អានតួអត្ថបទ

រុស្ស៊ី​ប្រកាស​បើក​ជំនួប​អន្តរជាតិ​ស្តីពី​អាហ្វហ្កានីស្ថាននៅសប្តាហ៍ក្រោយ

បើតាម​រុស្ស៊ី​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​និង​តាលីបង់​ព្រម​ចូល​រួម​ក្នុង​ជំនួប​អន្តរជាតិ​​ នៅ​រុស្ស៊ី
បើតាម​រុស្ស៊ី​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​និង​តាលីបង់​ព្រម​ចូល​រួម​ក្នុង​ជំនួប​អន្តរជាតិ​​ នៅ​រុស្ស៊ី © Reuters

នៅ​ថ្ងៃសោរ៍​ទី ៣ វិច្ឆិកា​នេះ រុស្ស៊ី បាន​ជូន​ដំណឹង​ថា ម៉ូស្គូ​នឹង​ទទួល​រៀប​ចំ​ជំនួប​អន្តរជាតិ​ ស្តី​អំពី​អាហ្វហ្កានីស្ថាន នៅ​ថ្ងៃទី ៩ វិច្ឆិកា​ខាង​មុខ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់ តំណាង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថានផង និង​តំណាង​តាលីបង់​ផង។ សហរដ្ឋ​អាមេរិក ប៉ាគីស្ថាន ឥណ្ឌា ព្រម​ទាំង​បណ្តា​ប្រទេស​ជា​អតីត​សហភាព​សូវៀត មាន​ព្រំប្រទល់​ជាប់​អាហ្វហ្កានីស្ថាន ក៏​ត្រូវ​បាន​រុស្ស៊ី​អញ្ជើញ​ឱ្យ​មក​ចូល​រួម​ដែរ។

ផ្សាយពាណិជ្ជកម្ម

“ដោយយល់​ថា​គ្មាន​ដំណោះស្រាយ​ណា​ប្រសើរ​ជាង​ច្រក​នយោបាយ រុស្ស៊ី សុំ​តាំង​ជំហរ ធ្វើ​ជា​ម្ខាស់​ផ្ទះ​រៀប​ចំ​ជំនួប​អន្តរជាតិ​ស្តី​ពីអាហ្វហ្កានីស្ថាន !” ប្រធានាធិបតី​អាហ្វហ្កានីស្ថាន និង​តំណាង​ចលនា​តាលីបង់​ បាន​ព្រមព្រៀង​ទាំង​ពីរ​នាក់ បញ្ជូន​ប្រតិភូ​របស់​ខ្លួន​មក​ចូល​រួមក្នុង​ជំនួប​​ រៀប​​ចំ​ដោយ​រុស្ស៊ីនេះ​ហើយ។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​រុស្ស៊ី ដោយ​បញ្ជាក់​ទៀត​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ដែល​តំណាង​ការិយាល័យ​តាលីបង់ នៅ​ដូហា សុខ​ចិត្ត​ចូល​រួម​ចរចា​កំរិត​ជាន់ខ្ពស់​បែបនេះ។

ប្រភព​ព័ត៌មាន​ការទូត​រុស្ស៊ី ដដែល​បាន​អះអាង​ទៀត​ថា ម៉ូស្គូ ក៏​បាន​អញ្ជើញ​សហរដ្ឋ​អាមេរិក ឥណ្ឌា អ៊ីរ៉ង់ ចិន ប៉ាគីស្ថាន និង៥​ប្រទេស​ជា​អតីត​សហភាព​សូវៀត ដូច​ជា​អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន ដែល​មាន​ព្រំដែន​ជាប់​អាហ្វហ្កានីស្ថាន ឱ្យ​មក​ចូល​រួម​ក្នុង​ជំនួប​អន្តរជាតិ​នេះ​ដែរ។

សូម​បញ្ជាក់​ថា​ រុស្ស៊ី​ធ្លាប់​បាន​ប្រកាស តាំង​ពី​ចុង​ខែ​សីហា ចង់​​រៀប​ចំ​ជំនួប​អន្តរជាតិ​ ​នៅ​ថ្ងៃទី​៤​កញ្ញា​ តែ​ត្រូវ​បានលើក​ពេល​ទៅ​វិញ ក្រោយ​ពេល​រដ្ឋមន្ត្រីការបទេស​រុស្ស៊ី​​បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ ​​ លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន។ លោក អាស្រាហ្វ​ ហ្កានី ដែល​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតីអាណត្តិទីពីរ សម្រាប់​ការ​បោះឆ្នោត​នៅឆ្នាំ​២០១៩ ​ទំនង​ជា​ចង់​បាន​ពេលវេលា​បន្ថែម​ដើម្បី​ពង្រឹង​ជំហរ​​នយោបាយ​របស់​រដ្ឋាភិបាល​មុន​នឹង​ចូល​ប្រជុំ។​ នេះ​បើ​យោង​តាម​ប្រភព​រុស្ស៊ី​ដដែល។

កាលពី​ខែ​មេសា​ឆ្នាំ​២០១៧ រុស្ស៊ី​ធ្លាប់​បាន​ដឹកនាំ​បើក​ជំនួប​អន្តរជាតិ​ស្តី​អំពី​អាហ្វហ្កានីសា្ថន​ម្តង​ហើយ តែ​មិន​បាន​លទ្ធផល​ ដោយ​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ចិត្ត​មិន​មក​ចូល​រួម ហើយ​ពួក​តាលីបង់​ក៏​អវត្តមាន។

ពួកតាលីបង់ តែង​តែ​បដិសេធ​មិន​ចរចា​ដោយផ្ទាល់​ជាមួយ​រដ្ឋាភិបាល​ក្រុង​កាប៊ូល​បច្ចុប្បន្ន​ទេ ដោយ​សំអាង​ថា​ខ្លួន​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តួល​រំលំ​កាលពី​១៧​ឆ្នាំ​មុន និង​ទាមទារ​ចរចា​ផ្ទាល់​តែ​ជាមួយ​សហរដ្ឋ​អាមេរិក។

ចំណែក​សហរដ្ឋ​អាមេរិក​ ក៏​បាន​សាកល្បង​ជាច្រើន​លើក​ច្រើនសា​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការចរចា​ដោយ​ផ្ទាល់​ជាមួយ​ពួក​តាលីបង់​។ ជំនួប​ពីរ​លើក​ត្រូវ​បាន​រៀប​ចំ​ឡើង​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លើក​ចុងក្រោយ​បំផុត​ប្រព្រឹត្ត​ទៅ​នៅ​កាតា កាលពី​ថ្ងៃទី ១២​តុលា ២០១៨៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ