អានតួអត្ថបទ

ទូរទស្សន៍​BBC បញ្ឈប់ការ​ផ្សាយនៅ​​ភូមា ក្នុង​ផ្ទៃ​នៃ​វិបត្តិ​រ៉ូហ៊ីងយ៉ា

ទីស្នាក់ការធំនៃ​ទូរទស្សន៍​ BBC នៅអង់គ្លេស
ទីស្នាក់ការធំនៃ​ទូរទស្សន៍​ BBC នៅអង់គ្លេស Daniel LEAL-OLIVAS / AFP

ទូរទស្សន៍​BBCជាភាសា​ភូមា នឹង​លែង​ធ្វើ​ការ​ផ្សាយ​​​ក្នុង​កញ្ចក់​ទូរទស្សន៍​ជាតិ​ភូមា​ MNTV​ទៀត​ហើយ ព្រោះ​តែ​មាន​គំនាប និង​បម្រាប​ហាមឃាត់​ច្រើន​ពេក​ពី​រដ្ឋាភិបាល។ ​​បើ​តាម​​កា​របរិហារ​របស់​BBC ​នៅ​ថ្ងៃចន្ទ​នេះ រាល់​គ្រប់​ប្រធានបទ​ដែល​ទាក់​ទង​នឹង​សហគមន៍ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ត្រូវ​ហាមឃាត់​​ស្ទើរ​ទាំង​អស់។

ផ្សាយពាណិជ្ជកម្ម

BBC​ ជា​ភាសា​ភូមា បាន​បង្កើត​ការិយាល័យ​របស់​ខ្លួន​នៅ​ទីក្រុង​រ៉ង់ហ្គូន​ តាំង​ពី​ខែ​មេសា​២០១៤​មក និង​ផលិត​​កម្មវិធី​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ ផ្សាយ​តាម​ទូរទស្សន៍​MNTV ដោយ​មាន​អ្នក​តាមដាន​មើល​ប្រមាណ​ជាង​៣,៧​លាននាក់​ជា​ប្រចាំ។

ប៉ុន្តែ​នៅថ្ងៃ​ចន្ទ​នេះ BBC បាន​ធ្វើ​សេចក្តី​ប្រកាស​​បញ្ឈប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទូរទស្សន៍​ជាតិ​ភូមា​ ដោយ​ហេតុ​តែ​ស្ថាប័ន​ទូរទស្សន៍នេះ​បាន​បដិសេធ​មិន​ព្រម​ចាក់ផ្សាយ​​កម្មវិធី​ជា​ច្រើន​របស់​ក្រុម​ការងារ​BBC តាំង​ពី​ខែ​មីនា​មក។ ទង្វើ​បែប​នេះ​គឺ​ជា​ការ​ជ្រៀត​ជ្រែក​ និង​ជា​ត្រួតត្រា​ហាមឃាត់​ដែល​BBC មិន​អាច​ទទួល​យក​បាន​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ទូរទស្សនិកជន​បាត់​បង់​ទំនុក​ចិត្ត​។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​BBC។

អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​ទូរទស្សន៍​ជាតិ​ភូមា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា ​ ជម្លោះ​ជាមួយ​ក្រុម​BBC បណ្តាល​មក​ពី​ការ​ពាក្យ​ “រ៉ូហ៊ីងយ៉ា” ដែល​មិន​ស៊ី​ចង្វាក់​នឹង​នយោបាយ​របស់​ទូរទស្សន៍។

ពលរដ្ឋ​ភូមា​អាច​បន្ត​មើល​កម្មវិធី​ព័ត៌មាន​របស់​BBC ជា​ភាសា​ភូមា​បាន​តាម​រយៈ​វិបសៃត៍​របស់​ក្រុមហ៊ុន​ទូរទស្សន៍​អង់គ្លេស​។ វិបសៃត៍​ដែល​ធ្លាប់​ជា​ប្រភព​ផ្តល់ព័ត៌មាន​សម្រាប់​លោកស្រី​​អ៊ុងសានស៊ូជី កាល​នៅ​ជាប់​ឃុំឃាំង​ក្នុង​គេហដ្ឋាន។

លោកស្រី​អ៊ុងសានស៊ូជី ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ភូមា​ស៊ីវិល​តាំង​ពី​ឆ្នាំ​២០១៦​មក ​ ​មិន​ដែល​ប្រើ​ពាក្យ​ “រ៉ូហ៊ីងយ៉ា”​ទេ (ភូមាហៅ​ ពួកគេ​ជាជនបង់ក្លាដែស)។ ​លោកស្រី​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំងពី​អន្តរជាតិ​ក្នុង​ចំណាត់ការ​សំណុំ​រឿង​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នេះ។

រ៉ូហ៊ីងយ៉ា ជនជាតិភាគតិច​កាន់​សាសនា​អ៊ីស្លាម​ ​ប្រមាណ​ជាង​មួយ​លាន​នាក់​រស់​នៅ​រាប់​ជំនាន់​ក្នុង​ទឹក​ដី​ភូមា​ ប៉ុន្តែ​គ្មាន​សិទ្ធិ គ្មាន​សេរីភាព​ គ្មានប្រទេស​គ្មាន​សញ្ជាតិ និង​រង​ការ​ធ្វើ​ទុក​បុក​ម្នេញ​ឥត​ល្ហែ។ តាំង​តែ​ពី​ជា​ច្រើន​ថ្ងៃ​ចុងក្រោយ​នេះ​ អំពើ​ហិង្សា​មរណៈ​បាន​ផ្ទុះ​ឡើងជា​ថ្មី ​ជន​រ៉ូហ៊ីងយ៉ាង​ជិត​៩ម៉ឺន​នាក់​បាន​រត់​ភៀស​ខ្លួន​ទៅ​បង់ក្លាដែស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ