អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​ខួប​​៦៤ឆ្នាំ​​​នៃ​​​ការ​បញ្ចប់​​សង្គ្រាម​​កូរ៉េ​ អាមេរិក​​បារម្ភ​ខ្លាច​​កូរ៉េខាងជើង​​បាញ់​​មីស៊ីល​​ជាថ្មីទៀត​​

មេដឺកនាំ​កូរ៉េខាងជើង លោក​គឺម ជុងអ៊ុន ​
មេដឺកនាំ​កូរ៉េខាងជើង លោក​គឺម ជុងអ៊ុន ​ Reuters

ថ្ងៃ​ព្រហស្បតិ៍ ​២៧កក្កដានេះ កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​ប្រារព្ធ​​ថ្ងៃ​ខួប៦៤ឆ្នាំ​​នៃ​ការបញ្ចប់​សង្គ្រាម​កូរ៉េ។ ​កូរ៉េខាងជើង​​​​​ប្រារព្ធខួប​នេះ ដោយ​បានចាត់ទុក​ខ្លួនថា ជា​ប្រទេស​មហា​អំណាច​​នុយក្លេអ៊ែរ​ពិតប្រាកដ។ ​សហរដ្ឋ​អាមេរិ​ក​​​​បារម្ភ​​ថា កូរ៉េខាងជើង​អាច​បាញ់​មីស៊ីល​អន្តរទ្វីប​​ជាថ្មីទៀត នៅថ្ងៃ​​ខួប​បញ្ចប់​សង្គ្រាម​កូរ៉េនេះ។​

ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងជើងប្រារព្ធ​ខួប​៦៤ឆ្នាំ​នៃ​ការបញ្ចប់សង្គ្រាម​កូរ៉េ ដោយ​​​ចាត់ទុកខ្លួនឯង​ជា​​​​មហាអំណាច​​នុយក្លេអ៊ែរ​ពិតប្រាកដ ​​

កូរ៉េខាងជើង​​ហ៊ានអួតអាង​ដូច្នេះ ដោយសារ​តែ​​បានបាញ់​មីស៊ីល​អន្តរទ្វីបICBM​ ​ពេល​អាមេរិក​ប្រារព្ធ​ ​ថ្ងៃ​បុណ្យជាតិ​​ ៤កក្កដា កាលពី​ដើមខែ​នេះឯង។ ​មីស៊ីល​អន្តរទ្វីប​កូរ៉េខាងជើង​មួយនេះ​ ត្រូវបាន​អ្នក​ជំនាញ​​រំពឹង​ថា អាចបាញ់​ដល់​អាឡាស្កា ក្នុង​ទឹកដី​អាមេរិក។ ដោយសារ​ក្រុមជំនាញ​លើកឡើង​បន្តបន្ទាប់គ្នា ថា កូរ៉េខាងជើង​​មាន​ការរីកចំរើន​​នុយក្លេអ៊ែរ​នេះហើយ ទើប​ថ្ងៃខួប៦៤ឆ្នាំ នៃ​ការ​​​បិទបញ្ចប់​សង្គ្រាម​កូរ៉េ ក្រុងព្យុងយ៉ាង​​​មានមោទនភាព ​ហ៊ានរហូត​អះអាង​អួតទៅ​អាមេរិ​កថា គឺកូរ៉េខាងជើង​ឯណេះទេ​ទើបជា​មហា​អំណាច​នុយក្លេអ៊ែរពិតប្រាកដ ព្រោះ​មីស៊ីល​ក្រុងព្យុងយ៉ាង​អាច​បាញ់​ដល់​ដែនដី​អាមេរិក។ ក្រុងព្យុងយ៉ាងធ្លាប់​​អួតដែរ​ថា​ ​មីស៊ីល​ខ្លួនអាច​​បាញ់​បាន​នៅគ្រប់ទិសទី​​ទៀតផង។ ​ថ្មីៗនេះ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​​កូរ៉េខាងជើង​បាន​​ព្រមាន​​​អាមេរិក​ជាថ្មីទៀត​​ ថា​កុំអោយបន្ត​នយោបាយ​ប្រឆាំង​ក្រុង​ព្យុងយ៉ាង​​​អោយសោះ មិនដូច្នោះ​ទេ​ ក្រុងព្យុងយ៉ាង​​នឹង​វាយប្រហារ​អាមេរិក​ដោ​យអាវុធ​នុយក្លេអ៊ែរ​តែម្តង។​ កូរ៉េខាងជើង​គំរាម​ដូច្នេះ ដោយសារ​តែ​​ថ្មីៗនេះ​ដែរ ទីភ្នាក់ងារ​សេអ៊ីអា​ធ្វើអោយ​កូរ៉េខាងជើង​គិតថា អាមេរិក​ចង់​ទំលាក់​លោក​គឹម ជុងអ៊ុន​ពីអំណាច។ ​អាមេរិ​កផ្គើន​កូរ៉េខាងជើង​ដែរនោះ​ ដោយសារ​តែ​កូរ៉េខាងជើង​​​បានបាញ់​មីស៊ីល​អន្តរទ្វីប​កាលពីថ្ងៃ​បុណ្យជាតិ​អាមេរិក​នោះហើយ។

ប៉ុន្តែ អាមេរិក​​​បារម្ភ​ដែរថា កូរ៉េខាងជើង​អាចបាញ់​មីស៊ីល​ជាថ្មីទៀត ពិសេស​អាច​បាញ់​ថ្ងៃព្រហស្បតិ៍​នេះតែម្តង ព្រោះ​ជាថ្ងៃខួប​​​បញ្ចប់​សង្គ្រាម​កូរ៉េ។ ក្រោយក្រុងព្យុងយ៉ាង​​​បាញ់​មីស៊ីល​អន្តរទ្វីប​ថ្ងៃ៤កក្កដា អាមេរិក​និង​​កូរ៉េខាងត្បូង​ធ្លាប់​សង្ស័យទៀត​ថា កូរ៉េខាងជើង​កំពុង​ធ្វើសកម្មភាព​ត្រៀម​បាញ់​មីស៊ីល​ថ្មី​ទៀត។ កូរ៉េខាងត្បូង​ធ្លាប់​ចាប់បាន​សញ្ញា​ថា មានសកម្មភាព​​​រថយន្ត​ដឺក​សម្ភារ​ប្រើ​សម្រាប់បាញ់​មីស៊ីល នៅ​ភាគខាងលិច​កូរ៉េខាងជើង។ បើ​ក្រុងព្យុងយ៉ាង​បាញ់​មីស៊ីល​ជាថ្មីទៀត អាមេរិក​គិតថា វា​ជា​​ប្រភេទ​មីស៊ីលអន្តរទ្វីបICBM រឺ​ក៏​មីស៊ីល​បាញ់​បាន​ចំងាយ​​មធ្យម។

ទីបំផុត ​អាមេរិ​កដែលធ្លាប់​តែ​មើលស្រាល​សមត្ថភាព​នុយក្លេអ៊ែរ​ក្រុងព្យុងយ៉ាង ចាប់ផ្តើម​បារម្ភ ហើយ។ សង្គ្រា​មកូរ៉េបិទបញ្ចប់​ទៅហើយ​មែន តែ​បញ្ចប់​ដោយ​មា​នបទឈប់បាញ់​ ចុះថ្ងៃ​២៧​កក្កដា ឆ្នាំ​១៩៥៣​ប៉ុណ្ណោះ គ្មាន​សន្ធិសញ្ញា​សន្តិភាព​អ្វី ដែល​តំរូវដាច់ខាត​ទេ ដូច្នេះ ​​​កូរ៉េនៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រាម នៅតែ​អាច​មា​នសង្គ្រាម​ជាមួយ​គ្នា​​ជានិច្ច។ ដោយសារ​គ្មាន​សន្ធិសញ្ញា​សន្តិភាព​នេះហើយ ទើប​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង​​ថា​​ កូរ៉េខាងជើង​ជា​អ្នកឈ្នះ ក្រោយ​សង្គ្រាម​កូរ៉េ​បិទបញ្ចប់​ទៅនេះ។ ជាជោគជ័យ​របស់​កូរ៉ែខាងជើង។ ​​​កូរ៉េខាងជើងនិង​​​អាមេរិក​នៅតែ​តានតឹង​ខ្លាំងនឹងគ្នា/​ ​ល្ងាច​មិញ​នេះ មន្ត្រីមួយចំនួន​នៅ​មន្ទីរ​ប៉ង់តាហ្កូន​គិតរហូតថា​ លោក​ដូណាល់ ត្រាំ អាច​សរសេរ​តាម​ទ្វីតថឺ ​​ប្រកាស​សង្គ្រាម រឺ​​​ការវាយប្រហារ​ណាមួយ ទល់នឹង​កូរ៉េខាងជើង​​ទៀតផង។ ​

សូមបញ្ជាក់ដែរថា ចាប់ពីថ្ងៃ​២៧កក្កដា​នេះទៅ អាមេរិក​ហាមពលរដ្ឋ​ខ្លួន​អោយ​មិនអោយ​ទៅកំសាន្ត​នៅ​កូរ៉េខាងជើង​ទេ នេះជា​ទណ្ឌកម្ម​ហើយ​​ក៏ជា​ការផ្គើន​មួយ​របស់​អាមេរិក​ចំពោះ​កូរ៉េខាងជើង ចំថ្ងៃ​បុណ្យខួប​បញ្ចប់​សង្គ្រាម​កូរ៉េដែរ។ ហេតុនេះ​ហើយទើបអាមេរិ​កបារម្ភ​ថា​ថ្ងៃនេះ ​​កូរ៉េខាងជើង​បាញ់​មីស៊ីល​ជាថ្មីទៀត។ ​

ក្រុងព្យុងយ៉ាង​​មិនខ្វល់ខ្វាយ​ពី​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​វិស័យ​ទេសចរកូរ៉េខាងជើង​​​​​​​ទេ

ភ្ញៀវទេសចរ​ដែលមកលេង​កូរ៉េខាងជើង​​ឆ្នាំ២០១៦ មាន​ប្រមាណ​ជា​១សែននាក់ ក្នុង​នោះ​៩៥ភាគរយ​ជា​ទេសចរ​ជនជាតិ​ចិន។ អញ្ចឹង​មានន័យថា អ្នក​ទេសចរ​អាមេរិក​មិនមាន​ច្រើន​ទេ។ ​ប្រហែល​ដូច្នេះ​ហើយ ទើប​ក្រុងព្យុងយ៉ាងមិនខ្វល់​ពី​ទណ្ឌកម្ម​អាមេរិក​។ ទោះយ៉ាងនេះ​ក្តី អ្នកទេសចរ​អាមេរិក​ទៅ​កំសាន្ត​​កូរ៉េខាងជើង ឆ្នាំ​២០១៦​កន្លងទៅ មា​នជាង​១ពាន់នាក់​ដែរ។ ក្រុងព្យុងយ៉ាង​កំពុង​បើកទីផ្សារ​បន្តបន្ទាប់​ កំពុង​ធ្វើការ​ផ្សព្វផ្សាយ​ ​អោយ​អ្នកទេសចរ​លោកខាងលិច​មក​ទស្សនា​ទឹកដី​ខ្លួន។ មានទេសចរ​លោកខាងលិច​មក​លេង​កូរ៉េខាងជើង​៥ពាន់នាក់ដែរ ឆ្នាំមុននេះ។ ​ក្រុងព្យុងយ៉ាង​មាន​ទិសដៅ​ជំរុញ​អោយ​ភ្ញៀវទេសចរ​មកកំសាន្ត​កូរ៉េខាងជើង បាន​ឡើង​ដល់​ចំនួន​១លាននាក់ នៅ​សម្រាប់​ឆ្នាំ​២០១៧នេះ និង​២លាននាក់​សម្រាប់​ឆ្នាំ​២០២០។ ក្រុងព្យុងយ៉ាង​ថា​មិនខ្វល់​ពី​ទណ្ឌកម្ម​អាមេរិក រឺ​ក៏​ទណ្ឌកម្ម​អន្តរជាតិ​​សោះ​នោះ​ ​​ក៏​ពិបាក​ជឿ​១០០ភាគរយ​ដែរ។

កន្លងមក​ ឃើញថា​ លោក​គឹម ជុងអ៊ុន គិតតែ​អភិវឌ្ឍន៍​នុយក្លេអ៊ែរ ភ្លេចគិត​ពី​ភាពអត់ឃ្លាន​របស់​ប្រជាជន​ ភ្លេចគិត​ពី​​គ្រោះរាំងស្ងួត​ក្នុងស្រុក។ ​​ប៉ុន្តែ បើ​យោងតាម​ធនាគារ​កណ្តាល​របស់​កូរ៉េខាងត្បូង ​សេដ្ឋកិច្ច​កូរ៉េខាងជើង ​ឆ្នាំ២០១៦កន្លងទៅ​ មាន​ការកើន​ខ្ពស់គួរ​កត់សម្គាល់​ណាស់ គឺ​ក្នុង​តួលេខ​​​​៣,៩ភាគរយ ​មិនធ្លាប់​មាន​ទេ គិត​១៧ឆ្នាំចុងក្រោយ​នេះ។ កូរ៉េខាងជើងអាច​សម្រេច​​កំណើន​សេដ្ឋកិច្ចដូច្នេះ​ ​​​ដោយសារ​​​ការ​ផលិត​​​ផ្នែក​​ឧស្សាហកម្ម​ធុនធ្ងន់ ឧស្សាហកម្មគីមី និង​ការនាំចេញរ៉ែ​ទៅ​បរទេស។ រដ្ឋាភិបាល​កូរ៉េខាងជើង​មាន​នយោបាយ​សេរីភាវូបនីយកម្ម អនុគ្រោះ​សហគ្រាស​ក្រុមហ៊ុន​តូចៗ ដែល​រកស៊ី​ផ្នែក​ចំណីអាហារ និង​នាំ​ផលិតផល​ចូលមកពី​ចិន។ អញ្ចឹងហើយ ទើប​សេដ្ឋកិច្ច​កូរ៉េខាងជើង​អាច​ធនទ្រាំ ទប់ទល់​ទណ្ឌកម្ម​អន្តរជាតិ​បាន។

ដោយឡែក អាមេរិកតែង​ទូន្មាន​ពលរដ្ឋ​ខ្លួន​មិនអោយ​ទៅលេង​កូរ៉េខាងជើង មិនមែន​ដើម្បី​តែ​បិទខ្ទប់​ចំណូល​ថវិកា​ រារាំង​ការអភិវឌ្ឈន៍​មីស៊ីល​របស់​កូរ៉េខាងជើង​តែ​មួយមុខទេ។ អាមេរិក​បារម្ភ​ដែរ​ថា ​​កូរ៉េខាងជើងអាច​​ចាប់ខ្លួនអ្នកទេសចរ​អាមេរិក​ដោយ​ប្រកាស​ណាមួយ។ ជាក់ស្តែង ​កន្លងមក និស្សិត​អាមេរិក​មួយរូប ត្រូវបាន​​​ក្រុងព្យុងយ៉ាង​ដាក់ទោស​អោយ​ធ្វើ​ពលកម្ម​លត់ដំ​​១៥ឆ្នាំ ​​​តែ​ទទួល​ទោស​មិនបាន​មួយឆ្នាំ​ផង ​និស្សិត​អាមេរិកបាន​ធ្លាក់ខ្លួនឈឺសន្លប់​ ឈឺ​​រហូត​ស្លាប់។ ដោយឡែក ​បើ​អាមេរិក​ដាក់​ទណ្ឌកម្ម​ធ្ងន់​ប្រឆាំងសេដ្ឋកិច្ច​​កូរ៉េខាងជើង​ ក៏អាច​ប៉ះពាល់​ដល់ចិន​ដែរ ព្រោះ​ចិន​មា​នសហគ្រាស​ក្រុមហ៊ុន​រកស៊ី​នៅ​កូរ៉េខាងជើង។​ ​

​ដោយឡែក បញ្ហា​ប្រទាក់ក្រឡាគ្នា នៅ​ឧបទ្វីប​កូរ៉េ ​បែបយ៉ាង​​ការប្រឈម​រវាង​​កូរ៉េខាងជើង ​​​ទល់នឹង​អាមេរិក​បូករួម​ទាំង​​​កូរ៉េខាងត្បូងមិនបាន​ជួយបន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េទេ។​ ​លោក​មូន ចែអ៊ីន ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ ​បាន​​សុំចរចា​ជាមួយ​កូរ៉េខាងជើង​ជាផ្លូវការ​ក៏ពិតមែន តែ​លោក​នៅតែ​ព្យាយាម​បន្ត​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​អាមេរិក។ ​​សង្គ្រាម​កូរ៉េ​បាន​បញ្ចប់​ទៅហើយ​មែន​ តែ​​​​កូរ៉េខាងត្បូង​និង​អាមេរិក​​​​ធ្វើសមយុទ្ធ​យោធាជាមួយគ្នា ធ្វើអោយ​ក្រុងព្យុងយ៉ាង​យកលេស​ថា អាមេរិក​និង​កូរ៉េខាងត្បូង​ផ្គើន ចង់​ធ្វើការ​វាយលុក​កូរ៉េខាងជើង។ ដូច្នេះ​ កូរ៉េខាងជើង​មិនអាច​លុបចោល​​ការអភិវឌ្ឈន៍​មីស៊ីល រឺ​នុយក្លេអ៊ែរ​​របស់​ខ្លួនទេ។ អាមេរិក​ទៀតសោត ក៏​នៅតែ​ផ្គើន ដោយបាន​បញ្ជូន​ខែល​មីស៊ីល​ការពារ​មីស៊ីល​ទៅកូរ៉េខាងត្បូង ធ្វើអោយ​ចិនដែល​នៅក្បែរ​នោះ​ ​​មិនសប្បាយ​ចិត្ត​ដូចគ្នា​ដែរ។ ​គេ​មិនងាយ​ដោះស្រាយ​​បញ្ហា​​​តានតឹង​ឧបទ្វីប​កូរ៉េ​បានស្រួលៗ​ទេ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ