អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​ក្តៅក្រហាយ នៅពេល​ឃើញ​អាមេរិក​ចង់​ត្រលប់​ទៅ​ចង​សម្ព័ន្ធ​ការទូត​ជាមួយ​តៃវ៉ាន់?

ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង(ឆ្វេង) និង​នាយករដ្ឋមន្រ្តី​លី ខឺឆាំង(ស្តាំ) ទះដៃ នៅពេល​លោក​យូ ចេងស្ហេង Yu Zhengsheng ប្រធាន​សន្និសីទ​ the Chinese People's Political Consultative Conference (CPPCC)​ឡើង​ថ្លែង​សុន្ទរកថា នៅថ្ងៃ​សៅរ៍ទី​៣​មីនា ២០១៨
ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង(ឆ្វេង) និង​នាយករដ្ឋមន្រ្តី​លី ខឺឆាំង(ស្តាំ) ទះដៃ នៅពេល​លោក​យូ ចេងស្ហេង Yu Zhengsheng ប្រធាន​សន្និសីទ​ the Chinese People's Political Consultative Conference (CPPCC)​ឡើង​ថ្លែង​សុន្ទរកថា នៅថ្ងៃ​សៅរ៍ទី​៣​មីនា ២០១៨ © REUTERS/Jason Lee

ចិន​ចង់​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​តៃវ៉ាន់។ លោក​យូ ចេងស្ហេង ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទី ៤​របស់​បក្ស​កុម្មុយនិស្ត​ចិន បាន​និយាយ​យ៉ាងដូច្នេះ នៅ​ថ្ងៃ​សៅរ៍ នេះ នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​របស់​សន្និសីទ​ពិគ្រោះ​នយោបាយ​ប្រជាជន​ចិន។ ចិន​បង្ហាញ ជំហរ​ ចង់ រឹតចំណង​មិត្តភាព​ជាមួយ​កោះតៃវ៉ាន់ នៅ​ពីរថ្ងៃ​ក្រោយ ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​មួយ ដែល​ជំរុញ​លើក​ទឹកចិត្ត​ថ្នាក់ដឹកនាំ​តៃវ៉ាន់ ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​​ជា​ញឹកញយ ក្នុង​ទឹកដី​អាមេរិក។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​របស់​សន្និសីទ ពិគ្រោះ​នយោបាយ​របស់​ប្រជាជន​ចិន នៅថ្ងៃ សៅរ៍នេះ ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​មួយរូប របស់​បក្ស​កុម្មុយនិស្ត របស់​ចិន គឺ​លោក​យូ ចេងស្ហេង បាន​លើកថ្លែង ពី​ការពង្រឹង​មិត្តភាព ជាមួយ​តៃវ៉ាន់ ដែល​ប៉េកាំង​នៅតែ​ចាត់ទុក ជា​ដីកោះ ចំណែក​មួយ នៃ​ទឹកដី​របស់​ចិន។

 

នៅមុខ​គណៈប្រតិភូ ចិន ២ពាន់​រូប ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​សន្និសីទ ពិគ្រោះ​នយោបាយ​របស់​ប្រជាជន​ចិន លោក​យូ ចេងស្ហេង ប្រធាន​របស់​សន្និសីទ បាន​និយាយ​ថា បក្ស​កុម្មុយនិស្ត ចិន​នឹង​ពង្រឹង​សាមគ្គីភាព និង​មិត្តភាព​ជាមួយ ប្រជាជន​រួមជាតិ ចិន នៅ​ហុងកុង តៃវ៉ាន់ ម៉ាកាវ និង​នៅ​បរទេស។ លោក​យូ ចេងស្ហេង មិន​បាន​និយាយ​ដល់​ច្បាប់​ថ្មី​របស់​អាមេរិក ដែល​បាន​លើកទឹកចិត្ត​ឲ្យ​មន្រ្តី​តៃវ៉ាន់​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក​នោះទេ។

 

នៅថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការបរទេស​ចិន បាន​សំដែង​ការមិន​ពេញចិត្ត និង​បាន​បញ្ជូន​សំបុត្រ​តវ៉ា​របស់​ខ្លួន ទៅ​រដ្ឋបាល​អាមេរិក នៅក្រោយ ពេល​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​ច្បាប់ ទេសចរណ៍​តៃវ៉ាន់ កាលពី​ថ្ងៃ​ពុធ។ កាសែត​រដ្ឋចិន ដែល​ជាឧបករណ៍​ឃោសនា​របស់​បក្ស​កុម្មុយនិស្ត​ចិន​វិញ បាន​ប្រតិកម្ម​ប្រឆាំង​ខ្លាំង និង​សរសេរ​គំរាម​ប្រើពាក្យ​ធ្ងន់ៗ រហូតថា នឹង​កើត​មាន​ផ្ទុះ​សង្រ្គាម បើសិន​តៃវ៉ាន់ ងាក​ទៅ​ពឹង​កម្លាំង​បរទេស។

 

នៅក្នុង​ច្បាប់​ទេសចរណ៍ តៃវ៉ាន់ ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត អនុម័ត នៅថ្ងៃ ពុធ គេ​បាន​សរសេរ​ថា ការធ្វើ​ទស្សនកិច្ច​របស់មន្រ្តី​តៃវ៉ាន់ មក​អាមេរិក ឬ​ដំណើរ​ទស្សនកិច្ច​របស់​មន្រ្តី​អាមេរិក​ទៅ​តៃវ៉ាន់ ត្រូវ​ចាត់ចូល​ក្នុង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​អាមេរិក។ នៅ​អាមេរិក មន្រ្តី​តៃវ៉ាន់ ត្រូវ​ទទួល​ដោយ​រាក់ទាក់ និង​គោរព​បំផុត ដោយ​មន្រ្តី​រដ្ឋាភិបាល​អាមេរិក។ ច្បាប់​ទេសចរណ៍​តៃវ៉ាន់ ត្រូវ​បាន​បោះឆ្នោត​រួចហើយ​ដោយ​សភា​អ្នកតំណាងរាស្រ្ត ដោយ​នៅ​រង់ចាំ​តែ​ការចុះ​ហត្ថលេខា​ចុងក្រោយ​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​តែប៉ុណ្ណោះ។ ប៉ុន្តែ ដោយសារ​តែ​ច្បាប់នេះ ត្រូវ​បាន​សភា ទាំងពីរ​ជាន់ថ្នាក់ បោះឆ្នោត​គាំទ្រ អនុម័ត​ដោយ​សំឡេង​ភាគច្រើន គេ​រំពឹងថា លោកដូណាល់ ត្រាំ នឹង​ចុះ​ហត្ថលេខា ឲ្យ​ច្បាប់​ចូល​ជាធរមាន ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

 

តើ​អាមេរិក​កំពុង​ត្រលប់​ទៅ​ចង​ចំណងការទូត​ឡើងវិញ ជាមួយ​តៃវ៉ាន់?

អាមេរិក បាន​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ រដ្ឋាភិបាល​តៃវ៉ាន់ នៅ​ឆ្នាំ ១៩៧៩។ ឆ្នាំ ដែល​អាមេរិក​បាន​សម្រេច​ទទួល​ស្គាល់​រដ្ឋាភិបាល​ចិន​ដីគោក។ ប៉ុន្តែ រហូត​មក ទោះបី​ជា​ងាមេរិក​គ្មាន​ស្ថានទូត​របស់ខ្លួន ប្រចាំ​តៃវ៉ាន់ អាមេរិក​នៅ​តែ​បន្ត​ទំនាក់ទំនង​ស្រពិចស្រពិល ជាមួយ តៃវ៉ាន់​រហូតមក។ ជាក់ស្តែង ទោះជា​អាមេរិក​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ ប៉ុន្តែ អាមេរិក​នៅ​តែ​បន្ត​ទំនាក់ទំនង ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​តៃវ៉ាន់​តាមរយៈ ច្បាប់ ទំនាក់ទំនង​តៃវ៉ាន់។ ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៧៩ ឆ្នាំ ដែល​អាមេរិក​ងាក​ទៅ​ទទួល​ស្គាល់​ចិន​តែមួយ បាន​អនុញ្ញាត​ឲ្យ​អាមេរិក​បន្ត​លក់​សព្វាអាវុធ និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កោះតៃវ៉ាន់ នោះបើទោះបី​ជា​ប្រទេស​ទាំងពីរ គ្មាន​ចំណងការទូត​នឹង​គ្នា​ក៏ដោយ។

 

លោកដូណាល់ ត្រាំ ផ្ទាល់​ធ្លាប់​ទាំង​បានធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ ព្រោះ​នៅក្រោយ​ពេល​ជាប់ឆ្នោតជា​ប្រធានាធិបតី​ភ្លាម លោក​បាន​យល់ព្រម​ទទួល​ទូរស័ព្ទ អបអរ​ពី​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវេន។ អាច​ថា លោក​ដូណាល់ ត្រាំ​ជា​ប្រធានាធិបតី​ទី១​របស់​អាមេរិក ដែល​ទទួល​ទូរស័ព្ទ ពី​ថ្នាក់ដឹកនាំ​តៃវ៉ាន់។ លោកដូណាល់ ត្រាំ បានធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ខឹង​ខ្លាំង​មួយជាន់​ទៀត នៅពេល​សម្រេច​យល់​ព្រម​ឲ្យ​មានការលក់​អាវុធ​អាមេរិក​តម្លៃ ១ពាន់ ៣រយលាន​ដុល្លារ ទៅ​ឲ្យ​តៃវ៉ាន់ កាលពី​ខែ​កក្កដា​ឆ្នាំមុន។

សូមអាន៖ចិនគំរាមចំៗ ប្រធានាធិបតី​តៃវ៉ាន់ថ្មី​​មិន​ឱ្យ​​​រើ​ខ្លួន​ទារ​ឯករាជ្យ

លើកនេះ ប៉េកាំង​កាន់​ប្រឆាំង​ខ្លាំងនឹង​អាមេរិក ព្រោះ​ប៉េកាំង អាច​គិតថា ​ច្បាប់​ទេសចរណ៍​តៃវ៉ាន់ ដែលលោក​ដូណាល់ ត្រាំ នឹង​ចុះ​ហត្ថលេខា​ផ្តល់​សុពលភាព នេះ អាច​ជា​មហិច្ឆតា​ប៉ង​របស់​អាមេរិក ដែល​​ចង់​ទៅ​ពង្រឹង​ចំណង​ការទូត​ឡើង​វិញ ជាមួយ តៃវ៉ាន់។

 

មួយភាគបី​នៃថវិកា​យោធា​ចិន សម្រាប់​វាយឈ្លានពាន​កោះតៃវ៉ាន់

ក្រុង​ប៉េកាំង​ប្រើ​គ្រប់​មធ្យោបាយ ទាំងត្រជាក់ និង​ក្តៅ ដើម្បី ធានាថា កោះតៃវ៉ាន់ ជា​ចំណែកមួយ​នៃទឹកដី​ចិន។ ចិន​ធ្លាប់​បាន​អះអាង​ហើយ​ថា នឹងចូល​គ្រប់គ្រង តៃវ៉ាន់ បើទោះបី​ជា​ប្រើ​កម្លាំង​យោធា បើសិន​តៃវ៉ាន់ ទាមទារ​ប្រកាស​ឯករាជ្យពី​ចិន។ ចិន​ធ្លាប់​បាន​ប្រើ​យុទ្ធសាស្រ្ត​ស្រទន់ ដូចជា​នៅ​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ ជាមួយ​តៃវ៉ាន់ ប៉ុន្តែ អំណត់ធ្មត់​របស់​ចិន​នឹង​មាន​កំណត់ ជាពិសេស នៅពេល​ដែល​ចិន​ឃើញ​កោះតៃវ៉ាន់​ចេះតែ​បំពាក់​សព្វាវុធ ដែល​ទិញ​ពី​អាមេរិក។

 

តាម​ឯកសារ​របស់​កងទ័ព​ចិន ដែល​បាន​បែក​លេចធ្លាយ​មក​ដល់​ដៃ​អ្នកកាសែត រដ្ឋាភិបាល​ចិន បាន​រក្សា ទុកចំណែក​មួយភាគបី នៃ​ថវិកា​យោធា​ចិន សម្រាប់​គម្រោងការ​​វាយចូល​គ្រប់គ្រង​កោះតៃវ៉ាន់ ដើម្បី​សម្រេច​ក្តីសុបិន្ត នៃ​ការបង្រួបបង្រួម​ចិន​ឡើងវិញ។ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ផ្ទាល់​ មិន​ដែល​លាក់បាំង​ទេ ថា ចង់​ដោះស្រាយ​រឿងតៃវ៉ាន់​ឲ្យ​ចប់ នៅ​ក្នុង​អាណត្តិ​របស់​លោក។ ប្រភព​ខ្លះ​បាន​លើកឡើង​ថា យ៉ាងយូរ បំផុត នឹង​កើតមាន នៅឆ្នាំ ២០២០ ប៉ុន្តែ អ្នកជំនាញ​ជាច្រើន​វាយតម្លៃថា ការលើកឡើង​នេះ មិនគួរ​ឲ្យ​ជឿជាក់ និង​ថា វា​មិន​អាច​កើតឡើង​ទៅរួចទេ ព្រោះថា ចិន​សព្វថ្ងៃ ផ្តោត​ខ្លាំង​ទៅលើ​ផលប្រយោជន៍​សេដ្ឋកិច្ច។ សង្រ្គាម​វាយប្រហារ​ណាមួយ ជាមួយ​តៃវ៉ាន់ នឹងប៉ះពាល់​ខ្លាំង​ដល់​ប្រយោជន៍​សេដ្ឋកិច្ច​របស់ចិន​មុនគេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ