អានតួអត្ថបទ
ចិន-អាមេរិក

លោក Rex Tillerson ទៅ​ចិន​ដើម្បី​ជជែក​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​រៀបចំ​ទស្សនកិច្ច​របស់​លោក​ដូណាល់ ត្រាំ

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​លោក​ប្រមុខ​ការទូតអាមេរិក Rex Tillerson
លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​លោក​ប្រមុខ​ការទូតអាមេរិក Rex Tillerson REUTERS/Thomas Peter

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ កញ្ញា​នេះ លោក​ប្រមុខ​ការទូត​អាមេរិក Rex Tillerson ផ្តើម​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន។ គិត​ក្នុង​រយៈពេល ៩ខែ​កន្លង​ទៅ នេះ​ជា​ទស្សនកិច្ច​លើកទី២​របស់​លោក Rex Tillerson ក្នុង​ទឹកដី​ចិន។ កម្មវត្ថុ​នៃ​ទស្សនកិច្ច គឺ​ជជែក​លើ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​រៀបចំ​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ក្នុង​ប្រទេស​ចិន​នា​ខែ​វិច្ឆិកា​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សំណុំរឿង​កូរ៉េខាងជើង ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីតោន​បាន​បង្ហាញ​ជំហរ​រួម​គ្នា​ដោយ​ចង់​ឃើញ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ តែ​នៅ​មិន​ទាន់​អាច​និយាយ​ចុះ​សម្រុង​គ្នា​ពី​ផ្លូវ​ដែល​ត្រូវ​ដើរ​ដើម្បី​អាច​ទៅ​ដល់​គោលដៅ។ នេះ​ហើយ​ជា​កម្មវត្ថុ​ចម្បង​នៃ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​ការទូត​អាមេរិក Rex Tillerson ក្នុង​ប្រទេស​ចិន​ពេល​នេះ។ តែ​មុន​នឹង​លោក Rex Tillerson ដាក់​ជើង​ជាន់​ទឹកដី​ចិន និង​ដើម្បី​បន្ធូរបន្ធយ​ភាព​តានតឹង​រវាង​អាមេរិក និង​ចិន​ក្នុង​បញ្ហា​កូរ៉េខាងជើង អ្នកនាំពាក្យ​របស់​លោក Tillerson បាន​បញ្ជាក់​ថា ចិន​ធ្វើ​បាន​ល្អ​ណាស់ និង​ចំ​ទិសដៅ​ដោយ​បាន​គាំទ្រ​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​លើ​របប​ក្រុង​ព្យុងយ៉ាង។

ការ​ចូលរួម​បង្កើត​ឲ្យ​មាន​បរិយាកាស​ល្អ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Tillerson ក្នុង​ប្រទេស​ចិន​ពេល​នេះ​ក៏​មាន​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែរ។ នៅ​ថ្ងៃ​ពុធ ទី២៧ កញ្ញា លោក​ត្រាំ​បាន​និយាយ​សរសើរ និង​សាទរ​ចិន​ដែល​បាន​កាត់ផ្តាច់​ទំនាក់ទំនង​ផ្នែក​ធនាគារ​ជាមួយ​កូរ៉េ​ខាងជើង។ ដូច្នេះ​លោក Tillerson ច្បាស់​ជា​លើក​ទៅ​និយាយ​ជាមួយ​​សមភាគី​ចិន​ពី​ការ​ដែល​ចិន​បាន​នាំ​ចូល​ធ្យូងថ្ម​របស់​កូរ៉េខាងជើង​ក្នុង​ខែ​សីហា​កន្លង​ទៅ​ចំនួន ១លាន ៦សែន​តោន និង​ដែល​ទង្វើ​នេះ​ត្រូវ​បាន​ក្រុមប្រឹក្សាសន្តិសុខ​ហាម​តាំង​ពី​ខែ​កុម្ភៈ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក Tillerson និង​សមភាគី​ចិន​សម្រេច​ពង្រឹង​ទណ្ឌកម្ម ឬ​មួយ​ក៏​បន្ត​នយោបាយ​ផ្លូវទូត​នៅ​ក្នុង​បញ្ហា​កូរ៉េខាងជើង​ដ៏​ស្មុគស្មាញ និង​សាំញាំ​មួយ​នេះ​ទេ។ អ្វី​ដែល​គេ​ដឹង អាមេរិក និង​ចិន​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បន្ត​រួម​សហការណ៍​គ្នា​ដោះស្រាយ​បញ្ហា មុន​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ដូណាល់ ត្រាំ​នៅ​ចិន​នា​ខែ​វិច្ឆិកា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ