោន​ក៏​បាន​បញ្ជាក់​ថា​នៅ​លើ​ដ្រូន​នោះ មាន​សរសេរ​ព័ត៌មាន​ច្បាស់ៗ​ថា​ជា​របស់​អាមេរិក និង​ជា​ដ្រូន​មាន​តួនាទី​ស្រាវជ្រាវ​វិទ្យាសាស្រ្ត។ តែ​ចិន​មិន​បាន​យល់​ឃើញ​ដូច​អាមេរិក​ទេ។

ក្រសួង​ការពារជាតិ​ចិន​បាន​អះអាង​ថា ដ្រូន​ដែល​ចិន​ស្ទាក់ស្រង់​យក​នោះ​ជា​ដ្រូនអនាមិក​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់ ហើយ​ការ​ដែល​ចិន​ស្រង់​យក​ឡើង​ទៀត​សោត ក៏​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ដ្រូន​នោះ​ទៅ​បង្ក​គ្រោះថ្នាក់​ដល់​ការ​ធ្វើ​ចរាចរណ៍​ផ្លូវសមុទ្រ។ ក្រសួង​ការពារជាតិ​ចិន​ដដែល​បាន​បន្ថែម​ថា ចិន​ត្រូវ​ការ​យក​ដ្រូន​នោះ​ទៅ​ធ្វើ​ការ​សិក្សា វិភាគ​ឲ្យ​បាន​ល្អិតល្អន់​ដើម្បី​ស្វែង​រក​ម្ចាស់​របស់​វា។

ចិន​ចង់​ធានា​ថា ដ្រូនអាមេរិក​នោះ​មិនមែន​ជា​ដ្រូនស៊ើបការណ៍​ទេ

ការ​ស្ទាក់ស្រង់​យក​ដ្រូន​របស់​អាមេរិក​ពី​ចិន​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​នាវា​របស់​អាមេរិក​ឈ្មោះ Bowditch ផ្នែក​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​ក្នុង​សមុទ្រ​កំពុង​ស្រង់​យក​ដ្រូន​ចំនួន​ពីរ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ តែ​ចៃដន្យ​នា​ពេល​នោះ នាវា​ចិន​ដែល​មាន​វត្តមាន​នៅ​ទីនោះ​ក៏​បាន​ស្ទាក់ស្រង់​យក​ដ្រូន​មួយ​ក្នុង​ចំណោម​ដ្រូន​ទាំង​ពីរ​នោះ។ នេះ​មិន​មែន​ជា​លើក​ទី១ ទេ​ដែល​នាវា Bowditch របស់​អាមេរិក​បាន​បំពេញ​បេសកកម្ម​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​នៅ​ក្នុង​មហាសាគរ​នោះ។

ក្រៅ​ពី​ស្រាវជ្រាវ​វាស់​កម្រិត​កំហាប់អំបិល និង​សីតុណ្ហភាព​ក្នុង​ទឹកសមុទ្រ ដ្រូន​ដែល​នាវា Bowditch បាន​ប្រើ​ក៏​ដើម្បី​ស្ទង់មើល និង​ព្រមាន​ទុក​ពី​គ្រោះ​រញ្ជួយដី​ស៊ូណាមី​ដែល​អាច​កើត​មាន​​ជា​យថាហេតុ។ ចិន​ក៏​ប្រហែល​ជា​យល់​ឃើញ​ពី​តួនាទី​របស់​ដ្រូន​នោះ ហើយ​ក៏​ដឹង​ថា នេះ​ក៏​មិនមែន​ជា​លើក​ទី១ ទេ​ដែល​ដ្រូន​ប្រភេទ​នេះ​មាន​វត្តមាន​នៅ​ទីនោះ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជា​តំបន់​រសើប​ខ្លាំង​ណាស់​រវាង​ចិន និង​អាមេរិក ក៏​ដូច​រវាង​ចិន និង​ប្រទេស​អាស៊ី​មួយ​ចំនួន​ក្នុង​តំបន់។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ការ​ដែល​ចិន​បាន​ស្ទាក់ស្រង់​យក​ដ្រូន​របស់​អាមេរិក​ទៅ​សិក្សា វិភាគ​ក៏​ដើម្បី​ធានា​ថា ដ្រូន​នោះ​មិនមែន​ជា​ដ្រូន​ដែល​អាមេរិក​បាន​បញ្ជូន​ទៅ​ឲ្យ​ស៊ើបការណ៍​ទេ។

ភាព​ប្រយ័ត្នប្រយែង​របៀប​នេះ​របស់​ចិន​ក៏​ដោយសារ​ថា​កន្លង​មក អាមេរិក​ធ្លាប់​បាន​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​ចូល​ក្បែរ​ទីប្រជុំ​កោះ​កាន់កាប់​ដោយ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​អាមេរិក​បាន​លើកឡើង​ពី​សេរីភាព​ចរាចរណ៍​ក្នុង​ដែនសមុទ្រ​អន្តរជាតិ។

ចិន​ចង់​បង្ហាញ​អាមេរិក​ពី​លទ្ធភាព និង​សមត្ថភាព​របស់​ខ្លួន

អ្វី​ដែល​ភាគី​ទាំង​ពីរ​ត្រូវ​បន្ត​ធ្វើ​នោះ​គឺ​ថា តើ​គេ​ត្រូវ​ដោះស្រាយ​ដើម្បី​បិទបញ្ចប់​រឿងរ៉ាវ​ថ្មី​នេះ​តាម​ផ្លូវ​ណា។ គួរ​ជម្រាប​ជូន​ថា​នា​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ឧប្បត្តិហេតុ​នេះ អាមេរិក និង​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​វាយបក​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។ ប៉េកាំង​បាន​បរិហារ​វ៉ាស៊ីនតោន​ពី​បទ​ឃោសនា​បំផ្លើស​ការ​ពិត​ចំពោះ​រឿង​នេះ ព្រម​ទាំង​ឆ្លៀត​ព្រមាន​អាមេរិក​កុំ​ឲ្យ​ធ្វើ​រឿង​នេះ​ជា​ថ្មី​ម្តង​ទៀត។ ចំណែក​វ៉ាស៊ីនតោន​វិញ​ក៏​បាន​ព្រមាន​ប៉េកាំង​កុំ​ឲ្យ​បង្ក​រឿង​នេះ​ជា​ថ្មី​ឡើង​វិញដែរ។

លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទេ តែ​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​ដូណាល់ ត្រាំ​បាន​ចោទ​ចិន​ជា​ចោរ និង​ថា អាមេរិក​មិន​ត្រូវ​ការ​ដ្រូន​ដែល​ចិន​បាន​លួច​វិញ​ទេ។ ប្រតិកម្ម​របស់​លោក​ត្រាំ​របៀប​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ​កាន់​តែ​ខ្លាំង ចំ​ពេល​ដែល​ចិន​នៅ​មិន​ទាន់​ស្ងប់​ចិត្ត​នឹង​លោក​ត្រាំ​ដែល​បាន​ជ្រលក់​មាត់​រក​ប្រធានាធិបតី​តៃវ៉ាន់ និង​ព្រមាន​មិន​ទទួល​ស្គាល់​គោលការណ៍​ចិន​តែ​មួយ។

យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ ព័ត៌មាន​ដែល​ថា​ចិន​នឹង​ប្រគល់​ដ្រូន​នោះ​ឲ្យ​អាមេរិក​វិញ​ត្រូវ​បាន​បញ្ជាក់​រួម​គ្នា​ដោយ​ភាគី​ចិន និង​អាមេរិក តែ​គេ​មិន​ដឹង​ថា តើ​ចិន​នឹង​ប្រគល់​ដ្រូន​នោះ​ទៅ​ឲ្យ​អាមេរិក​វិញ​នៅ​ពេល​ណា និង​ដោយ​របៀប​ណា​ទេ។ តែ​ក្រុមអ្នក​វិភាគ​បាន​មើល​ឃើញ​ថា ចិន​ជា​អ្នក​មាន​ប្រៀប​លើ​អាមេរិក​នៅ​ក្នុង​រឿងរ៉ាវ​ថ្មី​នេះ ព្រោះ​ការ​ស្ទាក់ស្រង់​យក​ដ្រូនអាមេរិក​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​ជា​សក្ខីកម្ម​មួយ​ដែល​ប៉េកាំង​ចង់​ប្រាប់​វ៉ាស៊ីតោន​ថា ចិន​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​តប​នឹង​អាមេរិក​គ្រប់ពេល និង​គ្រប់ទីកន្លែង​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ