អានតួអត្ថបទ
ហ្វលីពីន-ហ្វេសប៊ុក

ហ្វីលីពីន​ទាមទារ​ឲ្យ​Facebook បិទខ្ទប់ គណនី​របស់​ពួកជីហាត

បណ្តាញ​សង្គម​ហ្វេសប៊ុក​មាន​ប្រើប្រាស់​ប្រមាណ​២ពាន់​លាន​នាក់ នៅក្នុង​ពិភពលោក
បណ្តាញ​សង្គម​ហ្វេសប៊ុក​មាន​ប្រើប្រាស់​ប្រមាណ​២ពាន់​លាន​នាក់ នៅក្នុង​ពិភពលោក ©REUTERS/Dado Ruvic/Illustration/File Photo

ពួក​ជីហាត​កំពុង​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ជាមធ្យោបាយ​​ផ្សព្វផ្សាយ ឃោសនា​អូសទាញ​អ្នកគាំទ្រ​ខ្លួន នៅ​ហ្វីលីពីន។ នេះ​បើតាម​ការបញ្ជាក់​របស់​កងទ័ព​ហ្វីលីពីន ដែល​បាន​ស្នើ​សុំ នៅ​ថ្ងៃ​សុក្រនេះ ​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក នៅហ្វីលីពីន​ឲ្យ​ចាត់វិធាន​បិទ​ជា​បន្ទាន់​គណនី​ក្លែងបន្លំ របស់​ពួកជីហាត។

ផ្សាយពាណិជ្ជកម្ម

នាយកដ្ឋាន​កងទ័ព ទទួល​បន្ទុក​ផ្នែក​បណ្តាញ​សង្គម​នៅ​ហ្វីលីពីន​ បាន​រាប់ រកឃើញ​មាន​គណនី​ហ្វេសប៊ុក ជាច្រើន បង្កើតឡើង ​ដោយ​​ក្រុមជីហាត ដែល​បាន​បើក​ការវាយប្រហារ ចូលលុកលុយ​​ ទីក្រុង​ម៉ារ៉ាវី របស់​កោះមីនដាណាវ​។ ពីរសប្តាហ៍​មកហើយ​ ​កងទ័ព​រដ្ឋាភិបាល កំពុង​ប្រយុទ្ធ​បណ្តេញ​​​ពួកឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម Maute ដែល​បាន​ភ្ជាប់ខ្លួន​ទៅ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ប្រទេស​ស៊ីរី។ ការប្រយុទ្ធគ្នា ដ៏ហិង្សា បាន​សម្លាប់​មនុស្ស​ជាង ២០០​នាក់ ដែលនៅក្នុង​នោះ ១៣៨​នាក់ ជាពួកឧទ្ទាម ​៤០​នាក់​ជា​ទាហាន​រដ្ឋាភិបាល និង​ជនស៊ីវិល​ប្រមាណ ២០​នាក់។

 
​គណនី​ហ្វេសប៊ុក ប្រមាណ​៦៣ របស់​ពួកជីហាត ហើយ​និង​អ្នកមាន​សមាន​ចិត្ត​ទៅលើ​ក្រុមនេះ កំពុង​មាន​សកម្មភាព​មមាញឹក ឃោសនា​ ផ្សព្វផ្សាយ​ព័ត៌មានមិនពិត ព័ត៌មាន​ រូបភាព​​អាក្រក់ៗ ដើម្បី​បំភិត​បំភ័យ​មតិ​មហាជន​ហ្វីលីពីន។ នេះ​បើតាម​ការថ្លែង​របស់​អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ​ហ្វីលីពីន។

នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​សុក្រនេះ នៅទីក្រុង​ម៉ារ៉ាវី អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​ហ្វីលីពីន​បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​ហ្វីលីពីន ចាត់​វិធានការ​ចាំបាច់ ដើម្បី​បិទ​គណនី​របស់​ពួកជីហាត​ ដែលកំពុង​ប្រយុទ្ធ​តដៃ​នឹង​កងទ័ព​រដ្ឋាភិបាល​ ​នៅទីក្រុង​ម៉ារ៉ាវី។ ហ្វេសប៊ុក​នៅ​ហ្វីលីពីន​មិនទាន់​បាន​ឆ្លើយតប​នឹង​ការទាមទារ​របស់​អាជ្ញាធរ​ហ្វីលីពីន​នៅឡើយទេ។

ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ដែល​បាន​ប្រកាស​បង្កើត​រដ្ឋកាលីហ្វា នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ បាន​ប្រើ​បណ្តាញ​សង្គម នៅលើ​អ៊ីនធ័រនែត ដើម្បីផ្សព្វផ្សាយ​អំពើព្រៃផ្សៃ​ និង​មនោគម​វិជ្ជា​អូសទាញ​របស់ខ្លួន។ ​គេ​វាយម្លៃថា សមាជិក​ប្រយុទ្ធ​របស់​ក្រុមជីហាត​ជាច្រើន​នាក់ មក​ពី​អឺរ៉ុប អាស៊ី ត្រូវ​បាន​រើសបញ្ចូល តាមរយៈ​បណ្តាញ​សង្គម​នេះឯង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ