អានតួអត្ថបទ
ជប៉ុន

ជប៉ុន បដិសេធ​ការរិះគន់​របស់​អង្គការសហប្រជាជាតិ ក្នុងរឿង​វិលត្រលប់​ទៅកាន់​តំបន់ Fukushima

កន្លែង​ស្តុក​ទឹក​ដែល​មានសារធាតុ​វិទ្យុសកម្ម នៅ​តំបន់​ហ្វូគូស្ហ៊ីម៉ា ខែតុលា ២០១៧
កន្លែង​ស្តុក​ទឹក​ដែល​មានសារធាតុ​វិទ្យុសកម្ម នៅ​តំបន់​ហ្វូគូស្ហ៊ីម៉ា ខែតុលា ២០១៧ © REUTERS/Tomohiro Ohsumi

ប្រទេស​ជប៉ុន នៅថ្ងៃ​សុក្រទី ២៦ តុលា បាន​បដិសេធ​ទាត់​ចោល ការអំពាវនាវ​របស់​អ្នក​ជំនាញការ​​អង្គការ​សហប្រជាជាតិ​(អ.ស.ប.) ដែល​បានស្នើ​សុំ ឲ្យ​ រដ្ឋាភិបាល ​ជប៉ុន​បញ្ឈប់​​ការបញ្ជូន​​ស្រ្តី និង​ក្មេងៗ​​ ទៅកាន់តំបន់ ដែល​ធ្លាប់​រងគ្រោះ​ដោយ​មហន្តរាយ​នុយក្លេអែរ នៅ​ តំបន់ Fukushima កាលពី​ខែមីនា​ឆ្នាំ​២០១១។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ដែល​ផ្សព្វផ្សាយ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥​តុលា លោក Baskut Tuncak អ្នកជំនាញការ​មួយ​រូប​របស់អង្គការ​សហប្រជាជាតិ.បាន​សំដែង​ការព្រួយបារម្ភ​យ៉ាង​​ខ្លាំង​ ចំពោះ​ការដែល​ប្រជាជន​ ជប៉ុន ​ជា​ច្រើន ​នាក់ មាន​អារម្មណ៍​ថា ​ពួក​គេត្រូវ​ជាប់​កាតព្វកិច្ច ដើម្បី វិលត្រឡប់​ទៅកាន់​តំបន់ដែល​ពួកគេ​ធ្លាប់រស់នៅ នោះបើទោះបីតំបន់​នោះ នៅមិនទាន់​មាន​សុវត្ថិភាព ដោយសារ​សារធាតុ​វិទ្យុសកម្ម​ នៅតែ​មាន​កម្រិត​ខ្ពស់ ជាង​ការកំណត់​ដោយ​រដ្ឋាភិបាល​ក៏ដោយ។

បន្ទាប់ពី​មាន​គ្រោះមហន្តរាយ នៅ​តំបន់​ហ្វូគូស៊ីម៉ា រដ្ឋាភិបាល​ជប៉ុន បាន​កំណត់​ ថាកម្រិត នៃ​ការប្រឈម​មុខ​នឹង​វិទ្យុសកម្ម ​ដែល​អាច​ទទួល​យក​បាន គឺ​២០ Millisieverts ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ មិនមែន​ ​កម្រិត ១​ Millisieverts  ដែល​រដ្ឋាភិបាលជប៉ុន​ធ្លាប់​បាន​កំណត់ កាលពី​ពេលមុន​ឡើយ។

៧​ឆ្នំា​ក្រោយមក គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ នៅ​ហ្វូគូស្ហ៊ីម៉ា អាជ្ញាធរ​ជប៉ុន នៅតែ គ្មាន​បំបំណង​ចង់​ត្រលប់ ទៅ​អនុវត្ត​កម្រិត​ចាស់​នោះទេ។ សេចក្តីសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ជប៉ុន​នេះ ត្រូវ​បាន​អ្នកជំនាញការ​​របស់​អ.ស.ប. លោក​ Tuncak យល់​ឃើញ​ថា ជា​ការមួយ​គួរឲ្យ​ព្រួយបារម្ភ​ក្រៃពេក។

សម្រាប់​អ្នកជំនាញ​របស់​អសប រដ្ឋាភិបាល​ជប៉ុន​មាន​កាព្វកិច្ច​បង្កាការពារ និង​ការកាត់​បន្ថយ​​ផល​ប៉ះពាល់ នៃ​សារធាតុ​វិទ្យុសកម្ម​ទៅលើ​កុមារ។

អ្នកទទួលខុសត្រូវម្នាក់​របស់​ក្រសួង​ការបរទេស​ជប៉ុន បានបញ្ចេញ​ប្រតិកម្ម​នៅថ្ងៃសុក្រម្សិលមិញ ថា មតិ​យោបល់​​របស់អ្នកជំនាញការ​អសប លោក Baskut Tuncak នោះ ​​ធ្វើឡើង ដោយ​ផ្អែក​ទៅ​លើ​ព័ត៌មាន​លំអៀង និង​រឹតតែ​ធ្វើ​ឲ្យ​គេ​ភ័យខ្លាច​តំបន់​ហ្វូគូស៊្ហីម៉ា

គួរបញ្ជាក់ថា​នៅក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាលជប៉ុន ​បាន​​អនុញ្ញាត ​ជាលំដាប់​ឲ្យ​ប្រជាជន​វិល​ត្រឡប់​ទៅ​កាន់​តំបន់​មួយចំនួន ដែល​ធ្លាប់រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ឆ្នាំ ២០១១។ នៅ​មាន​តំបន់​ជាច្រើន ទៀត ដែល​ត្រូវ​បិទ ហាមមិន​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​រស់នៅ​វិញ នៅឡើយ ដោយសារ​តែ​កម្រិត​សារធាតុ​វិទ្យុសកម្ម។

ប្រជាជន​ជប៉ុន​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​ហ្វូគូស្ហ៊ីម៉ា បាន​បន្ទោស​អាជ្ញាធរ​ជប៉ុន ថា ខំប្រឹង ពន្លឿន​ការវិលត្រលប់​របស់​ប្រជាជន​ទៅ​កាន់ តំបន់​រងប៉ះពាល់​ដោយ​មហន្តរាយនុយក្លេអ៊ែរ ព្រោះ​ក្នុង​បំណង​ចង់ អោយ​ស្ថានភាព មាន​លក្ខណៈ ជា​​ធម្មតា​ឡើងវិញ នៅ​មុន​ពេល​ប្រទេស​ជប៉ុន​ត្រូវ​រៀបចំ ធ្វើ​ជា​ម្ចាស់ផ្ទះ កីឡា​អូឡាំពិក នៅ​ទីក្រុង​តូក្យូ នៅ​រដូវក្តៅ​នៅ​ឆ្នាំ​២០២០​ខាងមុខ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ