អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីតាលី៖ជំនួបកំពូល G៧​ គ្របដណ្តប់​ដោយ​ជំហរ​ស្រពិចស្រពិល​របស់​លោក​ដូណាល់ ត្រាំ​

សំឡេង ០៦:១១
អ៊ីតាលី៖ជំនួបកំពូល G៧​ គ្របដណ្តប់​ដោយ​ជំហរ​ស្រពិចស្រពិល​របស់​លោក​ដូណាល់ ត្រាំ​
អ៊ីតាលី៖ជំនួបកំពូល G៧​ គ្របដណ្តប់​ដោយ​ជំហរ​ស្រពិចស្រពិល​របស់​លោក​ដូណាល់ ត្រាំ​ Reuters

នៅ​ថ្ងៃ​សុក្រ ទី២៦ ឧសភា​នេះ ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ក្នុង​លោក​ហៅ​កាត់​ថា G៧ បាន​ផ្តើម​ជំនួបកំពូល​រយៈពេល ២ថ្ងៃ​ក្នុង​ប្រទេស​អ៊ីតាលី។ ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ មាន​ជប៉ុន អាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និង​ប្រទេស​កាណាដា។ គួរ​រម្លឹក​ជូន​ថា​តាម​ធម្មតា មាន​ប្រទេស​រុស្ស៊ី​មួយ​ទៀត តែ​រស្ស៊ី​ត្រូវ​បាន​គេ​ព្យួរ​ជើង​កាល​ពី​ឆ្នាំ ២០១៤ ដោយសារ​តែ​រុស្ស៊ី​បាន​ក្រសោក​យក​ដែនដី​គ្រីមេ​របស់​ប្រទេស​អ៊ុយក្រែន។ តែ​លក្ខណៈពិសេស​នៃ​ជំនួបកំពូល G៧​ឆ្នាំ ២០១៧ នេះ គឺ​ការ​ចូលរួម​ជា​លើកទី១ របស់​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May។

ផ្សាយពាណិជ្ជកម្ម

មាន​ប្រធានបទ​សំខាន់ៗ​ចំនួន ៣ ដែល G៧ លើក​យក​ទៅ​ជជែក ទី១ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ភេរវនិយម ទី២ ពាណិជ្ជកម្ម​អន្តរជាតិ និង​ទី៣ បញ្ហា​អាកាសធាតុ​ដែល​ត្រូវ​បន្ត​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស COP២១ កាល​ពី​ឆ្នាំ ២០១៥។ បន្ទាប់​មក​នៅ​មាន​ប្រធានបទ​សំខាន់​បន្ទាប់បន្សំ​ជា​ច្រើន​ផ្សេង​ទៀត ដូច​យ៉ាង​បញ្ហា​ជនអន្តោប្រវេសន៍​ក្នុង​ទ្វីបអឺរ៉ុប បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ឬ​មួយ​ក៏​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិនខាងត្បូង​ជា​ដើម។

លក្ខណៈពិសេស​នៃ​ជំនួបកំពូល G៧ ឆ្នាំ​នេះ គឺ​​ការ​ចូលរួម​ជា​លើកទី១ របស់​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May។ អ៊ីចឹង​ហើយ​បាន​ជា​សមាជិក​ផ្សេង​ទៀត​កំពុង​ចង់​ដឹង​ពី​ជំហរ​របស់​មេដឹកនាំ​ទើប​ជាប់ឆ្នោត​ថ្មី​ទាក់ទង​នឹង​សំណុំរឿង​អាទិភាព​មួយ​ចំនួន។ តាម​កម្មវិធី​គ្រោង​ទុក​នៅ​ថ្ងៃ​សុក្រ ទី២៦ ឧសភា​នេះ G៧ បើក​កិច្ចប្រជុំ​រវាង​សមាជិក​គ្នា​ឯង​ទាំង ៧ប្រទេស ដោយ​ជជែក​លើ​សំណុំរឿង​អន្តរជាតិ​ក្តៅៗ​សព្វថ្ងៃ បន្ទាប់​នៅ​ថ្ងៃ​សៅរ៍ ទី២៧ ឧសភា G៧ នឹង​រួម​ប្រជុំ​ជាមួយ​៥ប្រទេស​ក្នុង​តំបន់​មាន​អេត្យូពី កេនញ៉ា នីហ្សេ នីហ្សេរីយ៉ា និង​ប្រទេស​ទុយនីស៊ី។

បញ្ហា​អាកាសធាតុ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ជា​ប្រធានបទ​ស្មុគស្មាញ

កំណត់​សម្គាល់​នៅ​ក្នុង​ជំនួបកំពូល G៧ ឆ្នាំ​នេះ គឺ​ការ​ដែល​សមាជិក​ផ្សេង​ទៀត​កំពុង​រង់ចាំ​ជំហរ​របស់​លោក​ដូណាល់ ត្រាំ​នៅ​ក្នុង​សំណុំរឿង​អាកាសធាតុ និង​ពាណិជ្ជកម្ម​អន្តរជាតិ។ មូលហេតុ​មក​ពី​អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​មិន​បាន​យល់​ឃើញ​ដូច​សមាជិក​ផ្សេង​ទៀត និង​ក៏​មិន​បាន​ឯកភាព​ដូច​អាមេរិក​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា ពិសេស​លើ​បញ្ហា​អាកាសធាតុ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស COP២១ អនុម័ត​ក្នុង​ឆ្នាំ ២០១៥។ លោក​ដូណាល់ ត្រាំ​បាន​និយាយ​តាំង​ពី​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត រហូត​មក​ដល់​សព្វថ្ងៃ​ក្នុង​នាម​ជា​ប្រធានាធិបតី​ថា អាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី COP២១ ដែល​លោក​អូបាម៉ា​បាន​ចុះ​ហត្ថលេខា។

រដ្ឋបាល​អាមេរិកាំង​បន្ត​ផ្លុំ​ខ្សល់​ត្រជាក់​ផង និង​ក្តៅ​ផង​លើ​កិច្ចព្រមព្រៀង​ស្តីពី​បញ្ហា​អាកាសធាតុ​ជា​ប្រវត្តិសាស្រ្ត​របស់​ពិភពលោក​មួយ​នេះ។ ចំណែក​រូប​លោក​ត្រាំ​ក៏​មិន​បាន​លាក់បាំង​ពី​បំណង​របស់​លោក​ក្នុង​ការ​ដក​ខ្លួន​ចេញ​កិច្ចព្រមព្រៀង​ជា​ស្ថាពរ​ដែរ។ ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ដូណាល់ ត្រាំ​បាន​និយាយ​ត្រង់ៗ​ដោយ​មិន​លាក់លៀម​ថា COP២១ ជា​ឆ្អឹង​ទទឹង​ក​សម្រាប់​កំណើន​សេដ្ឋកិច្ច​អាមេរិក និង​ជា​ប្រភព​នៃ​កំណើន​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​នៅ​អាមេរិក។ រូប​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​ត្រាំ​ដដែល​បាន​បញ្ជាក់​ថា អាមេរិក​មិនមែន​មិន​បាន​គិតគូរ​ពី​បញ្ហា​អាកាសធាតុ​ទេ តែ​កំពុង​មើល​ថា តើ​ត្រូវ​ជ្រើសរើស​ផ្លូវ​មួយ​ណា​សម្រាប់​បរិស្ថាន​ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​សេដ្ឋកិច្ច​អាមេរិកាំង។

ទាក់ទង​នឹង​ពាណិជ្ជកម្ម​អន្តរជាតិ​ជាមួយ​នឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​វិញ​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​មើល​ឃើញ​ថា អាមេរិក​ជា​ខាតបង់​ខ្លាំង ព្រោះ​ជា​ការ​ដោះដូរ​ពាណិជ្ជកម្ម​មិន​ស្មើ​ភាព។ លោក​ត្រាំ​បាន​មើល​ឃើញ​ថា មាន​តែ​ចាត់​វិធានការ​ការពារ និង​ជួយ​ខ្លួន​ឯង​ទេ​ទើប​អាមេរិក​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​អាច​កាត់​បន្ថយ​អ្នក​អត់​ការងារ​ធ្វើ​បាន។ តែ​ក្រុម​ប្រទេស​ដៃគូ​បាន​ប្រឆាំង​លើ​ចំណាត់ការ​របស់​លោក​ដូណាល់ ត្រាំ​ដែល​គេ​ហៅ​ថា ជា​វិធានការ​អាត្មានិយម​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន។

ក្តីសង្ឃឹម​តិចតួច​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម

លទ្ធផល​ដែល​គ្រប់​គ្នា​ទន្ទឹង​រង់ចាំ​នៅ​ក្នុង​ជំនួបកំពូល G៧ រយៈ​ពីរ​ថ្ងៃ​ក្នុង​ប្រទេស​អ៊ីតាលី​អាច​នឹង​មាន​ស្តួចស្តើង ព្រោះ​ថា មាន​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ដែល​លោក​ត្រាំ​ចង់​ពិនិត្យ​សើរើ​មើល​ឡើង​វិញ​ជាមួយ​ប្រទេស​ដៃគូ ពិសេស​នៅ​ក្នុង​រង្វង់​សមាជិក G៧។ ជាក់ស្តែង​នៅ​ក្នុង​សំណុំរឿង​អាកាសធាតុ ពិសេស​លើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស កិច្ចប្រជុំ G៧ រយៈពេល ២ថ្ងៃ​ប្រហែល​ជា​មិន​ទាន់​អាច​ដឹង​ពី​ជំហរ​យ៉ាង​ណា​របស់​លោក​ដូណាល់ ត្រាំ​នៅ​ឡើយ​ទេ​ថា តើ​លោក​នឹង​ដក ឬ​មិន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ ព្រោះ​ថា លោក​ត្រាំ​នឹង​សម្រេច​ចិត្ត​នៅ​ពេល​ដែល​លោក​ត្រឡប់​ទៅ​អាមេរិក​វិញ។

ដូច្នេះ​ឃើញ​ថា ប្រធានបទ​រសើប​មួយ​នេះ​នឹង​នៅ​បន្ត​វិលវល់​នា​ឱកាស​ជំនួបកំពូល G៧។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី សមាជិក ៦ប្រទេស​ទៀត​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​រង់ចាំ​ការ​សម្រេច​របស់​លោក​ដូណាល់ ត្រាំ និង​បន្ត​ឲ្យ​សារៈសំខាន់​លើ​កិច្ចព្រមព្រៀង​នោះ។ ពិត​ណាស់ ជំហរ​របស់​លោក​ដូណាល់ ត្រាំ​បាន​ធ្វើ​ឲ្យ​សមាជិក​ផ្សេង​មិន​សប្បាយចិត្ត តែ​ស្រប​គ្នា​នេះ សមាជិក​ទាំង ៦ប្រទេស​នឹង​ព្យាយាម​បង្ហាញ​ជំហរ​រួម​គ្នា​ដោយ​ធ្វើ​យ៉ាង​ចៀសវាង​ការ​ប្រេះឆា​ផ្ទៃក្នុង​ដែល​បង្ហាញ​ពី​ការ​រួមកម្លាំង​រវាង សមាជិក ៦ប្រទេស​ប្រឆាំង​នឹង​សមាជិក ទី៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ