អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកអូបាម៉ា និង​លោកអាបេ​បញ្ជាក់​ពីស​ម្ព័ន្ធមិត្ត​រួមសុខ រួមទុក្ខ​គ្រប់​ពេល​រវាង​អាមេរិក និង​ជប៉ុន

សំឡេង ០៦:០៦
លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ និង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា
លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ និង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា Reuters

ថ្ងៃ​អង្គារ ទី២៧ ធ្នូ​ជា​ថ្ងៃទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​នៅ​មូលដ្ឋាន​យោធា​អាមេរិក Pearl Harborនៃ​កោះ​ហាវ៉ៃ។ គឺ​នៅ​ទីនោះ​ហើយ​ដែល​កាល​ពី ៧៥ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី ៧ ធ្នូ ឆ្នាំ ១៩៤១ កងទ័ព​អាកាស​ជប៉ុន​បាន​បើក​ការ​វាយប្រហារ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយ​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​អាមេរិក​ចំនួន ២ ៥០០នាក់។ លោក​អាបេ និង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​ទាហាន​អាមេរិក​ស្លាប់ ទាំង ២ ៥០០នាក់​ដោយ​ដាក់​កម្រង​ផ្កា​នៅ​ពី​មុខ​ជញ្ជាំង​មួយ​ដែល​មាន​ចារ​ឈ្មោះ​ទាហាន​អាមេរិក​ស្លាប់​ចំនួន ១ ១៧៧នាក់។

ផ្សាយពាណិជ្ជកម្ម

រូបភាព​នៃ​ការ​ចូលរួម​គោរពវិញ្ញាណក្ឋន្ធ​រួម​គ្នា​រវាង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​ចំពោះ​ទាហាន​អាមរិក​ស្លាប់​ទាំង ២ ៥០០នាក់​នៅ​មូលដ្ឋាន​យោធា​អាមេរិក Pearl Harbor នៃ​កោះហាវ៉ៃ គឺ​ជា​រូបភាព​ជា​ប្រវត្តិសាស្រ្ត​មួយ​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​ទេ​នា​ពេល​កន្លង​មក។ ជា​រូបភាព​ប្រវត្តិសាស្រ្ត​មិន​ធ្លាប់​មាន ព្រោះ​តាំង​ពី​ទ័ពអាកាស​ជប៉ុន​បាន​បើក​ការ​វាយប្រហារ​ដ៏​ភ្ញាក់ផ្អើល​លើ​មូលដ្ឋាន​យោធា​អាមេរិក​នៅ Pearl Harbor ក្នុង​ថ្ងៃទី៧ ធ្នូ ឆ្នាំ ១៩៤១ មក នេះ​ជា​លើកទី១ បង្អស់​ដែល​មាន​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ម្នាក់​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​ទាហាន​អាមេរិក​ស្លាប់​ទាំង ២ ៥០០នាក់។

នៅ​ក្នុង​ទសវត្ស​ឆ្នាំ ៥០ ក៏​គេ​ធ្លាប់​ឃើញ​មាន​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ចំនួន ៣រូប​បាន​ដាក់​ជើង​ជាន់​មូលដ្ឋាន​យោធា​អាមេរិក Pearl Harbor ដែរ។ តែ​កាល​ណោះ គ្មាន​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ណា​ម្នាក់​បាន​ចូលរួម​គោរព​វិញ្ញាណក្ឋន្ធ​ចំពោះ​ទាហាន​អាមេរិក​ស្លាប់​ដូច​លោក​ស្ហ៊ីនហ្សូ អាបេ​នៅ​ពេល​នេះ​ទេ។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា គឺ​ផ្តើម​ចេញ​ពី​ព្រឹត្តិការណ៍​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​អាមេរិក Peral Harbor ពី​សំណាក់​ទ័ពអាកាស​ជប៉ុន​នោះ​ហើយ​ដែល​បាន​ជំរុញ​អាមេរិក​ឲ្យ​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​លោកលើក​ទី២ និង​សងសឹក​ជប៉ុន​វិញ ដោយ​ទម្លាក់​គ្រាប់បែកបរមាណូ​លើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ទីក្រុង​ណាវ៉ាហ្សាគី។

បន្ទាប់​ពី​បាន​ដាក់​កម្រង​ផ្កា​នៅ​ពី​មុខ​ជញ្ជាំង​ដែល​មាន​ចារ​ឈ្មោះ​ទាហាន​អាមេរិក​ស្លាប់​ចំនួន ១ ១៧៧នាក់​មក លោក​អូបាម៉ា និង​លោក​អាបេ​បាន​ធ្វើ​ការ​ស្មឹងស្មាត​រយៈពេល ១នាទី មុន​នឹង​ថ្លែង​សុន្ទរកថា​បញ្ជាក់​ពី​មិត្តភាព​ដែល​បាន​ធ្វើ​ឲ្យ​អាមេរិក និង​ជប៉ុន​រួបរួម​គ្នា​មក​ដល់​សព្វថ្ងៃ។ នៅ​ក្នុង​សុន្ទរកថា​ថ្លែង​មុខ​គេ លោក​អាបេ​បាន​បញ្ជូន​សារ​មរណៈទុក្ខ​ទៅ​កាន់​ជនរងគ្រោះ​ដោយ​សង្រ្គាម និង​បាន​ចាត់​ទុក​ទំនាក់ទំនង​ជាមួយ​អាមេរិក​ជា​សម្ព័ន្ធមិត្ត​នៃ​ក្តីសង្ឃឹម ព្រម​ទាំង​គូសបញ្ជាក់​ពី​មិត្តភាព និង​តម្លៃរួម​ដែល​អាមេរិក និង​ជប៉ុន​បាន​ចែករំលែក​រវាង​គ្នា។
 

លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ
លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ Reuters

« ប្រធានាធិបតី​អូបាម៉ា ពលរដ្ឋ​អាមេរិក និង​ប្រជាជន​ទាំង​អស់​ក្នុង​លោក ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន ខ្ញុំ​សូម​ចូលរួម​មរណៈទុក្ខ​ដ៏​ស្មោះអស់​ពី​ដួងចិត្ត និង​អមតៈ​ចំពោះ​ព្រលឹង​អ្នក​ដែល​បាន​បាត់បង់​ជីវិត​នៅ​ទីនេះ ចំពោះ​ស្មារតី​របស់​បុរស និង​ស្រ្តី​ដែល​ជីវិត​របស់​ពួក​គេ​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្រ្គាម​នៅ​ទីកន្លែង​នេះ ចំពោះ​មនុស្ស​ស្លូតត្រង់​រាប់​មិន​អស់​ដែល​បាន​ចោល​ជីវិត​នៅ​ក្នុង​សង្រ្គាម។ យើង​មិន​ត្រូវ​ឲ្យ​សង្រ្គាម​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​មួយ​នេះ​កើត​មាន​ជា​ថ្មី​ម្តង​ទៀត​ទេ។ នេះ​ហើយ​ជា​ពាក្យសច្ចា​របស់​ប្រជារាស្រ្ត​ជប៉ុន។
 
ចាប់​ពី​ពេល​នេះ​ត​ទៅ និង​ជាង​ពេល​ណាៗ​ទាំង​អស់ សម្ព័ន្ធមិត្ត​រវាង​អាមេរិក និង​ជប៉ុន​នឹង​អនុញ្ញាត​ឲ្យ​យើង​រួមកម្លាំង​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រឈម​ទប់​នឹង​បញ្ហា​ជា​ច្រើន​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន។ គឺ​សម្ព័ន្ធមិត្ត​នៃ​ក្តីសង្ឃឹម​នេះ​ហើយ​ដែល​នឹង​ចង្អុល​ផ្លូវ​នា​ពេល​អនាគត ព្រោះ​ថា សង្រ្គាម​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​មិន​ទាន់​ត្រូវ​បាន​លប់​បំបាត់​ឲ្យ​អស់​ពី​ភពផែនដី​នៅ​ឡើយ​ទេ។ គ្មាន​ការ​បិទបញ្ចប់​អំពើហិង្សា​ទេ​នៅ​ពេល​ដែល​មាន​ការ​យក​កំហឹង​ទៅ​ទល់​នឹង​កំហល់​នោះ។
 
ពិភពលោក​ត្រូវ​ការ​ភ្លាមៗ​ពេល​នេះ​នូវ​ស្មារតី​នៃ​ការ​អត់ឱន និង​អំណាច​នៃ​ការ​ផ្សះផ្សា »។

ប្រសាសន៍​លោកស្ហ៊ីនហ្សូ អាបេ​ប្រែសម្រួល​ដោយ គួច គន្ធារ៉ា

ជា​ការ​ឆ្លើយ​តប​វិញ លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​ថ្លែង​អរគុណ​លោក​អាបេ និង​បាន​ចាត់​ទុក​ដំណើរ​មក​កាន់​មូលដ្ឋាន​យោធា​អាមេរិក Pearl Harbor របស់​លោក​អាបេ​ថា ជា​កាយវិការ​ប្រវត្តិសាស្រ្ត។
 

លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា
លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា Reuters

« អរគុណ​ចំពោះ​ពាក្យពេចន៍​របស់​លោក​ដែល​ដក់​ជាប់​ដោយ​ក្តីមេត្តា​ករុណា អរគុណ​ចំពោះ​វត្តមាន​របស់​លោក​នៅ​ទីនេះ​ក្នុង​ថ្ងៃ​នេះ។ នេះ​ជា​កាយវិការ​ប្រវត្តិសាស្រ្ត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​អំណាច​នៃ​ការ​ផ្សះផ្សា និង​សម្ព័ន្ធមិត្ត​រវាង​ពលរដ្ឋ​អាមេរិក និង​ប្រជារាស្រ្ត​ជប៉ុន។ កាយវិការ​នេះ​បាន​រម្លឹក​យើង​ទាំង​អស់​គ្នា​ជា​ថ្មី​ម្តង​ទៀត​ថា ទោះ​បី​ជា​ស្នាមរបួស​សង្រ្គាម​មាន​ជម្រៅ ជ្រៅ​ប៉ុណ្ណា​ក៏​ដោយ ក៏​គេ​អាច​ដាក់​ជំនួស​វា​ដោយ​មិត្តភាព និង​សន្តិភាព​យូរអង្វែង​បាន​ដែរ។
 
ថ្ងៃ​នេះ សាមគ្គីភាព​នៃ​សម្ព័ន្ធមិត្ត​រវាង​អាមេរិក និង​ជប៉ុន​មិន​បាន​ផ្តោត​សំខាន់​តែ​លើ​ការ​ចែករំលែក​ផលប្រយោជន៍​រួម​គ្នា​មួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ការ​ចែក​រំលែក​តម្លៃ​រួម​ដែរ។ សម្ព័ន្ធមិត្ត​អាមេរិក ជប៉ុន គឺ​ជា​សសរទ្រូង​សន្តិភាព និង​ស្ថិរភាព​នៅ​តំបន់​អាស៊ី និង​នៅ​តំបន់​ប៉ាស៊ីហ្វិក ហើយ​ក៏​ជា​កម្លាំង​មួយ​សម្រាប់​ការ​រីកចម្រើន​នៅ​ក្នុង​ពិភពលោក​ដែរ។ សម្ព័ន្ធមិត្ត​របស់​យើង​មិន​ដែល​រឹងមាំ និង​ខ្លាំងក្លា​ដូច​ពេល​នេះ​ទេ។
 
នៅ​ក្នុង​កាលៈទេសៈ​ល្អ ក៏​ដូច​ជា​កាលៈទេសៈ​អាក្រក់ យើង​បាន​ស្ថិត​នៅ​ជាមួយ​គ្នា​គ្រប់​ពេល និង​បាន​រួមសុខ រួមទុក្ខ​គ្រប់​ពេល​ទាំង​អស់ »។

ប្រសាសន៍​លោកបារ៉ាក់ អូបាម៉ា​ប្រែសម្រួល​ដោយ គួច គន្ធារ៉ា

គួរ​រម្លឹក​ជូន​ថា ពិត​មែន​តែ​លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​អាបេ​បាន​ចូលរួម​គោរព​វិញ្ញាណក្ឋន្ធ​ចំពោះ​ទាហាន​អាមេរិក​ស្លាប់​ក្រោម​គ្រាប់កាំភ្លើង​ជប៉ុន​កាល​ពី ៧៥ឆ្នាំ​មុន​ក៏​ដោយ ក៏​លោក​អាបេ​មិន​បាន​ធ្វើ​ការ​សុំទោស​ជា​ផ្លូវការដូច​ដែល​ក្រុមគ្រួសារ​ជនរងគ្រោះ​អាមេរិក​ចង់​បាន​ទេ។ កាយវិការ​របៀប​នេះ​របស់​លោក​អាបេ​បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ក្នុង​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា ប្រទេស​ជប៉ុន​កាល​ពី ៧ខែ​មុន និង​ដែល​កាល​ណោះ លោក​អូបាម៉ា​ក៏​មិន​បាន​ធ្វើ​ការ​សុំទោស​ចំពោះ​ជប៉ុន​ពី​ការ​ដែល​អាមេរិក​បាន​ទម្លាក់​គ្រាប់បែប​បរមាណូ​សម្លាប់​ប្រជារាស្រ្ត​ជប៉ុន​ដែរ។

ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា រឿង​សុំទោស ឬ​មិន​សុំទោស​មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់ អាមេរិក និង​ជប៉ុន​បាន​ប្រែ​ក្លាយ​សត្រូវ​ជា​មិត្ត​ដែល​មិន​អាច​បំបែក​បាន ដោយ​ទុក​រឿង​អតីតកាល​ចោល​មួយ​ឡែក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ