អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ប៉េកាំង​សង្ឃឹម​ទាញ​ប្រយោជន៍​អ្វីខ្លះ​ពី​ទស្សនកិច្ច​របស់​លោក​ម៉ាក្រុង​នៅ​ចិន ?

សំឡេង ០៧:២០
ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និងភរិយា នៅ​ក្រុង Xi'an ភាគ​កណ្តាល​នៃ​ប្រទេស​ចិន
ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និងភរិយា នៅ​ក្រុង Xi'an ភាគ​កណ្តាល​នៃ​ប្រទេស​ចិន REUTERS/Charles Platiau

លោក អេម៉ាណុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង កំពុងបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី ៨ ដល់​ថ្ងៃទី ១០​មករា ២០១៨។ លោកម៉ាក្រុង ជា​ប្រមុខ​រដ្ឋ​ នៃ​ប្រទេស​មហាអំណាចដ៏​ដំ និង​ជា​តំណាង​រដ្ឋាភិបាល​អឺរ៉ុប​ដ៏​សំខាន់​ ដំបូងគេបំផុត ដែលធ្វើ​ដំណើរទៅ​ចិន គិត​ចាប់​តាំង​ពី​ប្រទេស​នេះ រៀប​ចំ​សមាជបក្ស​កុម្មុយនិស្ត​លើក​ទី ១៩ កាលខែ​តុលា​២០១៧មក។​

ផ្សាយពាណិជ្ជកម្ម

លោកប្រធានាធិបតី​បារាំង អេម៉ាណុយអែល​ ម៉ាក្រុង ​ចូល​ចិត្ត​ស្ថាបនា​នយោបាយការទូត​ដោយ​ភ្ជាប់​នឹង​និម្មិត្តរូប​ប្រវត្តិសាស្ត្រ និងនយោបាយ​ខ្លាំងណាស់។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​រដ្ឋ​ជា​លើក​ដំបូង នៅប្រទេស​ចិននិងនៅអាស៊ី លោកប្រធានាធិបតី​បាន​ជ្រើសរើស​ផ្តើម​ទស្សនកិច្ចនៅ​ក្រុង Xi’an។ ក្រុង​នេះ​ជា​រដ្ឋធានី​របស់​Shaanxi ល្បីល្បាញ​ខាង​មាន​ពលទាហាន​ផលិត​ពីដីឥដ្ឋ និង​ជា​ស្រុក​កំណើត​របស់គ្រួសារ​លោក​ ស៊ី ជីនពីង ហើយ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ផ្លូវ​ពាណិជ្ជកម្ម​ចិន​សម័យ​មុន​ផង។

ចំណែក​ខាង​ចិន​វិញ ចិន​ត្រូវការ​សម្ព័ន្ធ​មិត្ត ! បារាំង​ជា​ជម្រើស​ប្រសើរជាងគេ​សម្រាប់​ពេល​នេះ ! ព្រោះ​សហរដ្ឋ​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ មាន​ជំហរ​ជាតិនិយម​ខ្លាំង នៅដាច់​ពីគេឯង។ អង់គ្លេសវិញ បាន​ជ្រើសរើសការ​ដើរ​ចេញ​ពី​សហភាពអឺរ៉ុប ដូច្នេះ​មិន​អាច​ពឹង​ជា​គ្នា​យក​មក​ពី​ទន្ទល់​ឱ្យ​ចិនប្រចាំ​អឺរ៉ុប​បាន​ឡើយ។ ឯ​ចំណែក​អាល្លឺម៉ង់របស់​លោកស្រី មែរកិលវិញ បោះឆ្នោត​ជាប់​ជាង​បី​ខែ​ហើយ តែ​កំពុងត្រដាបត្រដួស​បង្កើត​រដ្ឋាភិបាល​មិន​ទាន់​ចេញ​ផង​។

ក្នុង​ស្ថានភាព​បែប​នេះ ប៉េកាំង​មើល​ឃើញ​មាន​បារាំង​តែ​ម្នាក់គត់​ដែល​ ​ជា​ដៃគូ ដ៏ប្រពៃ​បំផុត សម្រាប់​ជួយ​បំពេញ​មហិច្ឆតា​ដើរតួនាទីជួរ​មុខ​លើ​ឆាក​អន្តរជាតិ មិន​ថា​ក្នុង​សំណុំ​រឿង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឡើង​កម្តៅ​ភពផែនដី ក្នុង​វិបត្តិកូរ៉េខាង​ជើង ...

​ដៃគូ​នយោបាយ​ចិន-បារាំង

ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​នយោបាយ​ចិន ដោយ​ផ្តើម​ពី​លោកប្រធានាធិបតី​ចិន លោក​នាយក​រដ្ឋមន្ត្រី​ លី ខឺឈាំង និង​ឥស្សរជន​នយោបាយ​ជា​ច្រើន​ទៀត ត្រូវ​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃអង្គារ​ស្អែក នេះ​បើ​តាម​កាលវិភាគ។

​ថ្វីដ្បិត​តែ​បារាំង​និង​ចិន​ មាន​ទស្សនៈ​នយោបាយ​ផ្ទុយ​គ្នា​ក្តី ក៏​មាន​ចំណុច​ខ្លះ​ប្រទេស​ទាំង​ពីរ​ត្រូវ​គ្នា​ដែរ។ បារាំង​អាច​​ដើរ​តួជា​អន្តរការី​បាន​គ្រប់រឿង។

​សំណុំ​រឿង​កូរ៉េខាង​ជើង បើ​តាម​អ្នក​កាសែត​ចិនម្នាក់ ប៉េកាំង​ទំនង​ជា​ត្រៀម​នឹង​ទទួល​យក​សំណើដំណោះស្រាយ​វិបត្តិ​កូរ៉េខាងជើង​​ដោយ​សន្តិវិធីរបស់​បារាំង​ផង​បើមាន។ ព្រោះ​បើ​បារាំង​និង​ចិន​ចាប់ដៃ​​រួម​គ្នា​ នោះអ្វីៗ​ពិត​ទៅ​មុខ​លឿន ហើយ​អាច​ប្តូរ​ផ្លាស់​ស្ថានការណ៍​បាន។

នៅក្នុង​សំណុំ​រឿង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ប្រធានាធិបតី​បារាំង ទំនង​ចង់​ស្នើ​សុំ​ឱ្យ​ប៉េកាំង​ចូល​ជួយ​ក្នុង​បេសកកម្ម​ប្រឆាំង​ពួក​ជីហាត នៅ​អាហ្វ្រិក​។ បញ្ហា​បរិស្ថាន ក៏​មិន​ត្រូវ​បាន​មើល​រំលង​ដែរ។ មុន​នឹង​ចាក​ចេញ​ពី​ប្រទេស​ លោក​ម៉ាក្រុង បាន​ព្រលយ​ឱ្យ​ដឹង​ថា ចិន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​អាកាសធាតុ ! បារាំង​នឹង​ទៅ​ជំរុញ​ចិនឱ្យ​ចូល​រួម​ជាមួយ​បារាំង​ឱ្យ​បាន​កាន់​តែ​ខ្លាំង ជាពិសេស​រឿង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិក។ ចិន​បាន​ផ្តួច​ផ្តើម​គំនិត​ច្រើន​មក​ហើយ​ក្នុង​បញ្ហា​នេះ​ គួរ​ឱ្យ​លើក​ទឹកចិត្ត។

ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ និ​ង​លំនឹង​ពាណិជ្ជកម្ម

ទស្សនកិច្ច​ជា​លើក​ដំបូង​នេះ មាន​កម្មវត្ថុ​ចងភ្ជាប់​ទំនាក់ទំនង​បុគ្គល​រវាង​លោក ម៉ាក្រុង​និង​លោក​ស៊ី ជីនពីង និង​ស្ថាបនា​សម្ព័ន្ធភាព​ក្នុង​សំណុំរឿង​អាកាសធាតុ ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម កូរ៉េខាង​ជើង ឬ​ស៊ីរី​មែន​ហើយ តែ​លោក​ប្រធានាធិបតីក៏​សង្ឃឹម​ថា​នឹង​ទាញ​ប្រយោជន៍​សេដ្ឋកិច្ច​បាន​ខ្លះ​ដែរ។

អម​ដំណើរ​ដោយ​លោកស្រី​ ប្រ៊ីហ្ស៊ីត​ ម៉ាក្រុង ជា​ភរិយា ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស​ចិន​ លោកម៉ាក្រុង​ក៏​បាននាំ​ប្រធានក្រុមហ៊ុនសហគ្រាស​បារាំង​ធំៗ​ចំនួន​ជាង​៥០​រូប​ទៅ​ជាមួយ​ផង ដូច​ជា​ក្រុមហ៊ុន​ផលិតផល​ប្រណិត LVMH សណ្ឋាគារ អាកាសចរណ៍ នុយក្លេអ៊ែរ ធនាគារ ... ដោយ​សង្ឃឹម​ថា​នឹង​អាច​មានការ​ប្រកាស​ចុះ​កិច្ចសន្យា​ពាណិជ្ជកម្ម វប្បធម៌ ​ធំៗជាមួយ​ចិន បាន​យ៉ាងហោច​៥០។

ចំណែក​ចិន ក្តីសង្ឃឹម​ដ៏​ធំ​របស់​គេ គឺ​ចង់​ឃើញ​បារាំង​គាំទ្រ​គម្រោង​យក្ស “ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ” ផ្លូវពាណិជ្ជកម្មជើងគោក ត​ភ្ជាប់​ទ្វីបអាស៊ីមក​អឺរ៉ុប​ ដែល​ផ្តល់​ប្រយោជន៍​ឱ្យ​ភាគីចិន។ នេះ​ហើយ​ជា​វិញ្ញាសា​របស់​លោក​ម៉ាក្រុង​ដែល​ត្រូវ​បំពេញ​នៅ​ក្នុង​ទស្សនកិច្ច​នេះ គឺ​បញ្ជាក់​អំពី​លក្ខខណ្ឌ​របស់​អឺរ៉ុប​ដែល​ទាមទារ​ចង់បាន។ នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ចិន ពី​ក្រុង ស៊ីអាន លោក​ម៉ាក្រុង បាន​គាំទ្រ​គម្រោង​ផ្លូវមួយខ្សែក្រវ៉ាត់​មួយ​របស់​ចិន និង​បានសន្យា​ធ្វើ​ជា​ក្បាល​ម៉ាស៊ីន​ស្ថាបនា​ចំណងចិន​និងអឺរ៉ុបនេះ​ ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ ៖ អឺរ៉ុប​ជាដៃគូស្មើភាព ច្បាប់​ហិរញ្ញវត្ថុ​មាន​ស្តង់ដារអឺរ៉ុប និង​ដូច​អ្វី​គ្រប់ភាគី​ចង់បាន ពោល​គឺ​ជាពាណិជ្ជកម្ម​មាន​លំនឹង ចែកផ្លូវ​គ្នា​រកស៊ី មិន​អាច​យក​ចំណេញ​តែ​ម្នាក់​ឡើយ។

លោកម៉ាក្រុង​ក៏​ដូច​ជា​ប្រធានាធិបតី​បារាំង​មុនៗ មាន​មហិច្ឆតា​ធំ​ចង់​ធ្វើ​ឱ្យ​មាន​លំនឹង​ពាណិជ្ជកម្ម​ជាមួយ​ចិន ព្រោះ​ជា​ទូទៅ​ការរកស៊ី​ជាមួយ​ចិន​ច្រើន​តែ​ផ្អៀង​ទៅ​ខាង​ចិន។ កាលពី​ឆ្នាំ​២០១៥ បារាំង​មាន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដល់​ទៅ ២៥ពាន់​លាន និង​ឡើង​ដល់​ជិត​៣០ពាន់​លាន​នៅ​ឆ្នាំ​២០១៦។ នៅ​ថ្ងៃនេះ បើ​តាមវិមាន​ប្រធានាធិបតី លោក​ម៉ាក្រុងនឹងប្រឹង​​ទៅនិយាយ​ជាមួយ​ចិន ឱ្យ​បើក​ទីផ្សារ​ចិន​ឱ្យ​បារាំង និង​អំពី​លក្ខខណ្ឌ​នៃ​ការ​ប្រកួតប្រជែងពាណិជ្ជកម្ម​ ដើម្បី​ឱ្យ​មាន​សមភាព​និង​លំនឹង​ប្រសើរ​ឡើង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ