អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើអ្វី​ខ្លះ​ជា​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ ប៉ុមប៉េអូ នៅតូក្យូ ព្យុងយ៉ាង សេអ៊ូល ?

សំឡេង ០៦:៣៩
ប្រមុខការទូត​អាមេរិក លោក Mike Pompeo (ឆ្វេង) និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ថ្ងៃទី​៦ តុលា ២០១៨
ប្រមុខការទូត​អាមេរិក លោក Mike Pompeo (ឆ្វេង) និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ថ្ងៃទី​៦ តុលា ២០១៨ Eugene Hoshiko/REUTERS

ប្រមុខ​ការ​ទូត​អាមេរិក លោក មាយ ប៉ុមប៉េអូ Mike Pompeo បានចាប់​បំពេញ​​ទស្សនកិច្ច​មួយ​ជុំ​តូច​​នៅ ជប៉ុន-កូរ៉េខាង​ជើង-ខាងត្បូង​ចិន រយៈ​ពេលបី​ថ្ងៃ ពី​ថ្ងៃទី ៦-៨​តុលា។ អ្វី​ជា​ការកត់​សម្គាល់​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោក ប៉ុមបេអូ នឹង​មាន​ជំនួប​ជាមួយ​លោក គីម ជុងអ៊ុន ជា​ថ្មី ​ថ្ងៃ​ស្អែក ដោយ​សង្ឃឹម​ថា​នឹង​អាច​ពន្លឿន​​ដំណើរការ​រៀប​ចំ​ជំនួប​កំពូល​​លើក​​​ទីពីរ​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម​ជុនអ៊ុន​។ នៅ​ថ្ងៃ​នេះ​លោក​កំពុង​ស្ថិត​នៅ​ក្នុង​​ប្រទេស​​ជប៉ុន។

ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​ចំបង​នេះ​ទស្សនកិច្ច​នៅអាស៊ី​របស់​លោក ប៉ុមប៉េអូនេះ គឺ​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​ចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ តាំ​ង​ពី​ព្យុងយ៉ាង​និង​សេអ៊ូល ចាប់​ផ្តើម​មាន​ទំនាក់ទំនង​ល្អ​​នឹង​គ្នា​មក សកម្មភាព​ការ​ទូតក្នុង​តំបន់​​ក៏​ផុសផុលខ្លាំង ស្ថានភាព​​​ក្រលាប់​ចាក់​ ប្រែ​ពី​សា្ថនការណ៍​ហៀប​នឹង​ផ្ទុះ​សង្គ្រាម ទៅ​ជា​ជំនួបឆ្ពោះ​ទៅ​រក​សន្តិភាពរវាង​ប្រធានាធិបតី កូរ៉េខាង​ជើង​និង​ខាង​ត្បូង។ គ្រប់​ប្រទេស​ក្នុង​តំបន់​ ចាប់​​ពង្រឹង​​ជំហរ​របស់​ខ្លួន ក្រោយ​​ការ​ប្តូរ​ផ្លាស់នេះ និង​ក្រោយ​ពី​វ៉ាស៊ីនតោន ត្រៀម​រៀប​ចំជំនួប​កំពូល​រវាងលោក​ ដូណាល់ ត្រាំ​ និង​លោក គីមជុងអ៊ុន ជា​លើក​ទីពីរ​ នា​ពេល​ដ៏​ខ្លី​ខាង​មុខ ដែល​អាច​មាន​លក្ខណៈ​ សំខាន់​ជាង​ជំនួប​លើក​ទី​មួយ​កាលពីថ្ងៃទី ១២ មិថុនា នៅ​សិង្ហបុរី​​ទៅ​ទៀត។

លួងលោម​ជប៉ុន

អញ្ចឹង​ហើយ​​បានជា​​​​លោក​ប៉ុមប៉េអូ​ ត្រូវ​បំពេញ​ទស្សនកិច្ច​​ជា​ច្រើន​ដំណាក់ ដោយ​​ផ្តើមដំបូង​គេ នៅ​ថ្ងៃ​នេះ នៅ​​ប្រទេស​ជប៉ុន។ ជប៉ុន​មាន​ជំហរ​ជា​ប្រពៃណី​ តឹង​តែង​ខ្លាំង​ជាមួយ​កូរ៉េខាង​ជើង។ ​តូក្យូ​យឺតយ៉ាវ​ជាងគេ តាំង​ពី​មានការ​វិវឌ្ឍ​​ការទូត​ និង​​​កូរ៉េទាំងពីរខិត​ចូល​គ្នា​ខ្លាំង​ នា​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះមក និង​​​ទន្ទេញ​ពាក្យ​ដដែលៗ​កុំ​ឱ្យទុក​ចិត្ត​លើ​កូរ៉េខាង​ជើង លើពាក្យ​សន្យា​រំសាយ​នុយក្លេអ៊ែរ​​ខ្លាំង​ពេក​។

តូក្យូ​​មាន​ភាព​សង្ស័យច្រើន​​ ព្រោះ​ជប៉ុន​ធ្លាប់​បាន​សាកល្បង​ស្នើ​រៀប​ចំ​ជំនួប​កំពូល​រវាង​លោក ស្ហ៊ីនហ្សូ​អាបេ និងលោក​គីមជុងអ៊ុន ជា​ញយ​ដង​តែ​មិន​សម្រេច។ ផ្ទុយ​ទៅ​វិញ​ ​ព្យុងយ៉ាង​តែង​ដំឡើង​លក្ខខណ្ឌ​ជា​ថ្នូរ​នឹង​ជំនួប ដោយ​​​ទាមទារ​ឱ្យ​ជប៉ុន​សង​លុយ​ចំពោះ​ការ​ខូច​ខាត​បង្ក​ឡើង​ដោយ​អាណានិគមន៍​ជប៉ុន​លើ​ឧបទ្វីប​កូរ៉េ និងទាមទារ​ឱ្យ​​បញ្ចប់​ជម្លោះ​ ​រឿង​​ចាប់​ខ្លួន​ជនជាតិ​ជប៉ុន​ជា​ចំណាប់​ថ្នូរ នៅ​រវាង​ឆ្នាំ​១៩៧០-៨០។

ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ចរចា​ និង​ដោយជប៉ុន​ជា​សម្ព័ន្ធមិត្ត​ជា​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​តាំង​ពី​ក្រោយ​សង្គ្រា​មលោក​លើក​ទីពីរ​មក លោកប្រមុខ​ការ​ទូត​ប៉ុមប៉េអូ​ ត្រូវតែ​ឆៀង​ចូល​ជួប​ជប៉ុន​​ ដើម្បី​បញ្ជាក់​អំពី​ការ​គាំទ្រ​អាមេរិក​ចំពោះ​ជប៉ុន ថាមិន​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង ដោយ​មិន​ភ្ជាប់​លក្ខខណ្ឌ​ដែល​​ជប៉ុនចង់​បាន​​ឡើយ​។ ក្រោយ​ជំនួប​ជាមួយ​លោក​ ស្ហ៊ីនហ្សូ អាបេ លោក ប៉ុមប៉េអូ បានប្រកាស​នឹងលើក​យក​បញ្ហា​ ​ចាប់​ខ្លួនជនជាតិ​ជប៉ុន ទៅនិយាយជាមួយ​របប​ដឹកនាំ​កូរ៉េខាង​ជើង។

កូរ៉េខាង​ជើង-អាមេរិក មាន​ទៅ-មាន​មក

គេ​មិន​​រង់​ចាំ​លទ្ធផល​អ្វី​ជា​ប្រវត្តិសាស្ត្រ​ ប្រសូត​ចេញ​ពី​ជំនួប​ថ្ងៃ​ស្អែក​នេះ​ទេ ក្នុង​បញ្ហា​ចរចា​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​។ នេះជា​ការ​ព្រលយ​ឱ្យ​ដឹង​របស់​​លោក​ប៉ុមប៉េអូ។ ប៉ុន្តែ​​នៅពេល​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ពេល​ជិះ​យន្តហោះ​ទៅតូក្យូ​នោះ ​លោក ប៉ុមប៉េអូបាន​បញ្ជាក់​ថា​ បំណង​នៃ​ជំនួប​ស្អែក​នេះ គឺផ្តល់​ទំនុក​ចិត្ត​ដល់​​អតីត​គូសត្រូវជា​ប្រវត្តិសាស្ត្រ​​ដើម្បី​បោះជំហាន​រួម​គ្នា​ទៅ​រក​សន្តិភាព និង​ពិសេស​គឺ​ដើម្បី​ពន្លឿន​ដំណើរការ​រៀប​ចំ​ជំនួប​កំពូល​ជា​លើក​ទីពីរ រវាង​លោក​ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន ឱ្យ​បាន​មុន​ថ្ងៃ​ទី ៦វិច្ឆិកា ២០១៨ ថ្ងៃបោះឆ្នោត​​ពាក់​កណ្តាលអាណត្តិ​នៅ​អាមេរិក។ បើ​អាច​​​​សម្រេចបាន​​អំពី​កាលបរិច្ឆេទ​ និង​ទី​កន្លែង​ដែល​ប្រមុខ​គីម ជុងអ៊ុន​ ត្រូវ​ជួប​ជាមួយ​លោក​ដូណាល់​ត្រាំ​ ជា​ថ្មី នោះ​ជា​ការ​ប្រសើរ​បំផុត​ហើយ​ ! នេះ​បើ​តាម​លោក ប៉ុមប៉េអូ។

លោកប្រមុខ​ការ​ទូត មិន​សម្តែង​មោទនៈ​ហួសហេតុ ​ដូច​លោក​ត្រាំ រហូត​ដល់​ថ្នាក់​ប្រើ​ពាក្យ​ថា “ជាប់​ស្នេហ៍”​លោក​គីមនោះ​ឡើយ ! ព្រោះ​លោកប៉ុមប៉េអូ ​ធ្លាប់​ភ្លក្ស​បរាជ័យ​ម្តង​នៅក្នុងដំណើរ​ទស្សនកិច្ច​កាលពី​ខែ​កក្កដា និង​ធ្លាប់​​លុប​ចោល​ទស្សនកិច្ច​កាលពី​ចុង​ខែ​សីហា​ម្តង​ទៀត​ ដោយ​សារ​ការ​ចរចា​មិនត្រូវគ្នា។ ទើប​តែ​សប្តាហ៍មុន​ នៅ​ពេល​បាន​ទទួល​លិខិតរបស់​លោក​គីម ដែល​​លោក​ត្រាំ ចាត់​ទុក​ថា​ “អស្ចារ្យ”ទេ ដែល​ការ​ចរចា​បាន​តភ្ជាប់​​វិញ។ លោក គីម ជុងអ៊ុន បាន​សន្យា​រំលាយ​មជ្ឈមណ្ឌល​បាលីស្ទិក​ ក្រោម​វត្តមាន​អធិការ​បរទេស និង​បិទ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ yongbyon បើ​អាមេរិក​ព្រម​ចាត់​វិធានការ​​តប​វិញ​។

តើ​ ពាក្យ​ប៉ុណ្ណោះ​អាច​គ្រប់គ្រាន់​នឹង​ប្តូរ​ផ្លាស់​ពាក្យ​សន្យា​ ទៅ​ជា​កិច្ចព្រមព្រៀង​លម្អិត​ស្តី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​ ទាំងស្រុង ជា​រហូត និងអាច​ផ្ទៀង​ផ្ទាត់បាន ដូច​អ្វី​ដែល​អាមេរិក​ចង់​បាន​​ដែរ​ឬ​ក៏​អត់​ទេ។ លោក​ប៉ុមប៉េអូ បានបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​លក្ខខណ្ឌដែល​ត្រូវ​​​តថ្លៃ​គ្នា​នេះ​ ដោយ​ត្រឹម​​ធានា​ថា​កិច្ចពិភាក្សាកំបាំង​ជឿនលឿន​​ទៅ​មុខ។ ប៉ុន្តែបើ​តាម​ដឹង កូរ៉េខាងជើង បាន​ទាមទារ​ឱ្យ​មាន​ការធានា​សន្តិសុខ និង​ចង់​បាន​ការ​ប្រកាស​​បិទ​បញ្ចប់​សង្គ្រាម​ មុននឹង​ផ្តើម​រំសាយ​កម្មវិធីនុយក្លេអ៊ែរ។ ពី​វេទិកា​អង្គការ​សហប្រជាជាតិ ប្រមុខ​ការ​ទូត​កូរ៉េខាងជើង បាន​អះអាង​ថា បង្ខំ​ឱ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរទៅ​មិន​រួច​ទេ បើ​ដរាប​ណា​អាមេរិកមិន​បង្ហាញ​កាយវិការធានាសន្តិភាព​ឱ្យ​របប​ព្យុងយ៉ាង​នោះ។

វិសមភាពនេះ​ជា​អ្វី​ដែល​លោកប៉ុមប៉េអូ ត្រូវ​មក​ជជែក​នៅ​ថ្ងៃស្អែក។ តែនេះ​​អាច​ចាត់​ទុក​ថា​ភាគី​ទាំង​ពីរ​កំពុង​ស្វែង​រក​វិធី​​ធ្វើ​សម្បទាន​គ្នា​ ឱ្យ​ទៅ-​ឱ្យ​មក។

នៅ​កូរ៉េខាង​ត្បូង ​

លោក​ប៉ុមប៉េអូ ត្រូវ​ចាក​ចេញ​ពី​ព្យុងយ៉ាង​ ​ទៅ​សេអ៊ូល ​នៅល្ងាច​ថ្ងៃ​អាទិត្យ​ទី​៧ តុលា ដើម្បីជួប​ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក​មូន ចែអ៊ីន ដែល​សកម្ម​និង​ដើរ​តួយ៉ាង​សំខាន់​​ចង់​បាន​សន្តិភាព​ជាមួយ​កូរ៉េខាង​ជើង​។ ហើយ​លោក​មូនចែអ៊ីន ក៏​ត្រូវ​ផ្តល់​របាយការណ៍​ផ្ទាល់​អំពី​ជំនួប​របស់​លោក​ជាមួយ​គីមជុងអ៊ុន កាលពី​ខែ​មុន​វិញ​ដែរ។ ភាគី​ទាំង​ពីរ​ ត្រូវ​ពិគ្រោះឆ្លង​យោបល់​គ្នា​ឱ្យ​បាន​ល្អ ដើម្បី​ធានាថា​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង ជា​គ្រឹះ​នៃ​សន្តិភាព​ក្នុង​ឧបទ្វីប​។ កូរ៉េខាងត្បូង មិន​អាច​​ធ្វើ​អ្វី​ដែល​នាំ​ឱ្យ​ អាមេរិក​អាច​មាន​អារម្មណ៍​ថា​សេអ៊ូល​ធ្វើ​តែ​ម្នាក់​ឯង ភ្លេច​កម្មវត្ថុ​កំណត់​ដោយ​អាមេរិក ហើយ​អាមេរិក​ក៏​ត្រូវ​យល់​និង​ដឹង​ពី​សេចក្តី​ត្រូវ​ការ​ដ៏​ចាំ​បាច់​របស់កូរ៉េខាង​ត្បូង​ ថា​ត្រូវ​ធ្វើ​សេចក្តី​ប្រកាស​បញ្ចប់​សង្គ្រាម​ ដើម្បី​ឱ្យ​សំណុំ​រឿង​នុយក្លេអ៊ែរ​បាន​ទៅ​មុខ។

នៅ​ប៉េកាំង

តាម​គម្រោង លោកប៉ុមប៉េអូ​ត្រូវ​បញ្ចប់​ទស្សនកិច្ច​មួយ​ជុំ​នៅ​អាស៊ី នៅ​ប៉េកាំង នៅ​ថ្ងៃ​ចន្ទ​ទី ៨ តុលា។ ​ចិន​គាំទ្រ​របប​ព្យុងយ៉ាង​តែរ​ហូត​មក ដូច្នេះ​គេ​មិន​អាច​មើល​រំលង​ចិន ក្នុង​ដំណោះស្រាយ​បញ្ហា​កូរ៉េនេះ​បាន​ឡើយ។ ប៉ុន្តែ​នេះ​មិនមែន​ជាឱកាស​ល្អ​ទេ ! គ្មាន​គម្រោង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​ស៊ីជិនពីង លោក​ប្រមុខ​ការទូត​អាមេរិក មានកម្មវិធី​ត្រឹម​ជួប​ជាមួយសមភាគី​ចិន ដើម្បី​ជជែក​អំពី​បញ្ហា​ទ្វេភាគី តំបន់ និ​ងពិភពលោក បែប​សោះ​អង្គើយ​ផង។ តាំង​ពី​ដើម​ឆ្នាំ​មក អាមេរិក​និងចិន មើល​មុខ​គ្នា​មិន​ចំ​ទេ ! ចិន​និង​រុស្ស៊ី​បាន​ទាមទារ​ឱ្យ​​អាមេរិក​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េខាង​ជើង​។ សង្គ្រាមពាណិជ្ជកម្ម​ និង​ការទូត​បច្ចុប្បន្ន​នេះ បាន​ត្រឹម​តែ​ធ្វើ​ឱ្យជំហរប៉េកាំង​កាន់​តែ​រឹងម៉ាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ