អានតួអត្ថបទ
ឥណ្ឌា

ព្យុះខ្សាច់ សម្លាប់​មនុស្ស​ជាង​១០០​នាក់ នៅ​ឥណ្ឌា

ព្យុះខ្សាច់​ដ៏​កំណាច សម្លាប់​មនុស្ស​ដ៏​ច្រើន​មិនធ្លាប់មាន​នៅ​ឥណ្ឌា នៅថ្ងៃទី ២ និងទី​៣​ឧសភា ២០១៨
ព្យុះខ្សាច់​ដ៏​កំណាច សម្លាប់​មនុស្ស​ដ៏​ច្រើន​មិនធ្លាប់មាន​នៅ​ឥណ្ឌា នៅថ្ងៃទី ២ និងទី​៣​ឧសភា ២០១៨ ©REUTERS/Stringer

យ៉ាងហោចណាស់​មនុស្ស​១៥០​នាក់ បាន​បាត់បង់​ជីវិត ដោយសារ​ព្យុះកំណាច ដែល​បាន​បោកបក់​ទៅ​លើ​តំបន់​ភាគខាងជើង​ឥណ្ឌា នៅ​សប្តាហ៍​នេះ។ ឥណ្ឌា​រងគ្រោះ​បោកបក់ ដោយសារ​ខ្យល់ព្យុះ​ខ្សាច់ ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ គេ​កម្រ​នឹង​ឃើញ ​ជន​រងគ្រោះ ស្លាប់ ដោយសារ​ព្យុះកំណាច ក្នុង​ចំនួន​ដ៏ច្រើន ដូច​លើកនេះ​ណាស់។ 

ផ្សាយពាណិជ្ជកម្ម

តុល្យការ​ចុងក្រោយ​របស់​អាជ្ញាធរ​ឥណ្ឌា បាន​បង្ហាញ​ថា មនុស្ស​យ៉ាងតិច ១៥០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត នៅក្នុង​គ្រោះថ្នាក់​រលំបាក់​ផ្ទះ ឬ​ដើមឈើ ដែល​មិនអាច​ទប់ទល់​នឹង​កម្លាំង​ព្យុះខ្សាច់ ដែល​បក់ ផ្លាស់ទី ក្នុង​ល្បឿន ១៣០គីឡូម៉ែត្រ ក្នុង​មួយម៉ោង។

តាំង​ពី​យប់​ថ្ងៃ​ពុធ រហូត​ដល់​ថ្ងៃ ព្រហស្បតិ៍ រន្ទះ រាប់ម៉ឺន និង​ព្យុះកំណាច បាន​រំលើង​ដើមឈើ បង្គោល​អគ្គិសនី និងបោកបក់​ផ្ទះសម្បែង​ជាច្រើន​រយខ្នង នៅ​តំបន់​ភាគខាងជើង ឥណ្ឌា។ នៅ​រដ្ឋ​អុតា ប្រាដែស រដ្ឋដែល​ក្រីក្រ​ជាងគេ​នៅ​ឥណ្ឌា អាជ្ញាធរ គ្រប់គ្រង​គ្រោះមហន្តរាយ ឥណ្ឌា​បាន​ស្រង់​ឃើញ មានមនុស្ស​ស្លាប់ ៧៣​នាក់។ ជាតួលេខ​ដ៏ច្រើន មិនធ្លាប់មានពីមុនមក។ នៅ​ខែ​កុម្ភៈ ព្យុះកំណាច​ធ្លាប់​បាន​បោកបក់ បំផ្លាញ ប៉ម​ពីរ​របស់​វិមាន​ដ៏ល្បីល្បាញ​របស់​ឥណ្ឌា Taj Mahal ប៉ុន្តែ មិន​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ស្លាប់​បាត់បង់​ជីវិត​នោះទេ។

វិទ្យាស្ថាន​ឧតុនិយម​ឥណ្ឌា ​បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាជន​ប្រុងប្រយ័ត្ន ព្រោះថា ព្យុះខ្សាច់​នឹង​អាច​កើតមាន​ជាថ្មី ពីពេលនេះ រហូត​ដល់​ថ្ងៃ​អង្គារ។ អាជ្ញាធរ​ឥណ្ឌា​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​គេងលក់​ក្រៅផ្ទះ ដែល​ជា​ទម្លាប់​របស់​ប្រជាជន​ឥណ្ឌា ក្រីក្រ នៅ​រដូវក្តៅ។

តាមអ្នកព្យាករ​ឧតុនិយម​ឥណ្ឌា ខ្យល់ព្យុះ​ខ្សាច់​កើតឡើង ដោយសារ​បាតុភូត​ធម្មជាតិ ដែល​បណ្តាល​មកពី​ការជួបគ្នា នៃ​ប្រព័ន្ធអាកាសធាតុ ខាងលិច និង​ខាងកើត នៅ​ពីលើ​វាលទំនាប​ភាគខាងជើង​ឥណ្ឌា។ កាសែត​ក្នុង​ស្រុក​ឥណ្ឌាវិញ ចុះផ្សាយ​ថា ខ្យល់ព្យុះ​ដ៏​មាន​កម្លាំងខ្លាំង កើតឡើង​ក៏​ដោយសារ​តែ សីតុណ្ហភាព​ដែល​ឡើងខ្ពស់​ខុសពីធម្មតា បាន​ប៉ះជួប​ជាមួយ នឹងខ្យល់សើម។ គេ​វាយតម្លៃ គ្រោះធម្មជាតិ ដូចជា​ខ្យល់ព្យុះ​នឹង​ឧស្សាហ៍​កើតមាន ដោយសារ​តែ​ការប្រែប្រួល​នៃ​អាកាសធាតុ​នៅលើ​ផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ