អានតួអត្ថបទ

កូរ៉េខាងត្បូង​ចាប់​នាវា​ជាប់​សង្ស័យ​ដឹកប្រេង​ទៅ​ឱ្យ​ព្យុងយ៉ាង​មួយ​គ្រឿង​ទៀត

នាវា​ហុងកុង Lighthouse Winmore
នាវា​ហុងកុង Lighthouse Winmore 网络照片

អាជ្ញាធរ​កូរ៉េខាង​ត្បូង បាន​ប្រកាស​ នៅ​ថ្ងៃអាទិត្យ ចាប់​​​នាវា​ដឹក​ប្រេង​ មួយ​គ្រឿង​ទៀត ដែល​គេ​សង្ស័យ​ថា​នាំប្រេង​យក​ទៅលក់​ឱ្យ​កូរ៉េខាង​ជើង បំពាន​លើ​ទណ្ឌកម្ម​អន្តរជាតិ។ ជា​នាវា​​មាន​ដោត​ទង់​ជាតិ​ប៉ាណាម៉ា ដែល​អាច​ផ្ទុក​ប្រេង​បាន​៥១០០​តោន។

ផ្សាយពាណិជ្ជកម្ម

Koti ឈ្មោះ​នាវាប៉ាណាម៉ា ត្រូវ​បាន​ឃាត់​ទុក​នៅ​កំពង់​ផែ​Pyeongtaek-Dangjin កំពង់ផែ​នៅ​ឆ្នេរ​ខាង​លិចរបស់​កូរ៉េខាង​ត្បូង។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​​អ្នក​ទទួលខុស​ត្រូវ​កូរ៉េខាង​ត្បូង ដោយ​គ្មាន​​ផ្តល់​ព័ត៌មាន​លម្អិត​អ្វីបន្ថែម​ទេ ព្រោះ​នេះ​​​ជា​សំណុំ​រឿង​ដ៏​រសើប​ខ្លាំង។

បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ Koti ជា​នាវា​ដឹកជញ្ជូន ដែល​អាច​ផ្ទុក​ប្រេង​បាន​ដល់​ទៅ ៥១០០​តោន និង​មាន​ក្រុម​ការងារ ភាគ​ច្រើន​ជា​ជនជាតិ​ចិន និង​ភូមា។ នាវា​នេះ​ត្រូវ​ឃាត់​ចាប់​បាន​ក្នុង​ក្របខ័ណ្ឌ​នៃ​ការងារ​អង្កេត​រួម​គ្នា​របស់​ភ្នាក់ងារ​ចារកិច្ច​និង​ពន្ធគយ​កូរ៉េខាង​ត្បូង កាលពី​ពីរ​សប្តាហ៍​មុន​ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​កំពង់ផែវិញ​ឡើយ។

នេះ​ជាលើក​​ទីពីរ​ហើយ​ក្នុង​រយៈ​ពេល​តែ​បី​ថ្ងៃ ដែល​កូរ៉េខាង​ត្បូង​បាន​ប្រកាសឱ្យ​ដឹង​អំពី​សកម្មភាព​​ចាប់​នាវា​រកស៊ី​ខុស​ច្បាប់​ជាមួយ​របប​ព្យុងយ៉ាង។ កាលពី​ថ្ងៃ​សុក្រ ក្រសួងការបរទេស​កូរ៉េខាង​ត្បូង បាន​ប្រកាស​ឃាត់​ខ្លួននិង​ចាប់​នាវា​ហុងកុង ពី​បទ​សង្ស័យ​នាំ​ប្រេង​៦០០តោន​ទៅលក់​ឱ្យ​កូរ៉េខាង​ជើង បំពាន​លើ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ ​កាលពី​ថ្ងៃទី ២២​ធ្នូ ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​កូរ៉េខាងជើង​ ចំពោះ​ទង្វើ​សាកល្បង​មីស៊ីល​ប៉ាលីស្ទិក​អន្តរទ្វីប។ ជា​ទណ្ឌកម្ម​ហាមឃាត់​មិន​ឱ្យ​មាន​ការ​នាំ​ចូលផលិតផល​​ប្រេង​ទៅកូរ៉េខាង​ជើង​​ ប្រមាណ​៩០% ពោល​គឺ​ត្រឹម​៥០ម៉ឺន​បារីល​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ នៅ​ក្នុង​សប្តាហ៍​នេះ​ទៀត អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ជា​លើក​ទីមួយ ក្នុង​ប្រវត្តិ​របស់​ខ្លួន បញ្ជូល​នាវា​​កូរ៉េខាង​ជើង​ចំនួន ៤​គ្រឿង ទៅ​ក្នុង​បញ្ជី​ខ្មៅ មិន​ឱ្យ​ចូល​តោង​កំពង់ផែ​ ក្នុង​ចំណោម​នាវា ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​ខុស​ពី នាវារបស់​ហុងកុង នាវា​KOTIរបស់​ប៉ាណាម៉ា គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​សង្ស័យ​របស់​អាមេរិក​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ