អានតួអត្ថបទ

ប្រធានាធិបតី​ចិន​ ទទួលស្គាល់​ពី​ភាពមិនច្បាស់លាស់​នៃ​​សេដ្ឋកិច្ចចិន​បច្ចុប្បន្ន​​

លោកប្រធានាធិបតីដ៏មានអំណាចចិនស៊ី ជីនពីង
លោកប្រធានាធិបតីដ៏មានអំណាចចិនស៊ី ជីនពីង REUTERS/Aly Song

ប្រធានាធិបតី​ចិន​លោកស៊ី​ ជីន​ពីង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី១​ ខែវិច្ឆិកា​ បាន​ទទួលស្គាល់​ថា ​សង្គ្រាមពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ បានបង្កឲ្យមាន​ភាព​មិនប្រាកដប្រជា​ ដល់​សេដ្ឋកិច្ចចិន​ ដែល​មាន​លំដាប់​សេដ្ឋកិច្ចធំបំផុត​ទី២​ នៅ​លើ​ពិភពលោក​ ពិតប្រាកដមែន​។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​ជាមួយ​សហគ្រិន​ក្នុងស្រុក​ នាថ្ងៃទី១​ ខែវិច្ឆិកា​ លោក​ប្រធានាធិបតី​ចិន​ បានសន្យាថា​ នឹង​គាំទ្រ​ក្រុមហ៊ុនឯកជន​ តាមរយៈ​ការយកពន្ធ​ក្នុង​តម្លៃទាប​ និង​ការផ្តល់​មូលនិធិបន្ថែម​ពីរដ្ឋ​។ ទោះជាយ៉ាងណាក៏ដោយ​ លោកស៊ី​ ជីនពីង​ ក៏បាន​ក្រើនរឭក​ផងដែរថា​ សេដ្ឋកិច្ច​របស់​ប្រទេសចិន​នាខណៈនេះ​ កំពុងតែ​ជួបនឹង​ភាពរអាក់រអួល​ ដោយសារតែ​សហរដ្ឋអាមេរិក​ ដំឡើង​ពន្ធគយ​លើមុខទំនិញ​របស់ចិន​ និង​ដោយសារ​វិបត្តិ​បំណុល​ក្នុងស្រុក​កើនឡើង​។

ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ចជាទូទៅ​របស់​ប្រទេសចិន​ នៅមាន​ស្ថិរភាព​យ៉ាងណាក្តី​ ក៏ការរក្សា​លំនឹង​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់ចិន​ កំពុង​ស្ថិតនៅ​ក្នុង​ភាពមិ​នប្រាកដប្រជា​ ហើយភាព​មិនប្រាកដប្រជា​នេះ​បានកើនឡើង​ ដែល​ជា​ហេតុ​ធ្វើឲ្យ​ក្រុមហ៊ុន​ជាច្រើន​ ដែលកំ​ពុងរកស៊ីនៅចិន​កំពុងប្រឈមមុខនឹង​បញ្ហាលំបាក​។ នេះ​ បើ​តាមសម្តី​របស់​លោកស៊ី​ ជីនពីង​ ដែលចុះផ្សាយ​ដោយទី​ភ្នាក់ងារសារព័ត៌មាន​ចិន​ ស៊ីនហួរ​។

មួយវិញទៀត​ ដើម្បីគាំទ្រ​ដល់​ក្រុមហ៊ុនក្នុងស្រុក​ មេដឹកនាំចិន​ ក៏បាន​ស្នើសុំ​ឱ្យចៅហ្វាយខេត្តចិន​ បង្កើន​នូវប្រាក់សន្សំ​ផ្ទាល់ខ្លួន​ ដើម្បី​ទុក​ជួយ​ឧបត្ថម្ភ​ដល់ក្រុមហ៊ុន​ ដែល​កពុងមានវិបត្តិហិរញ្ញវត្ថុ​។ ទន្ទឹមគ្នានេះ​ លោកស៊ី​ ក៏បាន​គូសបញ្ជាក់​ផងដែរ​ អំពី​គោលនយោបាយ​របស់​រដ្ឋាភិបាលចិន​ ក្នុងការ​បង្កើត​បរិយាកាស​ប្រកួតប្រជែង​ពាណិជ្ជកម្ម​ ប្រកប​ដោយយុត្តិធម៌​ និងតម្លាភាព​ ដើម្បីជួយដល់​សហគ្រិន​ទាំងឡាយ​ដែល​កំពុងប្រតិបត្តិការ​ក្នុងស្រុកចិន​។

ស្របគ្នានេះដែរ​ ដើម្បី​ដោះស្រាយ​បញ្ហាប្រឈម​ចំពោះ​សេដ្ឋកិច្ចជាតិ​នេះ​ ប្រមុខ​ដឹកនាំចិន​គឺ​លោកស៊ី​ ជីនពីង​ ក៏​គ្រោង​ជួបចចារ​ជសមួយ​លោក​ប្រធានាធិបអាមេរិក​ដូណាល់​ ត្រាំ​ នាចុង​ខែវិច្ឆិកា​ ខាងមុខនេះ​ នៅ​ឯកិច្ចប្រជុំក្រុម​ប្រទេស G20​ ដែល​នឹងប្រារព្ឋធ្វើ​នៅក្នុង​ប្រទេសអាហ្សង់ទីន​។

គួរជម្រាបជូនថា​ ដោយសារ​ឳនភាព​ជញ្ជីងពាណិកម្ម ​ក្នុងការ​ដោះដូរ​ទំនិញ​និងសេវាកម្ម​រវាងគ្នា​ ប្រកាស​កាលពីថ្ងៃទី​២០​ តុលា កន្លងទៅថ្មីៗនេះ ​រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន​​ បានដាក់ពន្ធចំនួន​១០ភាគរយ​ ទៅលើ​ការនាំចូល​ របស់ចិន​មកកាន់​អាមេរិក​ក្នុង​តម្លៃទឹកប្រាក់​២០០​ពាន់លាន​ដុល្លារ​។ នយោបាយ​ដំឡើងពន្ឋគយ​របស់អាមេរិកនេះ​ បានធ្វើឲ្យ​ទីក្រុងប៉េកាំង​ ត្រូវជួបឧបសគ្គ​ក្នុងការ​រក្សាកម្រិត​កំណើន​នៃសេដ្ឋកិច្ច​របស់ខ្លួន​នាពេលបច្ចុប្បន្ន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ