អានតួអត្ថបទ

វត្តមាន​ដ៏​ចម្រូង​ចម្រាស​របស់​ចិន ក្នុង​សិក្ខាសាលា​វេជ្ជសាស្ត្រ​នៅ​វ៉ាទីកង់

មានការ​​វះកាត់​ប្តូរ​សរីរាង្គប្រមាណ​១០ម៉ឺន​ករណី ក្នុង​មួយ​ឆ្នាំៗ នៅ​ចិន តែ​ភាគ​ច្រើន​បាន​មក​ពីការជួញ​ដូរ​ខុស​ច្បាប់
មានការ​​វះកាត់​ប្តូរ​សរីរាង្គប្រមាណ​១០ម៉ឺន​ករណី ក្នុង​មួយ​ឆ្នាំៗ នៅ​ចិន តែ​ភាគ​ច្រើន​បាន​មក​ពីការជួញ​ដូរ​ខុស​ច្បាប់ Getty Images

នៅ​ថ្ងៃអង្គារ​នេះ បុរី​វ៉ាទីកង់ បាន​​បើក​សិក្ខាសាលា​អន្តរជាតិ​ស្តីពី​ការជួញ​ដូរ​សរីរាង្គ​ ដោយ​បាន​អញ្ជើញ​តំណាង​​ភាគី​ចិន​ ចូល​រួម​ផង។ ប៉ុន្តែ​វត្តមាន​របស់​ចិន បាន​បំផុស​ឱ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់អ្នក​ឯកទេស​វេជ្ជសាស្ត្រ ព្រោះពួក​គេ​យល់​ថា​ចិន​នៅ​តែ​បន្តប្រព្រឹត្ត​​ការ​​ជួញ​ដូរ​សរីរាង្គ។

ផ្សាយពាណិជ្ជកម្ម

អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ចិន និង​ជា​ប្រធាន​គណៈកម្មការផ្តល់​​អំណោយ​សរីរាង្គ​ចិន ត្រូវ​បាន​អញ្ជើញ​ឱ្យឡើង​បញ្ចេញ​មតិ​នៅ​ថ្ងៃអង្គារ​ទី ៧ កុម្ភៈ​នេះ ទៅ​កាន់​អង្គ​សិក្ខាសាលា​អន្តរជាតិ​ ស្តី​ពី​ការជួញ​ដូរ​សរីរាង្គ​ នៅ​បុរី​វ៉ាទីកង់។ តំណាង​ភាគី​ចិន បាន​អះអាង​ថា ប្រទេស​ចិន​ធំ មាន​ប្រជាជន​ច្រើន​ វា​អាច​មាន​ការ​រំលោភ​ច្បាប់ តែ​អាជ្ញាធរ​ប៉េកាំង មិន​អនុគ្រោះ​ទាល់​តែ​សោះ និង​ដាក់​ទោស​យ៉ាង​ធ្ងន់ធ្ងរ​បំផុត លើ​រាល់​គ្រប់​ទម្រង់​នៃ​​ការ​ជួញ​ដូរ​សរីរាង្គ​។

ប៉ុន្តែ​អំណះអំណាង​ចិន មិន​បាន​ធ្វើ​ឱ្យ​ពិភពលោក​អ្នក​វេជ្ជសាស្ត្រ​ស្ងប់​ចិត្ត​ទេ។ អ្នក​ឯកទេស​ជាតិ​អូស្ត្រាលី និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​សរីរាង្គ​នៅ​ចិន បាន​ចាត់​ទុក​វត្តមាន​របស់​ចិន​ថ្ងៃ​នេះ ថា​រំខាន​បំផុត។​ អ្នក​ឯកទេស​ផ្សេង​ទៀត ក្នុង​នោះ​ម្នាក់​ជា​គ្រូពេទ្យ​វះកាត់​ចិនផង បាន​សរសេរ​លិខិត​មួយ ប្រាប់​អំពី​ភាព​អាសន្ន​ឃើញ​វត្តមាន​ចិន​នៅ​ក្នុង​សិក្ខាសាលា​​ទៅ​កាន់​រាជបណ្ឌិត​សភា​វ៉ាទីកង់ថា ទោះ​បី​អង្គការ​អន្តរជាតិ​អញ្ជើញ​​ដោយ​ប្រយោល​ក្តី ក៏​ចិន​អាចប្រើ​ជា​ប្រយោជន៍សម្រាប់​​​​បំប៉ោង​ឃោសនា​ លម្អ​ប្រព័ន្ធ​កាត់​ប្តូរ​សរីរាង្គរបស់​ខ្លួន​បាន​ដែរ។

ជា​ចម្លើយ​តប វ៉ាទីកង់បាន​ពន្យល់​បំភ្លឺ​ថា​អញ្ជើញ​ចិន​ក្នុង​នាម​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក មិន​មែន​ក្នុង​ន័យ​នយោបាយ​និង​សាសនា​ទេ។

សូម​បញ្ជាក់​ថា​ចិន​និង​វ៉ាទីកង់ គ្មាន​ទំនាក់ទំនង​ការទូត​នឹង​គ្នា​តាំង​ពី​ឆ្នាំ​១៩៥១​មក ប៉ុន្តែ​បុរី​វ៉ាទីកង់​របស់​សម្តេច​ប៉ាប ហ្វ្រង់ស័រ បាន​ប្រឹង​ខិត​ទៅ​រក​រដ្ឋាភិបាល​ប៉េកាំង ដោយ​សង្ឃឹម​ថា​នឹង​អាច​ភ្ជាប់​ខ្លួន​ទៅ​នឹង​ពលរដ្ឋ​ចិន​កាន់​សាសនា​គ្រិស្ត​ជាង​១២​លាន​នាក់។ សម្តេចប៉ាប ហ្វ្រង់ស័រ ក៏​ធ្លាប់​បរិហារ​ឥត​ដាច់ ការ​ជួញ​ដូរ​សរីរាង្គ ដោយ​ចាត់​ទុក​ជំនួញ​មួយ​នេះ ថា​ទាសភាព​បែប​ថ្មី។ នៅ​ក្នុង​របាយការណ៍​មួយ ចុះ​ផ្សាយ​ការ​ពី​កក្កដា​២០១៦ បាន​ប៉ាន់​ស្មាន​ថា មាន​ការ​វះកាត់​ប្តូរ​សរីរាង្គ ប្រមាណ​ពី ៦​ម៉ឺន ទៅ​១០​ម៉ឺន​ករណី​ក្នុង​មួយ​ឆ្នាំៗ ហើយភាគ​ច្រើន​ដោយ​ខុសច្បាប់។

នៅ​ក្នុង​ប្រពៃណី​ចិន ទោះ​​ស្លាប់​ទៅក៏​​ត្រូវ​មាន​គ្រប់​សរីរាង្គ​ទាំង​អស់ !​ ដូច្នេះ​កម្រ​មាន​អ្នក​ធ្វើ​អំណោយ​ណាស់។ ការ​ប្តូរ​សរីរាង្គ ច្រើន​តែ​មក​ពី​អ្នក​ទោស​ប្រហារ​ជីវិត ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រុមគ្រួសារ​និង​សាមីជន​ទេ! ជា​ផ្លូវការ​ អាជ្ញាធរ​ចិន​លែង​ធ្វើ​បែប​នេះតាំង​ពីខែ​មករា​ ​២០១៥​មក តែ​ការ​សង្ស័យ​នៅ​តែ​មិន​អស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ