អានតួអត្ថបទ

សហភាព​អឺរ៉ុប​អនុម័ត​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េខាងជើង

សហភាព​អឺរ៉ុប​បាន​អនុម័ត​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េខាង​ជើង
សហភាព​អឺរ៉ុប​បាន​អនុម័ត​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េខាង​ជើង REUTERS/Thierry Roge

ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​សាកល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ កាលពី​ដើម​ខែ​កញ្ញាសហភាព​អឺរ៉ុប បាន​អនុម័ត​​ទណ្ឌកម្ម​ថ្មីមួយ​ខ្សែ​ ​ប្រឆាំង​នឹង​កូរ៉េខាង​ជើង នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ។ ជា​​ទណ្ឌកម្ម​​ ដាក់​ប្រឆាំង​សំដៅ​ជា​ពិសេស​ទៅ​លើ​យោធា​កូរ៉េខាង​ជើង ដោយ​បង្កក​​ទ្រព្យ​ធន​របស់​ពួក​គេ​​នៅអឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

​សហភាព​អឺរ៉ុបបាន​សម្រេច​អនុម័ត​ទណ្ឌកម្ម​ថ្មី ប្រឆាំង​នឹង​កូរ៉េខាង​ជើង ដាច់​ដោយ​ឡែក​ពី​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ ដើម្បី​ពង្រឹង​សម្ពាធ​​បន្ថែម​លើ​របប​ព្យុងយ៉ាង​ឱ្យ​​គោរព​កាតព្វកិច្ច​​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ និង​ជ្រើសរើស​ការ​ចរចា។

តាម​រយៈទណ្ឌកម្ម​ថ្មី​នេះ ស្ថាប័ន​កងទ័ព​ប្រជាមានិត​ និង​ក្រសួង​ពាក់ព័ន្ធ​ ត្រូវ​​ជាប់​ចូល​ក្នុង​បញ្ជី​ខ្មៅ​អឺរ៉ុប ពោល​គឺ​នឹង​មានការ​បង្ក​កទ្រព្យ​សម្បត្តិ​​ដែល​ពួក​គេ​មាន​នៅ​ក្នុង​សហភាព។ ស្ថាប័ន​បួន​ផ្សេង​ទៀត និង​​ក្រុមហ៊ុន​កូរ៉េខាង​ជើង​ជាប់​សង្ស័យ​មាន​សកម្មភាព​នុយក្លេអ៊ែរ ព្រម​ទាំង​ជនកូរ៉េខាង​ជើង​បី​នាក់ ក្នុង​នោះ​ពីរ​នាក់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ការិយាល័យ​ស្បៀង​និង​គ្រាប់​រំសេវនៃ​ក្រសួង​ឧស្សាហកម្ម​យោធា​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ចី​ខ្មៅ​ដែរ។ បញ្ជី​ខ្មៅ​អឺរ៉ុបសរុប​​​មាន​ឈ្មោះ​ឥស្សរជន​​១០៤​នាក់ និង​អត្តសញ្ញាណ​កូរ៉េខាង​ជើងចំនួន ៦៣។

ក្រៅ​អំពី​ការ​បង្កក​ទ្រព្យ​សម្បត្តិ ឥស្សរជន​កូរ៉េខាង​ជើង​ក្នុង​បញ្ចី​ខ្មៅ​ត្រូវ​ជាប់​បម្រាម​មិន​ឱ្យ​ចូល​ជាន់​ទឹក​ដី​អឺរ៉ុប​ទេ។

សហភាព​អឺរ៉ុប​ក៏​បាន​ចេញ​ក្រិត្យ​ហាម​ឃាត់​ទាំង​ស្រុង​ដែរ នៅ​ថ្ងៃចន្ទ​ម្សិលមិញ​នេះ មិន​ឱ្យ​ក្រុមហ៊ុន​អឺរ៉ុប​នាំ​ចេញ​ប្រេង​និង​ធ្វើ​វិនិយោគ​ជាមួយ​កូរ៉េខាង​ជើង​ទេ។ ការ​ផ្ទេរ​ប្រាក់​ពី​អឺរ៉ុប​ទៅ​កូរ៉េខាង​ជើង​ត្រូវ​បញ្ចុះ​មក​ត្រឹម​៥ពាន់​អឺរ៉ូ ទល់​នឹង​១៥០០០​អឺរ៉ូពេល​មុន។ អឺរ៉ុប​ក៏​នឹង​មិន​​បន្ត​​សិទ្ធ​ធ្វើការ​ ឱ្យ​ដល់​ពលករ​កូរ៉េខាង​ជើង​​នៅ​រោងចក្រ​នាវា​ប៉ូឡូញ​ទៀត​ទេ។

សេចក្តី​សម្រេច​ដ៏​សំខាន់​មួយ​ទៀត​ ក្នុង​ក្របខ័ណ្ឌ​ទណ្ឌ​កម្ម​នេះ គឺ​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ជា​ប្រមុខ​សម្របសម្រួល​ដំណើរការ​អនុវត្ត​ទណ្ឌកម្ម​​របស់​ក្រុមប្រឹក្សា​សន្តិសុខ សំដៅ​​បន្ថប់​ហិរញ្ញវត្ថុកូរ៉េខាង​ជើង​ ជាមួយ​ប្រទេស​ចំនួន​២៥​ ដូច​ជា ថៃ កម្ពុជា និង​វៀតណាម ព្រមទាំង​អង់ហ្គោឡា ហ្វីជី ឬ​កុងហ្កោ ជា​ដើម​ ។ល។ ចាប់​ពី​ចុងសប្តាហ៍​នេះ​ទៅ​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ