អានតួអត្ថបទ
អាមេរិក-អាស៊ី

ប្រមុខការទូតអាមេរិក​ចាប់ផ្តើម​ទស្សនកិច្ច​នៅ​អាស៊ី ប្រឈម​ការគំរាម​ពី​កូរ៉េខាងជើង​

ប្រមុខការទូត​អាមេរិក លោក​Rex Tillerson
ប្រមុខការទូត​អាមេរិក លោក​Rex Tillerson REUTERS/Daniel Kramer/File Photo

ពី​ថ្ងៃពុធ​១៥មីនា​​ រហូត​ដល់​ថ្ងៃ​អាទិត្យ​១៩មីនា​ ​ប្រមុខ​ការទូត​ថ្មី​នៃ​សហរដ្ឋ​អាមេរិក លោក​រិច ធីលឡឺសាន់ Rex Tillerson បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុ​ន កូរ៉េខាងត្បូង ​និង​ចិន។ ទិសដៅ​ចំបង​គឺ​ដើម្បី​រក​វិធី​កុំអោយ​កូរ៉េខាងជើង​អាច​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​ក្នុង​តំបន់។ ថ្ងៃអង្គារ​១៤មីនា​​​នេះ ក្រុងព្យុងយ៉ាង​បាន​ព្រមាន​ថា​នឹង​វាយ​ប្រហារ​អាមេរិក​​​ឥត​ប្រណី​​ដៃ​ឡើយ ប្រសិន​បើ​អាមេរិក​ប៉ះពាល់​ដល់​ភាព​ថ្លៃថ្នូរ​​​របស់​កូរ៉េខាងជើង។ 

ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​របស់​​​ប្រមុខការទូត​អាមេរិក រិច ធីលឡឺសាន់​ នៅ​អាស៊ី ​សប្តាហ៍​នេះ ​មានសារៈ​​សំខាន់​ណាស់ សម្រាប់​រដ្ឋាភិបាល​​ប្រធានាធិបតី​ដូណាល់​ ត្រាំ ដែល​កំពុង​ប្រឈម​​​ការគំរាម​កំហែង​នុយក្លេអ៊ែរ​ពី​​កូរ៉េខាងជើង។ ប្រមុខការទូត​អាមេរិក​​នឹង​​​ចាប់ផ្តើម​ទស្សនកិច្ចនៅ​ជប៉ុន​មុនគេ រួច​បន្ត​ទៅ​កូរ៉េខាងត្បូង មុន​នឹង​បញ្ចប់​ដំណើរ​នៅ​ចិន។

ប្រឈម​ការគំរាម​ពី​កូរ៉េខាងជើង ទ័ពអាមេរិក​និង​ជប៉ុន​ទើប​នឺង​បាន​ធ្វើ​សមយុទ្ធជើងទឺក​​រួមគ្នា​ កាលពី​សប្តាហ៍​មុន​ប៉ុណ្ណោះ។ អាមេរិក​និង​ជប៉ុន​ដឹងថា ដែនដី​ខ្លួនជា​ផ្ទាំងស៊ីប​របស់​ក្រុងព្យុងយ៉ាង​ច្បាស់ណាស់។ ​សម្រាប់​​ទស្សនកិច្ច​នៅ​ក្រុងសេអ៊ូល​​ ប្រមុខការទូត​ធីលឡឺសាន់​​នឹង​ជួប​ប្រធានាធិបតី​ស្តីទីកូរ៉េខាងត្បូង លោក​វ៉ាំង ក្យូអាន់ ​និងរដ្ឋមន្ត្រី​ការ​បរទេស​ យុង ប្យុនសឺ ព្រោះថា លោកស្រី​ប៉ាក់ គុនហេ ត្រូវបាន​ដកហូត​តំណែង​ហើយ។ ​

ការ​បិទ​បញ្ចប់​​ទស្សនកិច្ច​នៅចិន ​ជា​ដំណាក់កាល​សំខាន់​ជាងគេ។ អាមេរិក​មិនអាច​មើលរំលង​ចិន​​ទេ ត្បិតថា លោកត្រាំ​ធ្លាប់​រិះគន់​ចិន​កន្លងមកក៏ដោយ​។ ចិន​ជា​សម្ព័ន្ធមិត្ត​របស់​​កូរ៉េខាងជើង។ ប៉ុន្មានខែ​ចុងក្រោយ​នេះ ​ចិន​បាន​បង្ហាញ​បំណង​ល្អ ដោយបាន​ដំឡើង​សម្លេង​ដាក់​កូរ៉េខាងជើង​។ ចិន​ធ្លាប់​ស្នើ​ការ​សម្របសម្រួល​​មួយ​ ដោយ​អោយ​កូរ៉េខាងជើង​ព្យួរកម្មវិធី​នុយក្លេអ៊ែរ ហើយ​ជាថ្នូរ​​ អាមេរិ​កនិង​កូរ៉េខាងត្បូង​ត្រូវ​ឈប់ធ្វើ​សមយុទ្ធ​រួមគ្នាតទៅទៀត។ តែ​សប្តាហ៍​មុននេះ អាមេរិក​បាន​បដិសេធ​​សំណើ​របស់​​ចិន។ ​មិនដឹងថា រដ្ឋមន្ត្រី​ការបរទេស​ធីលឡឺសាន់ ត្រូវ​ជជែក​យ៉ាងណា​ជាមួយ​ចិន​ដើម្បី​រក​ដំណោះស្រាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើងទេ​ ព្រោះ​​អាមេរិក​ទើប​នឹង​ធ្វើអោយ​ចិន​ខឹងខ្លាំង​ ដោយសារ​តែ​បាន​ដាក់ពង្រាយ​ខែលមីស៊ីលប្រឆាំង​មីស៊ីល​​ នៅ​កូរ៉េខាងត្បូង​ កាលពីសប្តាហ៍​មុន។ លើសពីនេះ​ទៀត អាមេរិក​ទើប​ប្រកាស​ពង្រាយ​ដ្រូន​មីស៊ីល​នៅកូរ៉េខាងត្បូង​ថែមទៀត។

ជាមួយ​មធ្យោបាយ​យោធា​អាមេរិក​ដ៏គគ្រឺកគគ្រេង នៅអាស៊ី ចុងក្រោយ​នេះ ​បើ​អាមេរិក​មិនអាច​សម្រួល​កំហឹង​ចិនបាន ចិន​ក៏​ប្រហែល​ពិបាក​​មានចិត្ត​ជួយអាមេរិក​​ទៅ​ដំឡើងសម្លេង​ដាក់​កូរ៉េខាងជើង​ទៀតដែរ។ ថ្ងៃ​អង្គារនេះ​​​ ក្រុងព្យុងយ៉ាងទើប​នឺង​​ព្រមានវាយប្រហារ​អាមេរិក​​ដោយ​ឥតសំចៃ​​​​ ករណី​​អាមេរិក​ហ៊ាន​​ប៉ះពាល់​ដល់​ភាព​ថ្លៃថ្នូរ​របស់​កូរ៉េខាងជើង។ ក្រុងព្យុងយ៉ាង​យល់ថា​​ ការមកដល់​នៃ​​បណ្តា​​​នាវា​ផ្ទុកយន្តហោះ​អាមេរិក ក្នុង​តំបន់​ គឺ​ជាការ​ឃុបខិត​​ដើម្បី​វាយប្រហារ​កូរ៉េខាងជើង។ ​​កូរ៉េខាងជើង​ បានលើកឡើង​ដែរ​​ថា​ គ្រាន់តែ​ថ្ងៃ​១១មីនាតែ​មួយថ្ងៃ​ប៉ុណ្ណោះ​ មាន​​យន្តហោះសត្រូវ​​ច្រើនគ្រឿង​បាន​ហោះ​ក្បែរ​ដែន​អាកាស​របស់​កូរ៉េខាងជើង៕  ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ