អានតួអត្ថបទ

អំពើហិង្សាលើ​រ៉ូហ៊ីងយ៉ា ៖ ៤០០​នាក់​ស្លាប់ ភៀស​ខ្លួន​រាប់​សិបពាន់ ជំនួយ​ស្បៀង​អាហារត្រូវ​ផ្អាក

ស្ត្រី​រ៉ូហ៊ីងយ៉ា​ពរកូន​ចៅ​រត់​ទៅ​បង់ក្លាដែស
ស្ត្រី​រ៉ូហ៊ីងយ៉ា​ពរកូន​ចៅ​រត់​ទៅ​បង់ក្លាដែស REUTERS/Mohammad Ponir Hossain

ការ​ប្រយុទ្ធ​​ដ៏​ហិង្សា​រវាង​ទាហាន​ភូមា​​ និង​ជនជាតិភាគ​តិច​កាន់​សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ បាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​យោច​ ៤០០​នាក់ និង​ រាប់​សិប​ពាន់​នាក់​ភៀ​ស​ខ្លួន​ទៅ​បង់ក្លាដែល។ ជាង​នេះ​ទៅ​ទៀត ដោយ​ហេតុ​តែ​ការ​ប្រយុទ្ធ​គ្នា អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​​បានសម្រេច​​ផ្អាក​ការ​ចែក​ចាយ​ជំនួយ​​ ​សម្រាប់​​ប្រជាជន​យ៉ាង​ហោច​ណាស់ ២៥០០០០​នាក់​​។

ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​នៅ​ភាគពាយ័ព្យ​ប្រទេស​ មាន​ភាព​តាន​តឹង​ខ្លាំង​ណាស់ សម្រាប់​ក្រុម​ការងារ​មនុស្សធម៌​ តាំង​ពី​រដ្ឋាភិបាល​ភូមា​ ដែល​ដឹកនាំ​ដោយ​លោកស្រី​ អ៊ុង សានស៊ូជី បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​អង្គការថា​រកឃើញ​​​ស្បៀង​អាហារ នៅ​ក្នុង​ជំរំ​របស់ពួក​ឧទ្ទាម​មក។ ហេតុដូច្នេះ​ហើយ​ទើប​អង្គការ​ស្បៀង​អាហារ​ពិភពលោក​សម្រេច​ផ្អាក​​ប្រតិបត្តិការ​ជំនួយ​​ស្បៀង​នៅ​ក្នុង​រដ្ឋ​រ៉ាឃីន តាំង​ពី​ការ​ប្រយុទ្ធ​ចាប់​ផ្តើម​ភ្លាម និង​ដែល​ធ្វើ​ឱ្យជន​ភៀស​ខ្លួន ព្រមទាំង​ ​ពលរដ្ឋភូមា​ខ្សត់​ខ្សោយ​ភូមា​ប្រមាណ​យ៉ាងហោច​២៥​ម៉ឺន​នាក់​ លែង​បាន​ទទួល​ជំនួយ​។

ជា​តំបន់​ក្រីក្រ​ ឆ្ងាយ​ដាច់​ស្រយាល​នៃ​ប្រទេស រ៉ាឃីន ​មាន​ជនជាតិ​រ៉ូហ៊ីយ៉ា រស់​នៅក្នុង​ជំរំ​រខេករខាក ​ប្រមាណ​១២​ម៉ឺ​ន​នាក់ តាំង​ពី​ឆ្នាំ​២០១២​មក។ ជនជាតិ​ភាគ​តិច​អ៊ីស្លាម​គ្មាន​ប្រទេស​នេះ គ្មាន​សិទ្ធិ​ធ្វើការ​ និង​ដើរហើរ​ដោយ​សេរីទេ ពួក​គេ​រស់​រំពឹង​ទាំង​ស្រុង​លើ​ជំនួយ​ស្បៀង​អាហារ​​ពី​អង្គការ​មនុស្សធម៌។

មិន​តែ​ប៉ុណ្ណោះ​ពួកគេ​ត្រូវ​ប្រឈម​នឹង​អំពើ​ហិង្សា​​​ជា​ញឹកញយ​​។ អំពើ​ហិង្សាទើប​ផ្ទុះ​ឡើង​​ចុក្រោយ​នេះ បាន​បង្ក​ឱ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​យ៉ាង​ហោច​ណាស់​៤០០​នាក់ ស្លាប់ និង​ជិត​បួន​ម៉ឺន​នាក់​រត់​ភៀស​ខ្លួន​​ទៅ​បង់ក្លាដែស ក្នុង​រយៈ​ពេល​តែ​មួយ​សប្តាហ៍​ ប៉ុន្តែ​ពាក់​កណ្តាល​ត្រូវ​ជាប់​គាំង​នៅ​ព្រំដែន ព្រោះ​បង់ក្លាដែលបាន​​បិទ​ព្រំដែន​ ដោយ​ពុំ​មាន​សមត្ថភាព​ទទួល​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ាង​បន្ថែម​ (ពី​ចំនួន​ជនភៀស​៤០ម៉ឺននាក់មាន​ស្រាប់​)​ ទៀត​បានទេ។

ប្រឈម​នឹង​ស្ថានការណ៍​បែប​នេះ លោក​អគ្គលេខា​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ភូមា​ និង​រ៉ូហ៊ីយ៉ា​អត់​ធ្មត់ និង​រក្សា​ភាព​ស្ងប់​ស្ងាត់ ដើម្បី​បញ្ចៀស​ឱ្យ​បាន​មហន្តរាយ​មនុស្សធម៌។

ថ្វី​បើ​រស់​នៅ​រាប់​ជំនាន់​ក្នុង​ប្រទេស​ភូមា ប៉ុន្តែ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​​ត្រូវ​រង​ទុក​បុកម្នេញ និង​ចាត់​ទុក​ជា​ជន​បរទេស។ ​ចាប់​ពី​ខែ​តុលា​២០១៦​មក តំបន់​រស់​នៅ​របស់​ពួក​គេ​ត្រូវ​បិទ​ខ្ទប់ គ្មានអ្នក​សារព័ត៌មាន​ណា​អាច​ចេញ​ចូល​ដោយ​ឯករាជ្យ​ទេ។ ​ការ​វាយប្រហារ​លើ​ប៉ូលិស​ពី​សំណាក់​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា កាលពី​ថ្ងៃទី ២៥​សីហា​ បាន​ជំរុញ​ទាហាន​ភូមា​បាន​បើក​ប្រតិបត្តិការ​ប្រយុទ្ធ​​​បង្ក្រាប។ ម្សិលមិញ មេ​បញ្ជាការ​យោធា​ភូមា​បាន​ប្រកាសឱ្យ​គ្រប់​ស្ថាប័ន​រដ្ឋាភិបាល និង​ប្រជាជន​ភូមា​ទាំង​អស់​ងើប​ឡើង​ការពារ​​ប្រទេស​​ក្នុង​ស្មារតី​ជាតិ​និយម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ