អានតួអត្ថបទ
សហរដ្ឋអាមេរិក-ចិន

សង្រ្គាមពាណិជ្ជកម្ម៖ ចិន​បដិសេធ​មិនបន្ត​​ចរចា​ជាមួយ​អាមេរិក

ទង់ជាតិ​អាមេរិក និង​ចិន នៅក្នុង​កិច្ចប្រជុំពិភាក្សា​រវាង​ក្រសួង​កសិកម្ម​ចិន និង​អាមេរិក​នៅទីក្រុង​ប៉េកាំង នៅខែ​មិថុនា ២០១៧
ទង់ជាតិ​អាមេរិក និង​ចិន នៅក្នុង​កិច្ចប្រជុំពិភាក្សា​រវាង​ក្រសួង​កសិកម្ម​ចិន និង​អាមេរិក​នៅទីក្រុង​ប៉េកាំង នៅខែ​មិថុនា ២០១៧ © REUTERS/Jason Lee

អនុរដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ចិន នៅថ្ងៃ​អង្គារ​ទី ២៥ កញ្ញា​បាន​អះអាងថា នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ប្រទេស​ចិន​មិន​អាច​ចរចា​ជាមួយ​អាមេរិក​បានទេ។ អាមេរិក​ដែលមន្រ្តីជាន់ខ្ពស់​ចិន​វាយតម្លៃថា ​កំពុង​ប្រើ​វិធីសាស្រ្ត គំរាម យក​​កាំបិត​មក​ភ្ជង់ ក ​ចិន ក្នុង​ពេល​ចរចា។ សង្រ្គាមពាណិជ្ជកម្ម​ចិន អាមេរិក​ កាន់តែ​ធ្លាក់​ចុះជ្រៅ បន្ទាប់ពី​វិធានការ​ដំឡើងពន្ធ​លើ​ទំនិញចិន​នាំចូលអាមេរិក របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ។ 

ផ្សាយពាណិជ្ជកម្ម

សម្រាប់អនុរដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ចិន លោក វ៉ាង ស៊ូវិន ការចរចា​ណាមួយ​ជាមួយ​អាមេរិក​មិនអាច​កើតឡើង​​បាន​ទេ ជាពិសេស​នៅក្នុង​ពេល​​អាមេរិកប្រើវិធីសាស្ត្រ​ដាក់សម្ពាធ ដោយ ប្រើ​កាំបិត​ភ្ជង់កចិន​យ៉ាងដូច្នេះ។ អនុរដ្ឋមន្រ្តី​ពាណិជ្ជកម្ម​​ចិន ចង់​សំដៅ​ដល់​វិធានការ​ដំឡើង​​ពន្ធ​លើកទី​៣​របស់​លោក​ដូណាល់ ត្រាំ លើ​ទំនិញ​ចិន នាំចូល​អាមេរិក ទំហំ ២០០​ពាន់​​លាន​ដុល្លារ ដែលចាប់​មាន​សុពលភាព តាំង​ពី​ថ្ងៃ​ចន្ទ​ទី ២៤ កញ្ញា។

នៅក្នុង​សន្និសីទ​កាសែត នៅទីក្រុង​ប៉េកាំង​នៅថ្ងៃ​អង្គារ​នេះ អនុរដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ចិន បាន​បន្ទោស​ផងដែរ ភាគី​អាមេរិក​ថា​បាន​បោះបង់​ចោល ដំណើការ​ចរចា​​ស្តីពី​ពាណិជ្ជកម្ម​​ចិន អាមេរិក ដែល​ចាប់ផ្តើម​ធ្វើ​តាំង​ពី​ខែ​ឧសភា។

នៅក្រោយ អាមេរិក ប្រកាស​ដំឡើង​ពន្ធ​លើ​ដែក និង​អាលុយមីញ៉ូម គណៈប្រតិភូចិន​បានធ្វើ​ដំណើរ​ទៅ​ចរចា​ជាមួយ ប៉ុន្តែ នៅតែ​គ្មាន​បាន​ផ្តល់​លទ្ធផល​អ្វី។ នៅ​ក្រោយ អាមេរិក​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញចិន នាំចូល​អាមេរិក ក្នុង​ទំហំទឹកប្រាក់ ៥០ពាន់​លាន​ដុល្លារ កាលពី​ខែ​សីហា រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាមេរិក លោក Stephen Mnuchin ថ្មីៗនេះ បាន​អញ្ជើញ​គណៈប្រតិភូ​ចិន​ឲ្យ​ត្រលប់​ចូល​តុ​ចរចា ជាថ្មី នៅ​ទីក្រុង​វ៉ាស៊ីនតោន។ ប៉ុន្តែ នៅទីបំផុត រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​បាន​ចោទ​ភាគី​ចិន​ថា ធ្វើ​ជំនួញ​មិន​ស្មោះត្រង់ និង​មិនយុត្តិធម៌​ជាមួយ​អាមេរិក បាន​ប្រកាស​ដំឡើង​ពន្ធ ថ្មីមួយទៀត គឺ​ពន្ធ​១០ភាគរយ​លើ​ទំនិញចិន នាំចូល​អាមេរិក ក្នុង​ទំហំប្រាក់ ២០០ ពាន់​លាន​ដុល្លារ។

ទីក្រុង​ប៉េកាំង​​បាន​វាយបក​អាមេរិក​វិញ ជាមួយ​នឹង​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក ដែល​នាំចូល​ប្រទេស​ចិន ក្នុង​តម្លៃ​សរុប ១១០​ពាន់លាន​ដុល្លារ (លើកទីមួយ ៥០ពាន់លាន​ដុល្លារ និង​លើកទីពីរ ៦០ពាន់លានដុល្លារ) ពោល​គឺ​សឹង​ស្មើ​នឹង​តម្លៃ​ទំនិញ​​សរុប​ដែល​អាមេរិក​នាំចូល​ទៅ​ប្រទេស​ចិន។ ប៉េកាំង​បាន​ប្រកាស​សងសឹក​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក ប៉ុន្តែ ជាមួយគ្នានោះ ទីក្រុង​ប៉េកាំង​មិន​បិទផ្លូវ​ចរចា​ជាមួយ​អាមេរិកនោះទេ។ សម្រាប់​អនុរដ្ឋមន្រ្តី​ពាណិជ្ជកម្មចិន ចិន នៅតែ​ស្វាគម​ បើកការចរចា​ជាមួយ​អាមេរិក។ “ការចរចា​ស្ថិតនៅ​លើ​ឆន្ទៈ​របស់​អាមេរិកតែ​ប៉ុណ្ណោះ ​ហើយ​ដើម្បី​ឲ្យ​ការចរចា​មាន​ប្រសិទ្ធិភាព ភាគី​ទាំងពីរ​ត្រូវ​ចរចា​ដោយ​ស្មើភាព និង​គោរពគ្នា​ទៅវិញ ទៅមក”។

នៅ​ក្នុងសន្និសីទ​កាសែត នៅថ្ងៃ​នេះ អនុរដ្ឋម​ន្រ្តី​ពាណិជ្ជកម្ម​របស់​ចិន​ម្នាក់​ទៀត គឺ លោក Fu Ziying បាន​វាយតម្លៃថា ការចោទប្រកាន់​របស់​អាមេរិក ដែល​ថា ចិន​ធ្វើការប្រកួតប្រជែង​ដោយ​មិនស្មើភាព​នោះ ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ព្រោះថា ដោយ​ពិតទៅ ក្រុមហ៊ុន​អាមេរិក​រក​បាន​បា្រក់ចំណេញច្រើនណាស់ គឺ​ច្រើន ជាង ៥០០​ពាន់លាន​ដុល្លារ ​ពីការលក់​ទំនិញ​របស់ខ្លួន នៅ​ប្រទេស​ចិន។

អ្នកជំនាញ​បាន​ព្រមាន​រួចហើយ​ថា សង្រ្គាម​ពាណិជ្ជកម្ម​ នឹង​ប៉ះពាល់ ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ ហើយ​និង​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល។ ជម្លោះពាណិជ្ជកម្ម​ចិន និងអាមេរិក បានធ្វើ​ឲ្យ​ទីភ្នាក់ងារ​វាយតម្លៃហានិភ័យ Fitch ​​ទម្លាក់​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ចិន មកនៅ​ត្រឹម ៦,១%នៅឆ្នាំនេះ។ ចំណែក​កំណើនសេដ្ឋកិច្ច​ពិភពលោក​នឹង​មាន​ត្រឹម ៣,១%​ប៉ុណ្ណោះ សម្រាប់​ឆ្នាំ ២០១៩។ នៅ​ប្រទេស​ចិន ទីភ្នាក់ងារ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​បាន​បញ្ចេញផែនការជាបន្តបន្ទាប់ ដើម្បី​ជួយគាំទ្រ​​​ក្រុមហ៊ុន ​ឧស្សាហកម្មចិន ដែល​អាច​រងគ្រោះ​ដោយសារ​​វិធានការ​ដំឡើងពន្ធ​របស់​អាមេរិក៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ