អានតួអត្ថបទ
កូរ៉េខាងជើង-កូរ៉េខាងត្បូង

លោកគីម ជុងអ៊ុន​សា្វគម​ឆ្នាំ ២០១៨ ជាមួយ​សារ ចង់​ផលិត​ឲ្យ​បាន​ច្រើន ក្បាល​គ្រាប់​នុយក្លេអ៊ែរ

ប្រជាជន​កូរ៉េខាងត្បូង​ឈរស្តាប់​សារ​របស់​មេដឹកនាំ​កូរ៉េខាងជើង នៅថ្ងៃ​ទី​១​មករា ២០១៨
ប្រជាជន​កូរ៉េខាងត្បូង​ឈរស្តាប់​សារ​របស់​មេដឹកនាំ​កូរ៉េខាងជើង នៅថ្ងៃ​ទី​១​មករា ២០១៨ JUNG Yeon-Je / AFP

ប្រមុខដឹកនាំ​កូរ៉េខាងជើង ចង់​ផលិត​ឲ្យ​បាន​ច្រើន ក្បាលគ្រាប់​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល។ នៅថ្ងៃ​ទី ១​មករា ឆ្នាំ ២០១៨ មេដឹកនាំ គីម ជុងអ៊ុន ថ្លែងសារ ស្វាគមន៍​ឆ្នាំថ្មី ឆ្នាំ ២០១៨ ជាមួយ​នឹង​ការអួត​បង្ហាញថា កូរ៉េខាងជើង​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ។ ក្រៅតែ​ពី​គំរាម​អួត​អាវុធ​នុយក្លេអ៊ែរ លោក​គីម ជុងអ៊ុន​បាន​បង្ហាញ​ផងដែរ​ពី​ចេតនា​ចង់​ចរចា ផ្សះផ្សារ​ជាមួយ កូរ៉េខាងត្បូង។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទ​ទី ១​មករា ២០១៨ នៅក្នុង​សារ​ថ្លែង​ស្វាគមន៍​ឆ្នាំថ្មី មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​បានអះអាង​ថា ប៊ូតុង​នុយក្លេអ៊ែរ​មាន​ជាប់​ជានិច្ច នៅ​លើតុ​ធ្វើការ​របស់​លោក។ មាន​ប៊ូតុង​នៅ​លើ​តុ​មានន័យថា លោក​គីម ជុងអ៊ុន អាច​ចុច​គ្រប់​ពេលវេលា បញ្ជា​ឲ្យ​គេ​ប្រើ​អាវុធ​នុយក្លេអ៊ែរ។ ពាក្យ​ប៊ូតុង​នេះ​សំខាន់ណាស់ ព្រោះ​វា​បញ្ជាក់​ថា រ៉េខាងជើង លែង​ចាំបាច់​ត្រូវធ្វើការ​សាកល្បង បាញ់​គ្រាប់បែក​នុយក្លេអ៊ែរត ទៅទៀត​ហើយ។ លែង​សាកល្បង​តទៅទៀត មានន័យថា កូរ៉េខាងជើង​មាន​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​បាន​សម្រេច​ដោយ​ជោគជ័យ ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​អាច​បំពាក់​នៅលើ​មីស៊ីល ​ដែល​អាច​ពាំនាំ​គ្រាប់បែក​នុយក្លេអ៊ែរ​ទៅ​បំផ្លាញ​កន្លែងណា ដែល​កូរ៉េខាងជើង ប្រាថ្នា​ចង់បាន។

នៅក្នុង​សារ​ថ្លែង​ទៅកាន់​ប្រជាជាតិ​កូរ៉េខាងជើង នៅថ្ងៃបើកស្វាគមន៍ ​ឆ្នាំថ្មី លោក​គីម ជុងអ៊ុន​បានសន្យា​ដែរ​ថា នឹង​ផលិត​ឲ្យ​បាន​ច្រើន​ក្បាល​គ្រាប់បែក​នុយក្លេអ៊ែរ និង​បង្កើន​ការពង្រាយ​តាំង​មីស៊ីល។ លោកគីម ជុងអ៊ុន​បាន​និយាយ​ថា មាន​ប៊ូតុង​នុយក្លេអ៊ែរ​នៅលើ​តុ​ធ្វើការ ក្បែរ​ដៃ​របស់លោក មិនមែន​ជា​ការគំរាម​នោះទេ ប៉ុន្តែ វា​ជា​ការពិត​មួយ។

លោក​គីម ជុងអ៊ុន​អះអាងថា គ្រាប់បែក​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺ​ជា​គ្រាប់បែក​សម្រាប់​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ ពោល​គឺ កូរ៉េខាងជើង នឹង​ប្រើ​គ្រាប់បែក​នុយក្លេអ៊ែរ ហើយ​និង​មីស៊ីល​របស់​ខ្លួន តែ​នៅពេល​ណា​ដែល​សន្តិសុខ​របស់​កូរ៉េខាងជើង​រង​ការគំរាមកំហែង វាយប្រហារ​ពី​សត្រូវ​ខាងក្រៅ​តែ​ប៉ុណ្ណោះ។

ប្រមុខដឹកនាំ​កូរ៉េខាងជើង ហាក់ និយាយ​សំដៅ គំរាម​ដល់​អាមេរិក ជាពិសេស លោក​ប្រធានាធិបតី ដូណាល់ត្រាំ ផ្ទាល់​តែម្តង។ នៅថ្ងៃ​ចន្ទនេះ លោក​គីម ជុងអ៊ុន​បាន​បញ្ជាក់ថា​ជាថ្មី មីស៊ីល​បាលីស្ទីក​អន្តរទ្វីប​របស់​កូរ៉េខាងជើង អាច​ហោះ ទៅ​វាយប្រហារ គ្រប់កន្លែង ក្នុង​ទឹកដី​អាមេរិក។

សម្រាប់​អតីត​មេបញ្ជាការ​កងទ័ពអាមេរិក លោក​Mike Mullen ដែល​ធ្លាប់​បម្រើការ​នៅ​ក្នុង​អាណត្តិ​របស់​លោកប៊ូស និង​លោក​អូបាម៉ា លទ្ធភាព​ផ្ទុះ​សង្រ្គាម​នុយក្លេអ៊ែរ​រវាង​កូរ៉េខាងជើង និង​អាមេរិក និង​នៅក្នុង​តំបន់ មាន​ច្រើន​ជាង​ពេលណាៗ​ទាំងអស់។ បើតាម លោក​ Mike Mullen លោក​មើល​មិនដឹង​ថា តើ​គេ​នឹង​អាច​ដោះស្រាយ​ភាពតានតឹង​នៅពេលនេះ ដោយ​ការចរចា​ការទូត បាន​យ៉ាងម៉េច​នោះ។

បោះដៃ​ចរចា​ជាមួយ កូរ៉េខាងត្បូង

នៅក្នុង​សារបើក​សម្ពោធ​ឆ្នាំថ្មី ប្រមុខដឹកនាំ​កូរ៉េខាងជើង មិនមែន​លើក​និយាយ​តែ​ពី​អំណាច​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នោះទេ។ លោក​គីម ជុងអ៊ុន​បាន​លើកឡើង​ផងដែរ ពី​សារៈសំខាន់​នៃ​ស្ថិរភាព និង​សន្តិភាព​រវាង​កូរ៉េទាំងពីរ។

តាំង​ពី​ចូល​កាន់តំណែង​ជា​ប្រមុខដឹកនាំ​កូរ៉េខាងជើង នេះជា​លើក​ទី១ ដែល​លោក​គីម ជុងអ៊ុន​បាន​ថ្លែង ចង់​ឲ្យ​ទំនាក់ទំនង​រវាង​បងប្អូន​កូរ៉េទាំងពីរ​ល្អ​ប្រសើរ​ឡើងវិញ។ លោក​គីម ជុងអ៊ុន ជា​លើក​ទី​១ បាន​អះអាង​ថា លោក​នឹង​បញ្ជូន គណៈប្រតិភូ​កីឡាករ​កូរ៉េខាងជើង​ទៅ​ចូលរួម នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក រដូវត្រជាក់ ដែល​ត្រូវ​រៀបចំ​ធ្វើ នៅ​ខែ​កុម្ភៈ នៅ​ក្រុង​ព្យុងឆាង ក្នុង​ប្រទេស​កូរ៉េខាងត្បូង។

លោក​គីម ជុងអ៊ុន នៅ​បាន​បង្ហាញ​ថា លោក​ចង់​ឲ្យ​ការប្រកួត​កីឡាអូឡាំពិក នៅ​ព្យុងឆាង នៅ​កូរ៉េខាងត្បូង​បាន​ទទួល​ជោគជ័យ។ សម្រាប់មេដឹកនាំ​កូរ៉េខាងជើង ការចូលរួម​របស់​កីឡាករ​កូរ៉េខាងជើង ទៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ ២០១៨ នៅ​កូរ៉េខាងត្បូង ជា​ឱកាស​មួយ សម្រាប់​បញ្ជាក់ពី​ឯកភាព​គ្នា នៃ​ប្រជាជន​កូរ៉េ​ទៅកាន់​ពិភពលោក​ទាំងមូល។ នៅ​បន្ទាប់​ពី​ការប្រកួត​កីឡាអូឡាំពិក លោក​សង្ឃឹម​ថា ការចរចា រវាង​កូរ៉េទាំងពីរ នឹង​អាច​រៀបចំឡើង នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

ភាគី​កូរ៉េខាងត្បូង បាន​ស្វាគមន៍​ចេតនា​ចូលរួម របស់​កីឡាករ​កូរ៉េខាងជើង នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក នៅ​ខែ​កុម្ភៈ​ខាងមុខ ព្រោះថា វត្តមាន​របស់​កូរ៉េខាងជើង នៅក្នុង​កីឡាអូឡាំពិក ក្នុង​ទឹកដី​កូរ៉េខាងត្បូង ច្បាស់​ជា​នឹង​ជួយ​ធានា​ការពារ​សុវត្ថិភាព និង​សន្តិសុខ យ៉ាង​ប្រាកដ ដល់​ការរៀបចំ​កីឡាអូឡាំពិក​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។ បើ​សិន​កូរ៉េខាងជើង បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ក្នុង​កីឡាអូឡាំពិក នៅ​កូរ៉េខាងត្បូង មែន​នោះ កូរ៉េខាងជើង នឹង​មិន​អាច​គំរាមកំហែង បាញ់​មីស៊ីល ដើម្បី បំផ្លាញ ព្រឹត្តិការណ៍ កីឡា​អូឡាំពិក ដែល​រដ្ឋាភិបាល​កូរ៉េខាងត្បូង ខំខ្នះខ្នែង​ចាត់ចែង​រហូតមក​នោះ​ទេ។

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចៃអ៊ីនផ្ទាល់ កាលពី​ខែ​មុន ធ្លាប់​បាន​និយាយ​ថា លោក​ចង់​ឲ្យ​កូរ៉េខាងជើង ចូលរួម​នៅក្នុង​កីឡាអូឡាំពិក នៅ​ព្យុងឆាង។ ដើម្បី​បញ្ចុះ​បញ្ចូល កូរ៉េខាងជើង ឲ្យ​ចូលរួម នៅក្នុង​កីឡាអូឡាំពិក ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ធ្លាប់​បាន​និយាយ​ថា លោកសុខចិត្ត​លើកពេល សមយុទ្ធ​ជាមួយ អាមេរិក ដែល​តាម​គម្រោង​ត្រូវ​ធ្វើ​នៅខែ កុម្ភៈ​ខាងមុខ។ ដូចគេ​ដឹងហើយថា កូរ៉េខាងជើង ប្រឆាំង​ដាច់ខាត​សមយុទ្ធ​អាមេរិក និង​កូរ៉េខាងត្បូង ដែល​ក្រុង​ព្យុងយ៉ាង​ចាត់ទុក​ជា​ផែនការ ត្រៀម​វាយ​ឈ្លានពាន​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ