អានតួអត្ថបទ

សម្តេចប៉ាប អំពាវនាវ​ឱ្យ​គ្រិស្តសាសនិកជន​ភូមា​រក្សា​សន្តិភាព

គ្រិស្ត​សាសនិក (សរុប​​​៧០ម៉ឺន​នៅ​ភូមា) ជា​ច្រើន​បានមក​ចូល​រួម​ក្នុង​ពិធីសូត្រ​ធម៌​ជាមួយ​សម្តេច​ប៉ាប នៅទីក្រុង​រ៉ង់ហ្គូន
គ្រិស្ត​សាសនិក (សរុប​​​៧០ម៉ឺន​នៅ​ភូមា) ជា​ច្រើន​បានមក​ចូល​រួម​ក្នុង​ពិធីសូត្រ​ធម៌​ជាមួយ​សម្តេច​ប៉ាប នៅទីក្រុង​រ៉ង់ហ្គូន REUTERS/Ann Wang

នៅ​ក្នុង​ថ្ងៃទី​បី​នៃទស្សនកិច្ច​នៅ​ភូមា សម្តេច​ប៉ាប ហ្វ្រង់ស័រ បានជួប​ដោយ​ផ្ទាល់​បណ្តាគ្រិស្តសាសនិកជន​ភូមា ដោយ​បាន​​ធ្វើ​ពិធី​សូត្រធម៌ ជា​សាធារណៈ កណ្តាល​វាល នៅទីក្រុង​រ៉ង់ហ្គូន។ ព្រះ​អង្គ​បាន​បួងសួង​បង្ហោះ​សេចក្តី​អំពាវនាវ​សុំ​សន្តិភាព​និង​ការ​ផ្សះផ្សា​ ព្រមទាំង​បាន​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋកាតូលិក​ភូមាទាំងអស់​ ឱ្យ​បំពេញ​បេសកកម្ម​ធំ​មួយ​ គឺ​បញ្ឈប់​ការ​គុំគួន​ និង​ការ​សងសឹក។

ផ្សាយពាណិជ្ជកម្ម

ជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ភូមា ! នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​សម្តេច​ប៉ាប បាន​ធ្វើ​ពិធី​សូត្រ​ធម៌​ កណ្តាល​វាល នៅ​ក្នុង​ប្រទេស​ភូមា នៅ​ចំពោះ​មុខ​គ្រិស្តសាសនិកជន មក​ពី​គ្រប់​ទិសទី​​នៃ​ប្រទេស​ផង និង​មក​ពី​បណ្តា​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត ដូច​ជា​ថៃ​ ឡាវ វៀតណាម។

“អ្នក​ជា​តំណាងរស់​នៃ​វិហារ​កាតូលិក » ! នេះ​ជា​សង្ឃ​ដីកា​របស់​សម្តេច​ប៉ាប ទៅ​កាន់​ហ្វូង​មហាជន ជា​សង្ឃកាតូលិក ជាគ្រិស្តសាសនិក ជា​អ្នក​ការទូត ជា​សមាជិក​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបេត្យ (សមាជិក​បក្ស​កាន់​អំណាច) ជា​តំណាង​សហគម​ជាតិ​ពិន្ធុ​ភាគ​តិច​ ក្នុង​ទឹក​មុខ​រីករាយ គ្មាន​ភាព​តានតឹង​ទេ មុន​នឹង​ធ្វើ​សូត្រ​ធម៌ ជា​ច្រើន​ភាសា របស់​ជនជាតិ​ភាគ​តិច​ដែល​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅភូមា។

ប៉ុន្តែ​ការ​ស្វាគមន៍ហាក់​ដូច​ជាមាន​លាក់​គំនួច​អ្វីមួយ ! អាច​ថា​​ជា​ចរិក​អាស៊ីផង ឬ​​ជាការប្រុង​ប្រយ័ត្នផង​ក៏​ថា​បាន ព្រោះ​វិហារ​កាតូលិក​នៅ​ភូមា ធ្លាប់​រង​ការ​បង្ក្រាប​ និង​ធ្វើ​ទុក្ខបុកម្នេញ​រយៈ​ពេល​ជាង​៥០​ឆ្នាំ​កន្លង​មក​ហើយ​ ពី​សំណាក់​អាជ្ញាធរ​កាន់​អំណាច ហើយ​ទើប​ចាប់​ផ្តើម​ហ៊ាន​ងើប​មុខងើប​​មាត់ បាន​បន្តិច​តែ​ប៉ុណ្ណោះ។

គ្រិស្តសាសនា​ក៏​ជា​តំណាង​ក្រុម​ជនជាតិ​ភាគ​តិច​មួយ​ក្រុម​ដែរ​នៅភូមា ! ហើយ​គឺ​ក្រុមជនជាតិភាគតិច​​គ្រិស្តសាសនិកជន​ ដ៏​មុះមុត​នេះ​ឯង ដែល​សម្តេច​បាន​ពឹង​ពាក់​ ប្រគល់​បេសកកម្ម​ធំ​មួយ​ឱ្យ​បំពេញ ៖ សម្តេច​ប៉ាប​បាន​អំពាវនាវ​ឱ្យគ្រិស្តសាសនិកជន​ភូមា ព្យាបាល​ដំបៅប្រទេស​​​ដែល​ហែកហួរ​គ្នា ដោយ​ការងារ​សប្បុរសធម៌។ លះបង់​រាល់​គ្រប់​ការ​ឈឺចាប់ និង​បំភ្លេច​អនុស្សាវរីយ៍​ដ៏ជូរចត់ ហើយ​ងាកមក​គិតគូរ​ផ្សះផ្សា​និង​រក​ស្វែងរក​សន្តិភាព​ ក្នុង​ចិត្ត​និង​ក្នុង​សហគម​ តាម​ដំបូន្មាន​ព្រះ។ សម្តេច​បាន​ទេសនា​ណែនាំ​ឱ្យ​ពលរដ្ឋ​ភូមា​ដែល​រងអំពើ​ហិង្សា​ កុំ​ចងពារ​ កុំ​ចង់​សង​សឹក ទើប​ដក​ខ្លួន​ចេញ​ផុត​ពី​ទុក្ខ។

ព្រះអង្គ​ក៏​បាន​សូត្រ​ធម៌​លើក​ទឹក​ចិត្ត​ឱ្យប្រមុខ​ដឹកនាំ​ភូមារក​សន្តិភាព​ ផ្សះផ្សា​ជាតិ​តាម​រយៈ​ការ​ចរចា​ យោគយល់​និង​បិទ​បញ្ចប់​ជម្លោះ​នៅ​រដ្ឋ​​ កាជីន រ៉ាឃីន និង​ចន្ទ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក សម្តេច​ប៉ាប​នឹង​និមន្ត​ទៅ​ដល់​បង់ក្លាដែស ប្រទេស​ដែល​មាន​ពលរដ្ឋ​ភាគ​ច្រើន​កាន់​សាសនា​អ៊ីស្លាម និង​ប្រមាណ​០,៥%​កាន់​សាសនា​កាតូលិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ