អានតួអត្ថបទ

ឥណ្ឌាអះអាង​បញ្ជាក់អំពី​ការ​គោរពកិច្ចសន្យា​ទិញ​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​បារាំង

យន្តហោះ​រ៉ាហ្វាល់​បារាំង​ហោះបង្អួត​រាង​លើ​ផ្ទៃ​អាកាស​ឥណ្ឌា ឆ្នាំ​២០១៥
យន្តហោះ​រ៉ាហ្វាល់​បារាំង​ហោះបង្អួត​រាង​លើ​ផ្ទៃ​អាកាស​ឥណ្ឌា ឆ្នាំ​២០១៥ REUTERS/Abhishek N. Chinnappa/File Photo

រដ្ឋាភិបាល​ឥណ្ឌា​របស់​លោក ណារិនដ្រា ម៉ូឌី បាន​អះអាង​បញ្ជាក់ នៅ​ថ្ងៃ​ចន្ទ​នេះ អំពី​ការ​គោរព​កិច្ចសន្យា​ទិញ​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​​ដែល​ញូវដេលី​បាន​ចុះ​ព្រមព្រៀង​ជាមួយ​ក្រុង​ប៉ារីស កាលពី​ឆ្នាំ​២០១៦ ​ ។ សេចក្តី​បញ្ជាក់​នេះ​ធ្វើ​ឡើង​ ក្នុង​ខណៈ​ពេល​ដែលគណបក្ស​សមាជ (​គណបក្ស​ប្រឆាំង) ​បាន​ទាមទារ​ឱ្យ​គណៈកម្មការ​សភា​ឥណ្ឌា​​បើក​ការ​ស៊ើបអង្កេត និង​ត្រៀម​រៀប​ចំ​បាតុកម្ម​បរិហារ​ទង្វើ​របស់​រដ្ឋាភិបាល។

ផ្សាយពាណិជ្ជកម្ម

​ក្រុមហ៊ុន​ Raliance ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​​ជា​ដៃគូ​​របស់​ក្រុមហ៊ុន​បារាំង​ Dassault ស្រប​តាម​វិធាន​ផ្ទៃ​ក្នុង​ឥណ្ឌា​ ដែល​តម្រូវ​ឱ្យ​គ្រប់​ក្រុមហ៊ុន​បរទេស​ដែល​ចុះ​កិច្ចសន្យា​វិស័យ​ការពារជាតិ​ជាមួយ​ឥណ្ឌា ត្រូវ​​ធ្វើ​វិនិយោគ​ជាមួយ​ឥណ្ឌា​​ក្នុង​ទំហំ​ទឹកប្រាក់​យ៉ាង​ហោច​៣០% នៃ​តម្លៃ​កិច្ចសន្យា​សរុប ! ​ឥណ្ឌា​ត្រូវ​តែរក្សា និង​​គោរពតាម ​អ្វី​ដែ​ល​មាន​ចែងក្នុង​​កិច្ចព្រមព្រៀងរ៉ាហ្វាល់​។ យន្តហោះ​ចម្បាំង​ដំបូង​ដែល​បារាំង​នឹង​ដឹក​មក​​​ប្រគល់​មក​ឱ្យ​ឥណ្ឌា​ចាប់​ពី​ដើម​ឆ្នាំ​២០១៩​ទៅ ​នឹង​អាច​ពង្រីក​សមត្ថភាព​ប្រតិបត្តិការ​យោធា​ផ្លូវ​អាកាស​បាន​ប្រសើរ​ឡើង ! នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​ហរិញ្ញវត្ថុ​​ឥណ្ឌា​ទៅ​កាន់​ទីភ្នាក់ងារ​សារព័ត៌មាន​ក្នុងស្រុក។

តំណាង​រដ្ឋាភិបាល​ឥណ្ឌា​​បាន​ចេញ​មុខ​អះអាងជា​ថ្មី​​បែប​នេះ ខណៈ​ដែល​​រឿង​អាស្រូវ​ “រ៉ាហ្វាល់” ផ្ទុះ​រីក​រាល​ដាល​កាន់​តែ​ធំ។ គណបក្សសមាជជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ដាក់​សំណើ​ទៅ​កាន់​គណៈកម្មការ​សភា​ឱ្យ​បើក​ការស៊ើបអង្កេត​ និង​ប្រកាស​ចេតនា​ចង់​រៀបចំ​ធ្វើ​បាតុកម្ម ដើម្បី​បរិហាររដ្ឋាភិបាល​អំពី​​ទង្វើ​លួច​បន្លំ​ទ្រង់​ទ្រាយធំ​ចាយ​លុយ​រដ្ឋ។

តាម​ការពិត​ ​បក្ស​ប្រឆាំង​បានទាមទារ​ជាច្រើន​ខែមកហើយ ​ឱ្យ​រដ្ឋាភិបាល​លោក ម៉ូឌី ពន្យល់​អំពី​ជម្រើស​យក​ក្រុមហ៊ុន Raliance ដែលក្រុមហ៊ុន​ឯកជនថ្មី​ ​គ្មាន​បទ​ពិសោធ​ន៍​ក្នុង​វិស័យ​ឧស្សាហកម្ម​យន្តហោះ​សោះ ដោយ​មិន​ផ្តល់​អាទិភាព​និង​ឱកាស​ឱ្យ​​​ក្រុមហ៊ុន​រដ្ឋទៅ​ធ្វើ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​បារាំង។ ប៉ុន្តែ​​រឿង​អាស្រូវនេះ​​បាន​គាស់កកាយ​ឱ្យ​​​ផុលផុស​ខ្លាំង​ថែម​ទៀត ក្រោយ​ពី​​​អតីត​ប្រធានាធិបតី​បារាំងលោក ហ្វ្រង់ស័រ ហូឡង់ បាន​អះអាងការពារ​ខ្លួន​លោក ​​កាលពី​ថ្ងៃ​សុក្រ​ថា​​បារាំង​គ្មាន​ជម្រើស​ទេ បារាំង​រើស​យក​អ្វី​ដែល​ឥណ្ឌា​ស្នើមក​តែប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ចរចាស្វែង​រក​ទិញ​យន្តហោះចម្បាំង​ជាង​១រយគ្រឿង​មក​ធ្វើ​ទំនើប​កម្មវិស័យ​ការ​ពារ​ជាតិ​​អស់​ជា​ច្រើនឆ្នាំ​​មិន​សម្រេច​ ឥណ្ឌា​គ្រាន់​តែមាន​លោក​ណារិនដ្រា ម៉ូឌី ឡើង​កាន់​អំណាច​ភ្លាម​បាន​សម្រេច​កិច្ចព្រមព្រៀង ​ទិញ​យន្តហោះ​រ៉ាហ្វាល់​បារាំង​ចំនួន​៣៦​គ្រឿង​ តម្លៃ​៨,៧ពាន់​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការនាំទឹក​ប្រាក់​៤ពាន់​លាន​ដុល្លារ​ទៅ​​វិនិយោគ ​នៅ​ឥណ្ឌាវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ