អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង ចង់​ស្ថាបនា​ផ្លូវថ្មី ឥណ្ឌូប៉ាស៊ីហ្វិក ជាមួយ​អូស្ត្រាលី

សំឡេង ០៦:៣៩
លោក Emmanuel Macron និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcom Turnbull និង​ភរិយា​នៅ​សាល​មហោស្រព​ក្រុង​ស៊ីននី ថ្ងៃទី ១​ឧសភា ២០១៨
លោក Emmanuel Macron និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcom Turnbull និង​ភរិយា​នៅ​សាល​មហោស្រព​ក្រុង​ស៊ីននី ថ្ងៃទី ១​ឧសភា ២០១៨ AAP/Mick Tsikas/via REUTERS

លោក​ប្រធានាធិបតី​បារាំង អេម៉ាណុយអែល ម៉ាក្រុង កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​អូស្ត្រាលី រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ទី​៣ ឧសភា។ វត្តមាន​របស់​លោក​ម៉ាក្រុង ក្នុង​ទឹក​ដី​អូស្ត្រាលី​ មិន​មែន​ជា​ដំណើរ​ចូល​ជួប​​គួរសម​ទេ។ កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ មាន​ល្អូកល្អឺន និង​ស្អិតល្មួត​កាន់​តែ​ខ្លាំ​ងឡើងៗ។ ប្រមុខដឹកនាំ​ទាំង​ពីរ​បាន​បង្ហាញ​ឆន្ទៈ​ ចង់​ស្ថាបនា​ភាព​ជា​ដៃគូ​រវាង​គ្នា​ឱ្យ​កាន់​តែ​ស៊ីជម្រៅ ដោយ​ឈរ​លើ​អាទិភាព​ចំបង​ពីរ ៖ សេដ្ឋកិច្ច​និង​សន្តិសុខ។

ផ្សាយពាណិជ្ជកម្ម

បារាំង​និង​អូស្ត្រាលី​កំពុង​បង្ហាញ​ភាព​ល្អូនល្អឺន​នឹង​គ្នា​ខ្លាំង​ណាស់ ! អូស្រ្តាលី​បាន​រៀប​ចំ​ទទួល​​លោក​ប្រធានាធិបតី​បារាំង អេម៉ាណុយអែល ម៉ាក្រុង យ៉ាង​គគ្រឹកគគ្រេង។ លោក​ ម៉ាក្រុង​បាន​អរគុណ​អូស្ត្រាលី ដែល​​ធ្លាប់​បាន​បញ្ជូន​ទាហាន​មក​ជួយ​បារាំង​ក្នុង​សម័យ​សង្គ្រាមលោក។

ផ្លូវ​ឥណ្ឌូប៉ាស៊ីហ្វិក បារាំង​ឥណ្ឌា​អូស្ត្រាលី

មាន​កិច្ចព្រមព្រៀ​រវាង​ស្ថាប័ន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ច្រើន​ត្រូវ​បាន​ចុះ​ហត្ថលេខា​ នា​ឱកាស​​ទស្សនកិច្ច​របស់​លោក ម៉ាក្រុង នៅ​អូស្ត្រាលី។ ជា​កិច្ចព្រមព្រៀង​ដែល​មាន​ទិស​ដៅ​ទ្រទ្រង់និង​ផ្តល់​សន្ទុះ​ដល់​ការ​​​បង្កើត​ ផ្លូវ​ថ្មី ឥណ្ឌូប៉ាស៊ីហ្វិក។

ប្រមុខ​ដឹកនាំបារាំង​និង​អូស្ត្រាលី បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​រួម​គ្នា ចំពោះ​​ហានិភ័យ​ និងការ​គំរាមកំហែងជាក់​ស្តែងនៅ​ក្នុង​តំបន់ ដោយ​បង្ហាញ​ឆន្ទៈ​រួម​​​​ប្រែក្លាយ​ ដៃគូ​បារាំង​និង​អូស្ត្រាលី ឱ្យទៅ​​ជា​តួអង្គ​ថ្មី​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ បើ​តាម​លោក​ម៉ាក្រុង អូស្ត្រាលី​និង​បារាំង​ នឹង​​​ស្ថាបនា​គន្លងផ្លូវ​​ឥណ្ឌូប៉ាស៊ីហ្វិក​ថ្មី ដើម្បី​ធានា​រ៉ាប់រង​ប្រយោជន៍​សេដ្ឋកិច្ច​ផង សន្តិសុខផង។ គន្លង​ផ្លូវ​ថ្មីគឺ​ជា​ត​ភ្ជាប់​ បារាំង​នឹង​អូស្ត្រាលី​តាម​រយៈ​ឥណ្ឌា។ កិច្ចចរចា​​ត្រីភាគី បារាំង​ឥណ្ឌា​អូស្ត្រាលី ត្រូវជា​តួនាទី​ស្នូល​នៃ​ការ​ស្ថាបនា​គន្លង​ផ្លូវ​ថ្មី។ ផ្លូវ​ឥណ្ឌូប៉ាស៊ីហ្វិក ឬ​ផ្លូវ​នៃ​សេរីភាព ដែល​ក្លាយ​ជា​ជម្រើស​មួយ​ទៀត​ ដើម្បី​ផ្តល់​សេរីភាព​ដល់​បណ្តា​​ប្រទេស​ក្នុង​តំបន់កុំ​ឱ្យ​រំពឹង​តែ​លើ​ផ្លូវ​សូត្រ​របស់​ចិន។

​បុរស​រដ្ឋ​ទាំង​ពីរ បាន​ធានាអះអាង​នៅ​ថ្ងៃ​នេះ ថា គំនិត​ផ្តួច​ផ្តើម ស្ថាបនា​ ផ្លូវ​ថ្មី​នេះ​ មិនមែន​ដើម្បី​ប្រឆាំង​នឹង​ចិន​ដែល​ជា​ជំហរ​សេដ្ឋកិច្ច​ក្នុង​តំបន់​ទេ ប៉ុន្តែ​ដើម្បី​រក្សា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដែល​ឈរ​លើ​ក្បួន​ច្បាប់ ដើម្បី​រក្សា​​លំនឹង​ក្នុង​តំបន់​ និង​ដើម្បី​បញ្ចៀសទង្វើ​អនុត្តរភាព។

​កិច្ចព្រមព្រៀងសន្តិសុខ

នៅ​ក្នុង​វិស័យ​ការពារ​ជាតិ ប្រមុខរដ្ឋ​​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ទ្វេភាគី​ ផ្គត់​ផ្គង់​សម្ភារៈ​បរិក្ខា​រ​ ​ឱ្យកងទ័ព​​គ្នា​ទៅ​វិញ​ទៅ​មក។ កិច្ចព្រមព្រៀង​សន្តិសុខ​អ៊ីនធ័រនែត ក៏​ត្រូវ​បាន​ចុះ​ហត្ថលេខា តាម​រយៈ​លិខិត​បង្ហាញ​ឆន្ទៈ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​​រវាង​ភ្នាក់ងារ​ការពារ​សន្តិសុខ​​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ជាតិ​បារាំង(ANSSI) ​និង​ភ្នាក់ងារ Australian Cyber Security Centre (ACSC) ​អូស្ត្រាលី។

លោក​ម៉ាក្រុង និង​លោកMalcon Turnbull ក៏​បាន​សម្រេច​ចុច​​​លម្អិត​​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អាវុធ និង​ពិសេស​លើ​​​​កិច្ចសន្យា​លក់​សព្វាវុធ​ ចុះ​ហត្ថលេខា​​កាលពី​ឆ្នាំ​២០១៦ ស្តី​អំពី​ការ​ប្រគល់​នា​វា​មុជទឹក ជំនាន់​ក្រោយ​ចំនួន ​១២​គ្រឿង​​ ទៅឱ្យ​អូស្ត្រាលី។

ស្តី​អំពី​បញ្ហាបរិស្ថាន​វិញ លោក ប្រធានាធិបតី​បារាំង និង​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី បាន​កត់ត្រា​ជាផ្លូវការ​នូវការ​ដាក់​ឱ្យ​ដំណើរការ​ផែនការផ្តួចផ្តើម​​រួម ​ស្តីពីការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​អាកាសធាតុ​ ដើម្បីការពារ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ដែល​ជា​បេតិកភ័ណ្ឌ​រួម​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ