អានតួអត្ថបទ

អឺរ៉ុប​បដិសេធ​​សេចក្តីថ្លែងការណ៍​រួមស្តីពី​ពាណិជ្ជកម្មក្នុងវេទិកា​ “ខ្សែក្រវាត់​មួយ ផ្លូវមួយ”​ របស់​ចិន

លោក ស៊ីជីនពីង ថ្លែង​សុន្ទរកថា​ពេលជួបជុំ​ហូប​អាហារ​នា​ឱកា​ស​បើក​វេទិកា​ខ្សែក្រវាត់​មួយ ផ្លូវមួយ
លោក ស៊ីជីនពីង ថ្លែង​សុន្ទរកថា​ពេលជួបជុំ​ហូប​អាហារ​នា​ឱកា​ស​បើក​វេទិកា​ខ្សែក្រវាត់​មួយ ផ្លូវមួយ REUTERS/Damir Sagolj

វេទិកា​អន្តរជាតិ “ខ្សែក្រវាត់​មួយ ផ្លូវមួយ” ដែល​ផ្តួចផ្តើម​រៀប​ចំ​ឡើង​នៅក្រុង​ប៉េកាំង​រយៈ​​ពេល​ពីរ​ថ្ងៃ​ (អាទិត្យ​និង​ចន្ទ)​នេះ ជា​ឱកាស​មួយ​ដែល​លោក​ប្រធានាធិបតី​ចិន ស៊ីជិនពីង បាន​បង្ហាញ​ខ្លួន​ថា​ចិន​ជា​រនាំង​ទប់​ស្កាត់​នឹង​នយោបាយ​ការពារ​ប្រយោជន៍​ឯង​។ ប៉ុន្តែ​លទ្ធផល​នៃ​ជំនួប​កំពូល​នេះ​ទំនង​ជា​មិន​សូវ​ចែង​ចាំង​ខ្លាំង​ឡើយ ដោយ​តំណាង​ភាគី​អឺរ៉ុប​ជា​ច្រើន បាន​ធ្វើ​ពហិការ​មិន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​​ស្នើ​ឡើង​ដោយ​ចិន​ឡើយ។

ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូល​ “​ខ្សែក្រវាត់​មួយ ផ្លូវមួយ” បាន​ប្រមូល​ផ្តុំ​ប្រមុខ​រដ្ឋ​និង​រដ្ឋាភិបាល​​ប្រមាណ​ជិត​៣០​ប្រទេស។ វេទិកា​ ដែល​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ល្ងាច​នេះ គ្រោង​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​រួម បង្ហើយ​​ជា​ច្រើន​ ទាក់ទង​នឹងការ​ផ្តល់​ហិរញ្ញវត្ថុ ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​ និង​​វិស័យ​ពាណិជ្ជកម្ម រវាង​ចិន​និង​ក្រុម​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ដូច​ជា​ អាល្លឺម៉ង់ បារាំង អេស្តូនី ក្រិក ព័រទុយហ្កាល់ និង​អង់គ្លេស។

ប៉ុន្តែ​អឺរ៉ុប ដែលមាន​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​នៃ​រដ្ឋ​ជា​សមាជិក​តិច​តួច​បំផុត​​ចូល​រួម​ក្នុង​ជំនួប​នេះ (លើក​លែង​តែ អេស្ប៉ាញ អ៊ីតាលី ក្រិក ប៉ូឡូញ ហុងគ្រី និង​សាធារណរដ្ឋ​ឆែក)​ ​ បាន​សម្រេច​ចិត្ត​ជា​សមូហភាព​មិន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​នោះ​ទេ ព្រោះ​ពួកគេ​យល់​ថា ខ្លឹមសារ​អត្ថបទ​មិន​បាន​ចែង​អំពី​ចំណុច​ព្រួយ​បារម្ភ​របស់​អឺរ៉ុប ដែល​ចង់​បាន​តម្លាភាព​នៃ​ទីផ្សារ​សាធារណៈ ឬ​បទដ្ឋាន​សង្គម​ និង​បរិស្ថាន​។

បើ​តាម​ប្រភព​ដដែល ឯកសារ​ថ្មី​នេះ​មាន​លក្ខណៈ​អន់​ថយ​ជាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​មុនៗ​ដែល​ចិន​ធ្វើ​ជាមួយ​ដៃគូ​អឺរ៉ុប​ផ្សេង​ នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះទៅ​ទៀត។ តំណាង​អ្នក​ចរចា​ចិន បាន​ពន្យល់​ប្រាប់​ដៃ​គូ​អឺរ៉ុប​តាំង​ពី​សប្តាហ៍​ម្ល៉េះ​ថា គេ​មិន​អាច​កែប្រែ​សេចក្តី​ថ្លែងការណ៍​នោះ​បាន​ឡើយ​។

រដ្ឋមន្ត្រី​ក្រសួង​ពានិជ្ជកម្ម​អាល្លឺម៉ង់ បាន​ធ្វើ​ដំណើរ​ទៅ​ប៉េកាំង​ដើម្បី​ទាមទារ​ឱ្យ​ចិន​ធានា​បើក​ទីផ្សារ​សេរី​និង​មាន​សមភាព​។ ចំណែក​បារាំង ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​បាន​សរសេរ​លិខិត​មួយ​ជូន​លោក​ស៊ីជីនពីង​ ថា​បារាំង​ត្រូវ​ការ​មាន​ទំនាក់ទំនង​ធូរ​ស្បើយ​និង​ទុកចិត្ត​គ្នា​ជាមួយចិន។​​

ប៉េកាំង​បាន​រៀប​ចំ​វេទិកា​អន្តរជាតិ “​ខ្សែក្រវាត់​មួយ ផ្លូវមួយ​”  និង​ចំណាយ​វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់​​គម្រោង​នេះ​​ឡើង​ ក៏​ព្រោះ​តែ​ចង់​​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​គ្រប់​ប្រទេស​នៅលើ​ពិភពលោក ​ពីអាស៊ី​ទៅ​អឺរ៉ុប និង​ទៅ​អាហ្វ្រិក។ ប៉ុន្តែ​ប្រទេស​ខ្លះ​សង្ស័យ​ថា គម្រោង​ផ្លូវ​ថ្មី​​នេះឬ​គម្រោង​​សកលភាវូបនីកម្ម​បែប​ចិននេះ ជា​ឧបករណ៍​សម្រាប់​​បំរើ​ឱ្យជា​បឋម​តែ​​ប្រយោជន៍​នាំ​ចេញ​ចិន​ម្នាក់​ឯង​តែ​ប៉ុណ្ណោះ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ