អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅពេល​ដែល​ចិន​ចាប់អារម្មណ៍​តំបន់​ដើមបូព៌ា

សំឡេង ០៥:៣២
ស្តេចតកូវ៉ែត Sheikh Sabah Al-Ahmad Al- Jaber Al-Sabah​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ចិន លោកនៅ​វិមាន​ប្រជាជន នៅទីក្រុង​ប៉េកាំងនៅថ្ងៃទី ៩​កក្កដា ២០១៨
ស្តេចតកូវ៉ែត Sheikh Sabah Al-Ahmad Al- Jaber Al-Sabah​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ចិន លោកនៅ​វិមាន​ប្រជាជន នៅទីក្រុង​ប៉េកាំងនៅថ្ងៃទី ៩​កក្កដា ២០១៨ ©Andy Wong/Pool via REUTERS

នៅ​ចំពោះ​មុខ​អ្នកតំណាង​ប្រទេស​អារ៉ាប់​ចំនួន ២១ ប្រធានាធិបតី​ចិន នៅថ្ងៃ​អង្គារ​ម្សិលមិញ បាន​សន្យា​ផ្តល់​ប្រាក់​កម្ចី ២០ពាន់​លាន​ដុល្លារ ហើយ​និង​ប្រាក់ជំនួយ ១០៦លាន​ដុល្លារ សម្រាប់​ប្រទេស​នៅ​តំបន់​ដើមបូព៌ា ដូចជា​ស៊ីរី ឬ​លីបង់ ជាដើម។ ប្រធានាធិបតី​ចិន បាន​លើកឡើង​ពី​ឆន្ទៈ​របស់​ចិន ក្នុង​ការចូលរួម​ចំណែក​កសាង​ឡើងវិញ សេដ្ឋកិច្ច​ របស់​តំបន់​ដើមបូព៌ា ដែល​ខ្ទេចខ្ទាំ ដោយសារ​សង្រ្គាម និង​អស្ថិរភាព​នយោបាយ។ តើ​ចិន​មាន​ចិត្ត​ចង់​ជួយ​សេដ្ឋកិច្ច​របស់​តំបន់​ដើមបូព៌ា ពិតមែន ឬ​ក៏​សំលឹង​ឃើញ​ប្រយោជន៍​អ្វីផ្សេង? 

ផ្សាយពាណិជ្ជកម្ម

មាន​វត្តមាន​ជាច្រើន​ឆ្នាំ មកហើយ នៅ​តំបន់​ដើមបូព៌ា ចិន​គិតរឿងមួយមុខ​គត់ គឺ​ធ្វើជំនួញ​ពាណិជ្ជកម្ម ដោយ​មិន​យក​ខ្លួន​ទៅ​ពាក់ព័ន្ធ​នឹង​សង្រ្គាម ជម្លោះ​ប្រដាប់​អាវុធ ដែល​កំពុង​ផ្ទុះ​ដូចលាជ នៅ​ក្នុង​តំបន់ដើមបូព៌ា​នោះទេ។ ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន ចិន​បាន​ប្រកាន់​ជំហរ អព្យាក្រិត មិន​ចូល​ទៅ​កាន់ជើង​របស់​ភាគី​ណាទាំងអស់។

“សត្រូវ​របស់​មិត្ត ប៉ុន្តែ មិន​មែន​ជា​សត្រូវ​របស់ខ្ញុំ”

ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច ចិន​គ្មាន​ទស្សនៈ​ដែល​ថា សត្រូវ​របស់​មិត្ត ជា​សត្រូវ​របស់ខ្ញុំ​នោះទេ។ នៅ​តំបន់​ដើមបូព៌ា ទោះជា​ប្រទេស​ជាច្រើន បាន​បែងចែក​បក្សពួក គ្នា​ជា​ក្រុមៗ និង​កំពុង​ឈ្លោះ​ដណ្តើម​ឥទ្ធិពល គ្នា ប៉ុន្តែ ចិនគឺ​ប្រកាន់ជំហរ​នៅ​ខាងភាគី​ណាទាំងអស់។ ចិន​ត្រូវ​ជាមួយ​គ្រប់ប្រទេស មិន​ថា ប្រទេស​ទាំង​នោះ​កំពុង​ឈ្លោះ ជា​អ្នកឧបត្ថម្ភ គាំទ្រ​ឲ្យ​មាន​សង្រ្គាម​ស៊ីវិល នៅក្នុង​ប្រទេស​ទី​៣​នោះ​ទេ។ ឧទាហរណ៍ អារ៉ាប៊ី សាអូឌីត ជា​សត្រូវ​របស់​អ៊ីរ៉ង់។ ប្រទេស​ទាំងពីរ​កំពុង​គាំទ្រ​ភាគី​ជម្លោះ ដែល​កំពុង​ប្រយុទ្ធ សម្លាប់គ្នា​យ៉ាង​ហិង្សា នៅក្នុង​ប្រទេស​ស៊ីរី។ ប៉ុន្តែ ទាំងអស់​នេះ​មិនមែន​ជា​បញ្ហា ឧបសគ្គ រារាំង មិន​ឲ្យ​ចិន​ក្លាយ​ជា​ប្រទេស​ធំជាងគេ​ដែល​ទិញឧស្ម័ន​ពី​អ៊ីរ៉ង់​នោះទេ។ ចំណែក​អារ៉ាប៊ី សាអូឌីត វិញ ក៏ចិន​ទៅ​ល្អូកល្អឺន​ជាមួយដែរ។ នៅ​ដើម​ឆ្នាំ​២០១៦ ចិន​ដែល​ទិញនាំចូល​ប្រេង​ច្រើនដែរ​ពី​អារ៉ាប៊ី សាអូឌីត បានឈ្នះ​ការដេញថ្លៃ ទទួល​បាន​ការវិនិយោគ ប្រាក់​រាប់ពាន់​លាន​ដុល្លារ លើ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ និង​គម្រោង​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ របស់​អារ៉ាប៊ី សាអូឌីត។

នៅ​តំបន់​ដើមបូព៌ា ចិន​ត្រូវ​បាន​គេ​ទទួល​ស្វាគម​ច្រើន ព្រោះថា ចិន​មិនបាន​បង្កប់ លក្ខខណ្ឌ នៅពេលធ្វើ​ជំនួញ ឬ​ផ្តល់​ប្រាក់ជំនួយ ទៅ​ឲ្យ​ប្រទេស​ណាមួយ​នោះទេ។ ចិន​មិន​លូកលាន់ ក្នុង​ជម្លោះ​របស់​សហគមន៍​សាសនា។ ចិន មិនធា្លប់​មាន​ប្រវត្តិ​អាណានិគម ធ្វើសង្រ្គាម ឈ្លានពាន ទៅ​លើប្រទេស​នៅ​តំបន់​ដើមបូព៌ា ដូចអាមេរិក​ឬ​ប្រទេស​នៅ​អឺរ៉ុប​ផ្សេងទៀត។ ​ចិន នៅ​ឈរ​កណ្តាល រវាង​ជនជាតិ​ជ្វីហ្វ ហើយ​និង​ប្រជាជន​អារ៉ាប់។ នៅ​ថ្ងៃ​ម្សិលមិញ ចិន​ ផ្តល់​ជំនួយ ១៥លាន​ដុល្លារ​ដល់​ ប៉ាឡេស្ទីន និង​កញ្ចប់​ជំនួយ ៩១​លាន​ដុល្លារ សម្រាប់​ស៊ីរី លីបង់ ហើយ​និង​យេម៉ែន ប៉ុន្តែ ចិន នៅតែ​បន្ត​ទំនាក់ទំនង និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​អ៊ីស្រាអែល ជា​សត្រូវ​របស់​ប្រទេស​អារ៉ាប់​និង​ ប្រជាជន​ប៉ាឡេស្ទីន។

ចិន​ខិតចូល​ទៅ​តាំងវត្តមាន របស់​ខ្លួន នៅ​ក្នុង​តំបន់​ដើមបូព៌ា ដោយ​សន្សឹមៗ ប៉ុន្តែ ក្នុង​ជំហាន​ច្បាស់ៗ។ ការដកខ្លួន​របស់​អាមេរិក ចេញ ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហើយ​និង នយោបាយ​ការបរទេស​រាថយ​របស់​អាមេរិក នៅ​តំបន់​ដើមបូព៌ា កំពុង​បើកផ្លូវ​ឲ្យ​ចិន កាន់តែ​អាច ពង្រីក​ទស្សនៈវិស័យ របស់​ខ្លួន នៅ​ដើមបូព៌ា។ អាច​ថា នៅពេលមុន ចិន​គិត​តែ​សំងំ​ធ្វើជំនួញ ដោយ​មិន​ខ្វល់​ថា ប្រទេស​ណា​ឈ្លោះគ្នា នោះទេ។ ប៉ុន្តែ ឥលូវនេះ ដល់​ពេល​ដែល​ចិនត្រូវ​ចេះ​លូកដៃ ចេញមុខ​ជាផ្លូវការ ជួយ​ដោះស្រាយ ភាពតានតឹង នៅក្នុង​តំបន់ដើម​បូព៌ា​ហើយ។

ជំហរ​ថ្មី​របស់​ចិន បាន​ស្តែង​ឲ្យ​ឃើញ​ នៅក្នុង​សុន្ទរកថា ថ្លែង​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង កាលពីនៅក្នុង​វេទិកា​អារ៉ាប់ កាលពីថ្ងៃម្សិលមិញ នៅទីក្រុង​ប៉េកាំង។ ថ្លែងទៅកាន់ រដ្ឋមន្រ្តីការបរទេស​របស់​បណ្តាប្រទេស​អារ៉ាប់ ប្រមុខរដ្ឋ​ចិន​បានប្រាប់​ឲ្យ​គេ ស្មោះត្រង់​នឹងគ្នា កុំគេច​បញ្ហា ឈប់​ខ្លាច ហើយ​និង​មិន​ទុកចិត្តគ្នា ដោយសារ​តែ​ភាពខុសគ្នា​ទៀតទៅ។ លោក​ស៊ី ជីនពីង​បាន​អំពាវនាវ​ផងដែរ​ឲ្យ​គេ​បើកចិត្ត​ឲ្យ​ទូលាយ ក្នុង​ការពិភាក្សា មិនថា ក្នុង​ទិដ្ឋភាព​នយោបាយ​ការបរទេស ឬ យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ប្រទេស។

ចិនធ្លាប់​គិត​តែ​ពីរឿង​ធ្វើ​ជំនួញ ប៉ុន្តែ នៅ​ពេល​នេះ ចិន​ចង់​លូកដៃ​ក្នុង​ជម្លោះ​នៅ​តំបន់​ដើមបូព៌ា។ ចិន​គិត​តែ​ពី​រឿង​អនាគត គិត​តែ​ពី​ផលចំណេញ​ក្នុង​ជំនួញ តើ​ចិន​អាច​ ចូល​ខ្លួន មកត្រួសត្រាយ បន្ថយ​ភាពតានតឹង បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ នៅ​តំបន់​ដើមបូព៌ា​បាន​យ៉ាងម៉េច?

ចិន​បាន​បញ្ជូន​យន្តហោះដ្រូន យកការណ៍ ៣០​គ្រឿង ទៅ អ៊ីរ៉ាក់ និង​អារ៉ាប៊ី សាអូឌីត ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម។ ជាមួយ​នឹង​ការនាំចេញ​យន្តហោះ​ដ្រូន​ទៅអ៊ីរ៉ាក់ ចិន​បាន​ពង្រីក​វិសាលភាព​យោធា និងបង្កើន​ឥទ្ធិពល​របស់​ចិន ក្នុង​ឆាក​អន្តរជាតិ។ ចិន​ចង់​ពង្រឹង​វត្តមាន របស់ខ្លួន នៅតំបន់​ដើមបូព៌ា មិនមែន​ដើម្បី អាងយ៉ាង​ក្នុង​តំបន់​ដូចដែល​អាមេរិក​ធ្លាប់​ធ្វើ​នៅ​អ៊ីរ៉ាក់ នោះទេ។ ហេតុផល​សំខាន់​តែមួយ​គត់​របស់​ចិន គឺ​អនុវត្ត​ឲ្យ​បាន​សម្រេច ជោគជ័យ​នយោបាយ សេដ្ឋកិច្ច ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ ដែល​ប្រធានាធិបតី​ចិន​ប្រកាស​ធ្វើ តាំង​ពី​ឆ្នាំ ២០១៣។

ដើម្បី សម្រេច​បាន​មហិច្ឆតា​សេដ្ឋកិច្ច តភ្ជាប់ ផ្លូវ​ពី​អាហ្វ្រិក ទៅ​អឺរ៉ុប ចិន ត្រូវការ​សំខាន់​ជាងគេ ប្រភព​ថាមពល ដែល​ច្បាស់ណាស់​ថា កំពុង​ស្ថិតក្នុង​ជង្រុក​នៅ​តំបន់​ដើមបូព៌ា។ នៅក្នុង​សុន្ទរកថា នៅថ្ងៃ​អង្គារ​ម្សិលមិញ លោក​ប្រធានាធិបតី​និយាយ​ដោយ​ចំហរ​ថា​ចិន​ចង់​ជួយ​កសាង​ឡើងវិញ សេដ្ឋកិច្ច​របស់​តំបន់​ដើមបូព៌ា​ដែល​រង្គោះរង្គើ​ដោយសារ​សង្រ្គាម។ ចិន​ចង់​ផងដែរ ស្រោចស្រង់​ឡើងវិញ ឧស្សាហកម្ម របស់​ប្រទេស​ទាំងនោះ តាមរយៈ​ការវិនិយោគ​លើ​ប្រេង ឧស្ម័ន ​ថាមពល​នុយក្លេអ៊ែរ និង​ថាមពល​មិន​ចេះ​រីងស្ងួត។ ដើម្បី សម្រេច​គម្រោង​នេះ​បាន លោកប្រធានាធិបតី​ចិន បាន​ប្រកាស​ផ្តល់​ប្រាក់កម្ចី ២០​ពាន់​លាន​ដុល្លារ សម្រាប់​ស្តារ អភិវឌ្ឍន៍ ឡើងវិញ តំបន់​ដើមបូព៌ា។ ចិន​មាន​ជំនាញ តែ​ខាង ធ្វើជំនួញ។ តើ​ចិន នឹង​អាច​មាន​វិធីសាស្រ្ត ការទូត​យ៉ាងណា​ដើម្បី បញ្ចុះបញ្ចូល​ឲ្យ​គេ​បញ្ចប់​សង្រ្គាម នៅ​តំបន់​ដើមបូព៌ា។ គេ​នឹង​ចាំមើលថា តើ​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ របស់ចិន ដែល​ចង់​ចង​ភ្ជាប់ ពី​អាស៊ី ទៅ​អឺរ៉ុប នឹង​អាច​ឆ្លងកាត់​ចំការមីន ភ្លើង​សង្រ្គាម នៅ​តំប់​ដើមបូព៌ា ដោយ​មិន​គ្រោះថ្នាក់​ដែរឬទេ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ