អានតួអត្ថបទ
ហ្វីលីពីន

ប៉ូលិស​ហ្វីលីពីន​បាញ់​សម្លាប់​ចៅហ្វាយក្រុង ដែល​ជាប់​សង្ស័យ​ពី​បទ​ជួញដូរ​គ្រឿងញៀន

ទាហាន​ហ្វីលីពីន​ចូលរួម​ក្នុង​យុទ្ធនាការ​បោសសម្អាត​ក្រុមជួញដូរ​គ្រឿងញៀន ដែល​ប្រកាស​ឡើង​ដោយ​លោក​ប្រធានាធិបតី​ឌុយទែរតេ
ទាហាន​ហ្វីលីពីន​ចូលរួម​ក្នុង​យុទ្ធនាការ​បោសសម្អាត​ក្រុមជួញដូរ​គ្រឿងញៀន ដែល​ប្រកាស​ឡើង​ដោយ​លោក​ប្រធានាធិបតី​ឌុយទែរតេ ©Reuters

ចៅហ្វាយក្រុង​ហ្វីលីពីន​ម្នាក់ ដែល​លោក​ប្រធានាធិបតី ឌុយទែរតេ​ធ្លាប់​ចោទ​សង្ស័យថា មាន​ជាប់​ទាក់ទង​ក្នុង​ការជួញដូរ​គ្រឿងញៀន នៅ​ហ្វីលីពីន ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់ នៅ​ថ្ងៃ​អាទិត្យនេះ។ តាម​ប៉ូលិស​ហ្វីលីពីន មនុស្ស​១១​នាក់​ផ្សេងទៀត ត្រូវ​បាន​បាញ់​សម្លាប់ ផងដែរ នៅក្នុង​ប្រតិបត្តិការ ចុះ​ឆែកឆេរ​របស់​ប៉ូលិស នៅ​ផ្ទះ​របស់​ចៅហ្វាយក្រុង។

ផ្សាយពាណិជ្ជកម្ម

ជា​ចៅហ្វាយ ក្រុង​ជាប់​មាត់សមុទ្រ Ozamiz ដែល​ស្ថិតនៅ​ភាគខាងត្បូង ហ្វីលីពីន លោក​Reynaldo Parojinog​ធ្លាប់​ត្រូវ​បាន​លោក​ប្រធានាធិបតី​ឌុយទែរតេ ប្រកាស​រាប់​ ចូល​​ក្នុង​បញ្ជីរ​ឈ្មោះ ក្រុម​មន្រ្តី​មូលដ្ឋាន ​ប៉ូលិស និង​ចៅក្រម ដែល​លោក​សង្ស័យថា មាន​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​ការជួញដូរ​គ្រឿងញៀន នៅ​ហ្វីលីពីន។ នៅ​ខែ​សីហា​ឆ្នាំមុន លោក​ប្រធានាធិបតី​ហ្វីលីពីន បាន​បង្ហាញ ជា​សាធារណៈ បញ្ជី​ឈ្មោះ​ក្រុម​មន្រ្តី ១៦០​នាក់ ដែល​ក្នុង​នោះ មាន​ផងដែរ លោក​Reynaldo Parojinog។ ចៅហ្វាយក្រុង Ozamiz​ដែល​កំពុង​ប្រឈម​នឹង​បទចោទ​ប្រកាន់​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​ដែរ​នោះ បាន​រុញច្រាន​ចោល​ការចោទ​ប្រកាន់ ជុំវិញ ការជួញដូរ​គ្រឿងញៀន។

 

តាម​ប៉ូលិស​ហ្វីលីពីន លោក​ចៅហ្វាយក្រុង​ Reynaldo Parojinog​បាន​ស្ថិតនៅ​ក្រោម​ការតាមដាន​របស់​ប៉ូលិស នៅបន្ទាប់​ពី​​លោក​ឌុយទែរតេ បង្ហាញ​បញ្ជីរ​ឈ្មោះ ក្រុមមន្រ្តី ដែល​ពាក់ព័ន្ធ​នឹងការជួញដូរ​គ្រឿងញៀន។ នៅ​ថ្ងៃ​អាទិត្យ ប៉ូលិស​ហ្វីលីពីន​បានទទួល​ដីកា​ចុះ​ឆែកឆេរ​ផ្ទះ​របស់​លោក ចៅហ្វាយក្រុង Reynaldo Parojinog ប៉ុន្តែ បើតាម​ប៉ូលិស អង្គរក្ស ទាហាន​ការពារ​ផ្ទះ​របស់​លោក​ចៅហ្វាយក្រុង​បាន​ចាប់ផ្តើម​បាញ់សាច រះ​លើ​ក្រុមប៉ូលិស ដែល​បាន​បាញ់​តបត និង​ទីបំផុត បាន​សម្លាប់​លោកចៅហ្វាយក្រុង និង​ភរិយា និង​មនុស្ស​១០​នាក់ផ្សេងទៀត។

 

លោក​ Reynaldo Parojinog​ជា​ចៅហ្វាយក្រុង​ទី​៣​របស់​ហ្វីលីពីន ដែល​ត្រូវ​បានប៉ូលិស​បាញ់​សម្លាប់ នៅក្នុង​យុទ្ធនារប្រឆាំង​គ្រឿងញៀន ដែល​បញ្ជារ​ឡើង ដោយ​លោក​ប្រធានាធិបតី ឌុយទែរតេ។ នៅ​ខែ​វិច្ឆិកា ចុងឆ្នាំមុន នៅក្នុង​ពន្ធនាគារ ប៉ូលិស​បាន​បាញ់​សម្លាប់​ចៅហ្វាយក្រុង​ម្នាក់ ដែល​ត្រូវ​ចាប់ខ្លួន ក្នុង​បទសង្ស័យ ពាក់ព័ន្ធនឹង​ក្រុមជួញដូរ​គ្រឿងញៀន។ នៅ​ដើម​ខែ​វិច្ឆិកា​ដដែល ប៉ូលិស​ហ្វីលីពីន បាន​បាញ់​សម្លាប់​ចៅហ្វាយក្រុង និង​អង្គរក្ស ដែល​គេ​សង្ស័យថា ចង់នាំ​ចូល​គ្រឿងញៀន ខុសច្បាប់។

 

លោក​ឌុយទែរតេ ដែល​បាន​ឈ្នះឆ្នោត ក្លាយ​ជា​ប្រធានាធិបតី​ហ្វីលីពីន កាលពី​ខែ​មិថុនា ឆ្នាំ ២០១៦ ធ្លាប់​បាន​សន្យា បាញ់​សម្លាប់ អ្នកជួញដូរ​គ្រឿងញៀន​រាប់ម៉ឺននាក់ នៅក្នុង​អាណត្តិ​របស់លោក។ តាំង​ពី​ការប្រកាស​បើក​ធ្វើ​សង្រ្គាម​ប្រឆាំង​ក្រុមគ្រឿងញៀន ប៉ូលិស​ហ្វីលីពីន​បាន​សម្លាប់​មនុស្ស​ជាង ៣ពាន់ នាក់។ នេះ​គេនៅមិនទាន់​រាប់ចូល​អ្នកប្រើប្រាស់​គ្រឿងញៀន រាប់ពាន់​នាក់​ផ្សេងទៀត ដែល​ត្រូវ​បាន​ជនបិទមុខ លួចសម្លាប់ នៅតាម​ផ្លូវ ក្នុង​ទឹកដី​ហ្វីលីពីន​ឡើយ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ