អានតួអត្ថបទ
ចិន-អាំងទែរប៉ូល

តើ​​អ្នកណា​នៅ​ពី​ក្រោយ​ការ​បាត់ខ្លួន​ប្រធាន​ប៉ូលិសអាំងទែរប៉ូល​​ជនជាតិចិន​លោក​ម៉េង ហុងវៃ?

លោក Jurgen Stock អគ្គលេខាធិការប៉ូលិសអាំងទែរប៉ូល
លោក Jurgen Stock អគ្គលេខាធិការប៉ូលិសអាំងទែរប៉ូល Lintao Zhang / POOL / AFP

នៅ​ថ្ងៃ​សៅរ៍ ទី៦ តុលា ប៉ូលិស​អាំងទែរប៉ូល​ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​លីយ៉ុង ប្រទេស​បារាំង​បាន​ដាក់​សំណើ​ជា​ផ្លូវការ​ឲ្យ​ដ្ឋាភិបាល​ចិន​បំភ្លឺ​ជុំវិញ​ការ​បាត់ខ្លួន​ប្រធាន​ប៉ូលិស​អាំងទែរប៉ូល​ជនជាតិ​ចិន​លោក​ម៉េង ហុងវៃ។ នៅ​ក្នុង​សារ​លើ​បណ្តាញសង្គម Twitter អគ្គលេខាធិការ​ប៉ូលិស​អាំងទែរប៉ូល​លោក Jürgen Stock បាន​បញ្ជាក់​ពី​ការ​រង់ចាំ​ចម្លើយ​ពី​ចិន។ ចិន​ដែល​រហូត​មក​ដល់​ពេល​នេះ​បាន​បន្ត​បិទមាត់​មិន​និយាយ​អ្វី​មួយ​ម៉ាត់​សោះ។ គួរ​រម្លឹក​ថា ដំណឹង​បាត់ខ្លួន​លោក​ម៉េង ហុងវៃ​ត្រូវ​បាន​ភរិយា​របស់​លោក​ប្រាប់​ឲ្យ​ដឹង​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៤ តុលា។ តាម​ភរិយា​របស់​គាត់ លោក​ហុងវៃ​បាន​ធ្វើ​ដំណើរ​ទៅ​ចិន​កាល​ពី​ចុង​ខែ​កញ្ញា ហើយ​ក៏​បាន​បាត់ដំណឹង​ឈឹងសូន្យ​តាំង​ពី​ពេល​នោះ​មក។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​កំពុង​រង់ចាំ​ការ​បំភ្លឺ​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​ចិន មាន​សំណួរ​ជា​ច្រើន​បាន​ចោទ​សួរ​ឡើង​ដើម្បី​ចង់​ដឹង​ថា តើ​លោក​ម៉េង ហុងវៃ​មិនមែន​ជា​ជនរងគ្រោះ​មា្នក់​ថ្មី​ទៀត​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​របស់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ទេ ឬ​យ៉ាង​ណា?។ គួរ​រម្លឹក​ថា​តាំង​ពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ចិន​ក្នុង​ឆ្នាំ ២០១២ លោក​ស៊ី​បាន​ផ្តើម​យុទ្ធនាការ​បោសសំអាត​ជន​ពុករលួយ​គ្រប់​ជាន់ថ្នាក់​តាំង​ពី​ថ្នាក់កំពូល​ដល់​ថ្នាក់ទាប។ តាម​តួលេខ​ផ្លូវការ មាន​អ្នកទទួលខុសត្រូវចិន​ចំនួន ១លាន ៥សែន​នាក់​បាន​ជាប់​ក្នុង​សំណាញ់​យុទ្ធនាការ​មួយ​នេះ។ តែ​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​បរិហារ​ចិន​ពី​បទ​បាន​ប្រើ​យុទ្ធនាការ​មួយ​នេះ​ធ្វើ​ជា​លេស​ដើម្បី​បំបិទមាត់​អ្នកប្រឆាំង​ខ្លួន។

ករណី​បាត់ខ្លួន​លោក​ម៉េង ហុងវៃ​អាច​ជា​ភស្តុតាង​ជាក់ស្តែង​មួយ ព្រោះ​មុន​នឹងជាប់​ឆ្នោត​ជា​ប្រធាន​ប៉ូលិសអាំងទែរប៉ូល​សម្រាប់​រយៈពេល ៤ឆ្នាំ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៦ លោក​ម៉េង ហុងវៃ​​ធា្លប់បាន​កាន់​តំណែង​ជា​អនុរដ្ឋមន្រ្តី​ក្រសួង​សន្តិសុខសាធារណៈ​ចិន​ដែល​លោក​ហ្ស៊ូ យ៉ុងកាង​បាន​ប្រគល់​ឲ្យ​ក្នុង​ឆ្នាំ ២០០៤។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា លោក​ហ្ស៊ូ យ៉ុងកាង​ដែល​ជា​គូប្រជែង​របស់​លោក​ស៊ី ជីនពីង និង​ជា​ឥស្សរជនជាន់ខ្ពស់​ម្នាក់របស់​ចិន​ត្រូវ​បាន​កាត់ទោស​ញាត់​គុក​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៥ ពី​បទ​ពុករលួយ រំលោភ​អំណាច និង​ទម្លាយ​ព័ត៌មានសម្ងាត់​របស់​រដ្ឋ។ បន្ទាប់​មក​ក្នុង​ឆ្នាំ ២០១៦ ភរិយា និង​កូនប្រុស​របស់​លោក​យ៉ុងកាង​ក៏​ត្រូវ​បាន​កាត់​ទោស​ដាក់​គុក​ពី​បទ​ពុករលួយ។

អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង​ថា តើ​ការ​បាត់​ខ្លួន​លោក​ម៉េង ហុងវៃ​ពេល​នេះ​មិនមែន​ជា​ចំណាត់ការ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​តាម​កំចាត់​មនុស្សជំនិត ឬ​មនុស្ស​មាន​ឥទ្ធិពល​របស់​លោក​ហ្ស៊ូ យ៉ុងកាង​ទេ ឬ​យ៉ាង​ណា?។ មាន​តែ​រដ្ឋាភិបាល​ចិន​ម្នាក់​គត់​ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​ចិន​ជា​ច្រើន​នាក់​បាន​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​អស់​ជា​ច្រើន​សប្តាហ៍ ឬ​ច្រើន​ខែ មុន​នឹង​ចិន​បាន​ចេញ​មុខ​សារភាព​ថា អ្នក​ទាំង​នោះ​ត្រូវ​បាន​ខ្លួន​ចាប់​ឃុំ​ដើម្បី​សួរ​ចម្លើយ​នៅ​ក្នុង​ក្របខណ្ឌ​អំពើពុករលួយ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ