អានតួអត្ថបទ
ភូមា

ភូមា​​​​បើក​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​ការ​​​ធ្វើ​​ទុក្ខ​បុកម្នេញ​​​ជនជាតិ​​​ភាគ​តិច​​​​​រ៉ូហ៊ីង​យ៉ា​​

ប៉ូលិស​​ភូមា ​បើក​​ប្រតិបត្តិការ​ដើរ​​​យាមល្បាត​​នៅ​​ក្នុង​​ប៉ែក​ពាយ័ព្យ​ប្រទេស​​ភូមា​​
ប៉ូលិស​​ភូមា ​បើក​​ប្រតិបត្តិការ​ដើរ​​​យាមល្បាត​​នៅ​​ក្នុង​​ប៉ែក​ពាយ័ព្យ​ប្រទេស​​ភូមា​​ REUTERS/Stringer

នៅ​ភូមា នៅ​ថ្ងៃ​ចន្ទ​ទី​២​មករា​នេះ រដ្ឋាភិបាល ​បាន​​ជូន​ដំណឹង​អំពី​ការ​បើក​ការ​ស៊ើប​អង្កេត​មួយ លើ​រូបភាព​​វីឌីអូ​ដែល​​បង្ហាញ​ក្រុម​ប៉ូលិស​ភូមា ​កំពុង​វាយធ្វើបាប​លើក្រុមជនជាតិភាគតិច​​​​ រ៉ូហីងយ៉ា​ អ្នកកាន់សាសនា​អ៊ីស្លាម។ 

ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ  ជនជាតិ​ភាគ​តិច​រ៉ូហីងយ៉ា​ដែល​ជា​អ្នក​កាន់​សាសនា​​អ៊ីស្លាម​ប្រមាណ ៥​ម៉ឺន​នាក់ ​បាន​នាំ​គ្នា​រត់​ភៀស​ខ្លួន ​គេច​ពី​ប្រតិបត្តិការ​​កង​ទ័ព​ភូមា​​ បន្ទាប់​ពី​មាន​ការ​​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ​មួយចំនួន​ប្រឆាំង​​ទៅ​លើ​ប៉ុស្តិ៍​ប៉ូលីស​ជា​ច្រើន​កន្លែង​នៅ​តាម​ព្រំដែន​ក្នុង​ប៉ែក​ពាយ័ព្យ​ប្រទេស។

 
ពួក​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ពេល​ចូល​ទៅ​ដល់​ប្រទេស​បឹងក្លាដែស បាន​និយាយ​រៀបរាប់​ប្រាប់​​ថា" ពួក​ទាហាន​ភូមា បាន​ធ្វើ​បាប​ពួក​គេ​យ៉ាង​កំ​រោល​ដូចជា​​ការ​ចាប់​ស្រ្តី​រ៉ូហីងយ៉ា​រំលោភ​បំពាន​ផ្លូវ​ភេទ​ទាំង​ហ្វូងៗ ការ​ធ្វើ​ឃាតកម្ម​ឬ​ការ​ធ្វើ​ទារុណកម្ម​ជាដើម"។​

ចំពោះ​ទង្វើ​អមនុស្សធម៌​របស់​កងទ័ព​ភូមា​ប្រឆាំង​ទៅ​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា រហូតមក​ទល់​ពេលនេះ រដ្ឋាភិបាល​ភូមា​ពុំ​ដែល​ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​នានា​ខាង​លើ​នេះ​ឡើយ ដោយ​អះអាង​ថា​ភូមាក្តោបក្តាប់​ស្ថានការណ៍​បាន​ល្អ​នៅ​ក្នុង​ប្រទេស​និង​ថែម​ទាំង​សុំ​ឲ្យ​សហគមន៍​​អន្តរជាតិ​ចេះតែ​បង្ក​រករឿង​ជា​មួយ​ភូមា​តទៅទៀត​​។

គឺ​ជា​លើក​ទី​មួយ​ដែរ​ចាប់​តាំង​ពី​មាន​ភាព​ចលាចល​នៅ​ដើម​ខែ​តុលា​មុន​មក ​រដ្ឋាភិបាល​ភូមា​បាន​​ផ្លាស់​ប្តូរ​ពាក្យ​សំដី និង​បាន​ប្តេជ្ញាចិត្ត​ចាត់​វិធានការ​នានា​ដើម្បី​ប្រឆាំង​ទល់​នឹង​ក្រុម​​ប៉ូលីស​ដែល​ប្រើ​អំពើ​ហិង្សា​​​វាយ​ធ្វើ​បាប​ប្រជាជន​ភូមិ​នៅ​ឱកាស​ប្រតិបត្តិការ​ដោះមីន​កាលពី​ថ្ងៃ​​ទី​៥​វិច្ឆិកា​​កន្លង​ទៅ​នៅ​ក្នុង​ភូមិ Kotankauk ។ ​

តាម​រូបភាព​វីឌីអូ​ គេ​ឃើញ​ពួក​ប៉ូលីស​ កំពុង​វាយ​ធ្វើ​ទារុណ្ឌកម្ម​យុវជន​ម្នាក់​និង​​ចាប់​បង្ខំឲ្យ​​​ជន​រងគ្រោះ​​ទៅ​​អង្គុយ​លើ​ដី​ជាមួយ​ប្រជាជន​ភូមិ​រាប់សិបនាក់​ផ្សេង​ទៀត​ដោយ​ដាក់​ដៃទាំងពីរ​លើ​ក្បាល។ បន្ទាប់មកទៀត គេ​ឃើញ​រូប​នាយ​ទាហាន​៣​រូប​ក្នុង​ឯកសណ្ឋាន​យោធា បាន​ប្រើ​ដំបង​​វាយ​ធ្វើ​បាប​ជន​មួយ​រូប​ទៀត​ដោយ​ទាត់​ធាក់​ទៅ​លើ​មុខ​មាត់​របស់​ជន​រងគ្រោះ​ដោយ​គ្មាន​ប្រណី​ទៀត​ផង។

គួរបញ្ជាក់ថា កាលពី​សប្តាហ៍​មុន ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ប្រមាណ​ជា​១២​នាក់​បាន​សរសេរ​លិខិត​ទៅកាន់​​ក្រុម​ប្រឹក្សាសន្តិសុខ​របស់​អសប សុំ​ស្នើ​អន្តរាគមន៍​មួយ​ដើម្បីធ្វើការ​បញ្ជៀស​អំពើ​សោកនាដកម្ម​នានា​ទៅ​លើ​ប្រជាជន​រ៉ូហ៊ីងយ៉ាតទៅទៀត។ សោកនាដកម្ម​ដែល​​ក្រុម​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ចាត់ទុកថា ជា​ការ​បោសសម្អាត​ជន​ជាតិ​ភាគ​តិច​និង​ក៏​ជា​ឧក្រឹដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ផង​ដែរ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ