អានតួអត្ថបទ
អង់គ្លេស-អាមេរិក

អាមេរិក៖​លោកដូណាល់ ត្រាំ​បន្ត​កិច្ចសន្ទនា​ជាមួយ​ថ្នាក់ដឹកនាំ​បរទេស

លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេសTheresa May និង​លោក​ប្រធានាធិបតី​អាមេរិក Donald Trump ថ្ងៃទី២៧ មករា ២០១៧
លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេសTheresa May និង​លោក​ប្រធានាធិបតី​អាមេរិក Donald Trump ថ្ងៃទី២៧ មករា ២០១៧ REUTERS/Kevin Lamarque

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បន្ត​ជួប​សន្ទនា​ជាមួយ​ថ្នាក់​ដឹកនាំ​បរទេស។ បន្ទាប់​ពី​បាន​ទទួល​ជួប​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May នៅ​សេតវិមាន​នា​ថ្ងៃ​សុក្រ ទី២៧ មករា​មក លោក​ដូណាល់ ត្រាំ​នឹង​បន្ត​ជួប​សន្ទនា​ជាមួយ​ថ្នាក់ដឹក​នាំ​បរទេស ៥រូប​ផ្សេង​ទៀត​នៅ​ថ្ងៃ​សៅរ៍ ទី២៨ មករា​នេះ តែ​ជា​កិច្ចសន្ទនា​តាម​ទូរស័ព្ទ។ នៅ​ក្នុង​ជំនួប​ជាមួយ​លោកស្រី Theresa May លោក​ដូណាល់ ត្រាំ​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​ពិសេស​រវាង​ទីក្រុង​វ៉ាស៊ីតោន និង​ទីក្រុង​ឡុងដ៏។

ផ្សាយពាណិជ្ជកម្ម

លោកស្រី Theresa May គឺ​ជា​ថ្នាក់ដឹកនាំ​បរទេស​ទី១ ដែល​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​ក្រាល​ព្រំក្រហម​ទទួល​នៅ​សេតវិមាន និង​ថែម​ទាំង​ចេញ​ទៅ​ទទួល​ផ្ទាល់​នៅ​ក្លោងទ្វារ​សេតវិមាន មុន​នឹង​ទទួល​ជួប​មួយ​ទល់​មួយ​នៅ​ក្នុង​ការិយាល័យ​រាង​​ទ្រវែង​របស់​លោក។ តែ​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា លោក​ត្រាំ និង​លោកស្រី Theresa May បាន​យល់ព្រម​ប្រើ​ពេល​ខ្លី​ដោយ​ឆ្លើយ​សំណួរ​របស់​ក្រុម​អ្នក​កាសែត​តែ ៤សំណួរ​ប៉ុណ្ណោះ គឺ​២សំណួរ​របស់​អ្នកកាសែត​អាមេរិក និង​២សំណួរ​របស់​អ្នកកាសែត​អង់គ្លេស។

នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​រយៈពេល​ខ្លី​នោះ បញ្ហា​ប្រទេស​រុស្ស៊ី​បាន​ក្លាយ​ជា​ប្រធានបទ​ចម្បង និង​ការ​ខ្វែង​គំនិត​គ្នា​រវាង​រវាង​លោក​ដូណាល់ ត្រាំ និង​លោកស្រី Theresa May។ លោក​ដូណាល់ ត្រាំ​ចង់​ឲ្យ​មាន​ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​រុស្ស៊ី តែ​លោកស្រី Theresa May ចង់​ឲ្យ​បន្ត​រក្សា​ទុក​ដដែល។ ដោយឡែក លោកស្រី Theresa May ទទួល​បាន​ការ​សន្យា​ពី​លោក​ត្រាំ​ក្នុង​ការ​គាំទ្រ​ពេញ​ទំហឹង​លើ​អង្គការ​អូតង់ ព្រម​ទាំង​បាន​សន្យា​ជា​មួយ​លោក​ត្រាំ​ថា លោកស្រី​នឹង​ខិតខំ​និយាយ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប​ឲ្យ​ចូលរួម​វិភាគទាន​បន្ថែម​នៅ​ក្នុង​អង្គការ​អូតង់។

ទាក់ទង​នឹង​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​យល់​ឃើញ​ថា ជា​រឿង​ល្អ​សម្រាប់​ប្រទេស និង​ប្រជារាស្រ្ត​អង់គ្លេស​ដែល​បាន​រក​ឃើញ​ឡើង​វិញ​នូវ​អត្តសញ្ញាណ​របស់​ខ្លួន និង​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ អង់គ្លេស​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ចាប់​ដៃ​បង្កើន​ទំនាក់ទំនង​រក​ស៊ី​ជាមួយ​ប្រទេស​ណា​ក៏​បាន។ ទន្ទឹម​គ្នា​នេះ លោក​ដូណាល់ ត្រាំ​ក៏​បាន​និយាយ​ពី​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ជាមួយ​សមភាគី​ម៉ិចស៊ិក​លោក Enrique Pena Nieto ដោយ​លោក​សង្ឃឹម​ចរចា​ឡើង​វិញ​លើ​សំណុំរឿង​មួយ​ចំនួន ពិសេស​ពាណិជ្ជកម្ម​ដើម្បី​ប្រយោជន៍​ប្រទេស​ទាំង​ពីរ។ តែ​លោក​ត្រាំ និង​លោក Nieto បាន​ព្រមព្រៀង​ឈប់​និយាយ​ជា​សាធារណៈ​លើ​ការ​សាងសង់​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

នៅ​ថ្ងៃ​សៅរ៍ ទី២៨ មករា​នេះ លោក​ដូណាល់ ត្រាំ​បន្ត​ជួប​សន្ទនា​តាម​ទូរជាមួយ​ថ្នាក់ដឹកនាំ​បរទេស​ចំនួន ៥នាក់​ផ្សេង​ទៀត គឺ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន សមភាគី​បារាំង​លោក​ហូឡង់ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​អាបេ លោក​នាយករដ្ឋមន្រ្តី​អូស្រា្តលី Malcolm Turnbull និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​មែរកិល។ ជាមួយ​លោក​ពូទីន លោក​ត្រាំ​មិន​ចង់​និយាយ​ពី​រឿង​ទ័ណ្ឌកម្ម តែ​មាន​បំណង​ប្រាប់​លោក​ពូទីន​ពី​ឆន្ទៈ​របស់​អាមេរិក​ដែល​ចង់​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី​ក៏​ដូច​ជា​ជាមួយ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ