អានតួអត្ថបទ
ហ្វីលីពីន-សុខភាព

ហ្វីលីពីន​បើកការ​ស៊ើបអង្កេត ​រឿង​ថ្នាំ​វ៉ាក់សាំង​គ្រុន​ឈាម​ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់

ថ្នាំវ៉ាក់សាំង Dengvaxia​ ផលិត​ដោយ​មន្ទីរ​ពិសោធន៍​ Sanofi
ថ្នាំវ៉ាក់សាំង Dengvaxia​ ផលិត​ដោយ​មន្ទីរ​ពិសោធន៍​ Sanofi Reuters

នៅហ្វីលីពីន កុមារជាង៧សែននាក់ បានទទួលវាំងសាំងបង្ការជំងឺគ្រុនឈាម។ ក៏ប៉ុន្តែ មន្ទីរពិសោធន៍បារាំង ​ដែលជាអ្នកផលិតវ៉ាក់សាំងដំបូងគេនេះ  ទើបតែបានទាញសញ្ញាអាសន្នថា ថ្នាំវ៉ាក់សាំងនេះ អាចនឹងបង្កគ្រោះថ្នាក់ ទៅលើមនុស្សមួយចំនួន ក្នុងករណីអ្នកនោះ មិនដែលធ្លាប់មានផ្ទុកមេរោគគ្រុនឈាមទាល់តែសោះ។ អាជ្ញាធរសុខាភិបាលហ្វីលីពីន ទើបបានបញ្ជាឲ្យផ្អាកប្រតិបត្តិការចាក់វ៉ាក់សាំងនេះ ហើយធ្វើការស៊ើបអង្កេត ទៅលើកុមារ ដែលបានទទួលវ៉ាក់សាំងនេះហើយ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលហ្វីលីពីន ទើបតែបានបញ្ជារឲ្យផ្អាក ការចាក់វ៉ាក់សាំងប្រឆាំង​មេរោគគ្រុនឈាម ឈ្មោះ Dengvaxia ហើយនឹងបានបញ្ជារ ឲ្យមានការស៊ើបអង្កេតតាមដាន ច្បាស់លាល់ទៅលើកុមារ ដែលបានទទួលថ្នាំវ៉ាក់សាំងនេះ។

ការសម្រេចនេះ គឺនៅក្រោយពេលដែល មន្ទីរពិសោធន៍ SANOFI របស់បារាំង ដែលជាអ្នកផលិតថ្នាំវ៉ាក់សាំងនេះ  បានចេញលិខិតប្រកាស ប្រាប់ឲ្យមានការប្រុងប្រយ័ត្ន។ យោងតាមអ្នកជំនាញរបស់មន្ទីរពិសោធន៍បារាំងនេះ ថ្នាំវ៉ាក់សាំងប្រឆាំងជំងឺគ្រុនឈាមនេះ អាចបង្ក ឲ្យមានគ្រោះថ្នាក់ ទៅលើមនុស្សណា ដែលមិនធ្លាប់មានផ្ទុកមេរោគគ្រុនឈាម ក្នុងខ្លួនសោះ។ តែយ៉ាងណា មន្ទីរពិសោធន៍ បានធានាអះអាងថា ថ្នាំវ៉ាក់សាំងរបស់ខ្លួន បានជួយកាត់បន្ថយចំនួនអ្នកជំងឺ ដែលឈានទៅដល់សម្រាក់ព្យាបាលនៅមន្ទីរពេទ្យ បានច្រើនណាស់។

បើយោងតាមអង្គការសុខភាពពិភពលោក ដែលបានធ្លាប់ចេញលិខិត​ ម្តងរួចមកហើយ កាលពីខែកក្កដា ឆ្នាំ២០១៦ បានបញ្ជាក់ថា ថ្នាំវ៉ាក់សាំងគ្រុនឈាម ឈ្មោះ Dengvaxia អាចនឹងគ្មានប្រសិទ្ធភាព ឬអាចនឹងបង្កើនគ្រោះថ្នាក់កាន់តែខ្លាំង ឈានទៅដល់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ សម្រាប់មនុស្សមួយចំនួន ដែលមិនធ្លាប់មានផ្ទុកមេរោគនេះ ក្នុងខ្លួនសោះ។ ដូច្នេះ មុននឹងចាក់វ៉ាក់សាំងនេះ គេត្រូវតែធ្វើការត្រួតពិនិត្យឲ្យ​បានច្បាស់លាស់។

សូមបញ្ជាក់ថា ចាប់ពីខែមេសា ឆ្នាំ២០១៦មក មានកុមារហ្វីលីពីន ចាប់ពីអាយុ៩ឆ្នាំទៅ ប្រមាណ៧៣៤០០០នាក់ ដែលបានទទួលវ៉ាក់សាំងប្រឆាំងមេរោគគ្រុនឈាមនេះ។​ បើយោងតាមអង្គការមិនមែនរដ្ឋាភិបាលខ្លះ នៅហ្វីលីពីន បានអះអាងថា មានករណីស្លាប់កុមារ ចំនួន៣នាក់ នៅកោះLuzon។ ក៏ប៉ុន្តែ អ្នកនាំពាក្យមន្ទីរពិសោធន៍ SANOFI ប្រចាំហ្វីលីពីន បានអះអាងថា គេមិនទាន់ទទួលបានដំណឹង​ពិតប្រាកដ ថាមានករណីស្លាប់ណាមួយ នៅឡើយទេ។

ដោយឡែក ក្រសួងសុខាភិបាលហ្វីលីពីន បានចាត់ឲ្យមានការស៊ើបអង្កេត និងធានាថា នឹងចាប់អ្នកទទួលខុសត្រូវមកផ្តន្ទាទោស បើសិនជាមានករណីស្លាប់ក្មេងមែននោះ។ អ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីន បានអំពាវនាវ កុំឲ្យប្រជាជនមានការផ្អើល ជឿតាមព័ត៌មានមិនពិតទាំងឡាយណា ស្តីពីករណីស្លាប់កុមារ ដោយសារវ៉ាក់សាំងនេះ។

គួរបញ្ជាក់ថា ថ្វីបើមេរោគគ្រុនឈាម មិនសូវជាកាចសាហាវ ដូចមេរោគគ្រុនចាញ់ក៏ដោយ តែមេរោគគ្រុនឈាម បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ម៉ឺននាក់ ជារៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក។ ថ្នាំវ៉ាក់សាំង Dengvaxia របស់មន្ទីរពិសោធន៍បារាំង SANOFI គឺជាវ៉ាក់សាំងដំបូងគេបង្អស់។​ តែវ៉ាក់សាំងនេះ មិនទាន់អាចមានប្រសិទ្ធភាព ទប់មេរោគគ្រុនឈាម១០០% ទេ​ តែវាអាចជួយទប់កុំឲ្យអ្នកផ្ទុកមេរោគនេះ ឈានទៅដល់ដំណាក់កាលធ្ងន់ធ្ងរ ដែលអាចប្រឈមមុខនឹងសេចក្តីស្លាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ