អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេដឹកនាំ​ពិភពលោក​រំលឹក​ខួប​១០០​ឆ្នាំ នៃ​ថ្ងៃ​បិទបញ្ចប់​សង្រ្គាមលោកលើកទី១ នៅ​ទីក្រុង​ប៉ារីស

មេដឹកនាំ​ពិភពលោក​នៅក្នុង​ពិធី​បុណ្យ​ខួប​១០០​ឆ្នាំ នៃ​ការបិទបញ្ចប់​សង្រ្គាមលោកលើកទី១ ដែល​ប្រព្រឹត្ត​ទៅ​នៅទីក្រុង​ប៉ារីស ថ្ងៃទី ១១​វិច្ឆិកា ២០១៨
មេដឹកនាំ​ពិភពលោក​នៅក្នុង​ពិធី​បុណ្យ​ខួប​១០០​ឆ្នាំ នៃ​ការបិទបញ្ចប់​សង្រ្គាមលោកលើកទី១ ដែល​ប្រព្រឹត្ត​ទៅ​នៅទីក្រុង​ប៉ារីស ថ្ងៃទី ១១​វិច្ឆិកា ២០១៨ ©Francois Mori/Pool

១១​វិច្ឆិកា ១៩១៨ និង​ ១១​វិច្ឆិកា ២០១៨ នៅ​ថ្ងៃ​ខួប​១០០​ឆ្នាំ នៃ​ការបិទបញ្ចប់​សង្រ្គាម​លោកលើកទី១ ថ្នាក់ដឹកនាំ​ធំៗ ក្នុង​ពិភពលោក កំពុង​មាន​វត្តមាន នៅទីក្រុង​ប៉ារីស នៅ​ថ្ងៃ​អាទិត្យ នេះ ដើម្បី ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​រំលឹក​ដល់​ថ្ងៃ ចុះ​ហត្ថលេខា​បិទ​បញ្ចប់​សង្រ្គាម​លោកលើក​ទី១។

ផ្សាយពាណិជ្ជកម្ម

ទៅ​តាម​ការអញ្ជើញ​របស់ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល​ម៉ាក្រុង មេដឹកនាំ និង​អ្នកតំណាង​របស់​ប្រទេស​ជាង ៧០​បាន​មកចូលរួម រំលឹក ខួប ១០០​ឆ្នាំ នៃ​ថ្ងៃ​បិទបញ្ចប់​សង្រ្គាម​លោកលើកទី១។ ពិធីបុណ្យ​ប្រព្រឹត្ត​ទៅ​នៅវិមាន​ជ័យជំនះ ក្នុងទីក្រុង​ប៉ារីស ជាទី​ដែល​មានកំណត់ត្រា​ទាហាន​ដែល​បាន​ស្លាប់​នៅក្នុង​សម័យ​សង្រ្គាមលោក។ ក្រៅតែ​ពីប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ដែល​បាន​អញ្ជើញ​មក​ដល់​ទីក្រុង​ប៉ារីស តាំង​ពីថ្ងៃ​សៅរ៍ម្សិលមិញ គេ​ឃើញ​មាន​វត្តមាន​ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន លោកស្រី​នាយករដ្ឋមន្រ្តី អង់ហ្គេឡា ម៉ែរកិល ប្រធានាធិបតី​តួកគី ស្តេចម៉ារ៉ុក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ មេដឹកនាំ​បណ្តាប្រទេស​អាហ្វ្រិក រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន នៅក្នុង​វេទិកា​របស់​ថ្នាក់ដឹកនាំ​ដែល​ចូលរួម​នៅថ្ងៃ​នេះ។ ហើយ​ពី​ខាងភាគី​កម្ពុជា ដែល​ត្រូវ​បាន​អញ្ជើញ នៅក្នុង​ឱកាស​ខួប​១០០​ឆ្នាំ នៃ​ការបិទបញ្ចប់ សង្រ្គាមលោក​លើកទី១ នៅទីក្រុង​ប៉ារីស គឺ​មាន​លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​សំណង់ និង​នគររូបនីយកម្ម។

ប៉ារីស ផ្តួចផ្តើម​បង្កើត​វេទិការ​ដើម្បី​សន្តិភាព ដើម្បី ប្រឆាំង​នឹង​គំនិតជាតិនិយម

រដ្ឋាភិបាល​បារាំង​របស់​លោក​អេម៉ានុយអែល​ម៉ាក្រុង​បាន​ឆ្លៀតឱកាស ផ្តួចផ្តើម រៀបចំ ព្រឹត្តិការណ៍​ពិសេស​មួយ​បន្ថែមទៀត នោះ គេ​វេទិកា​ដើម្បី​សន្តិភាព។ នៅថ្ងៃ​អាទិត្យ បន្ទាប់ពីពិធី ​ដាក់​កម្រងផ្កា ថ្លែងសារ​រំលឹក​ដល់​គុណូបក្ការៈ​របស់​ទាហាន ប្រជាជន​ដែល​បាន​ពលីជីវិត ក្នុងសង្រ្គាម ថ្នាក់ដឹកនាំ​ពិភពលោក​មួយចំនួន ដូចជា​លោកស្រី នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ជាដើម នឹងទៅ​បើក​សម្ពោធ វេទិកា ដើម្បី​សន្តិភាព ដែល​រៀបចំ​ជាលើកទី១ នៅ​ទីក្រុង​ប៉ារីស។ តាមរយៈ​វេទិកា​នេះ ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង ចង់​ផ្ញើសារ​សំខាន់ គឺ​សារៈសំខាន់​នៃ នយោបាយ ពហុភាគី​និយម ពោល គឺការរួបរួមគ្នា ដើម្បី សន្តិភាព ដើម្បីជួយគ្នា​ដោះស្រាយ​ទប់ស្កាត់​ជាមុន កុំ​ឲ្យ​មាន​ផ្ទុះសង្រ្គាម​នៅក្នុង​ពិភពលោក។

នៅក្នុង​វេទិកា​ដែលមាន​ការចូលរួម​ពី​ភាគី​រដ្ឋាភិបាល សង្គមស៊ីវិល និង​ក្រុមហ៊ុន​ឯកជន និង​​ពិភាក្សា គេ​ផ្តោតសំខាន់​ទៅលើ​សន្តិសុខ​អ៊ីនធ័រនែត ហើយ​និង​តម្លៃ​នៃ​នយោបាយ​ពហុភាគីនិយម នៅក្នុង​បរិបទ​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការកើនឡើង​ខ្លាំង​នៃសំលេង​របស់​ក្រុមជាតិ​និយម ដែល​លែង​ជឿ​លើ​សារៈសំខាន់ នៃ​សកល​ភាវូបនីយកម្ម ហើយ​និង​ពហុភាគីតទៅទៀត។ ដោយសារ​តែ វេទិកា​ផ្តោត​ទៅលើ​សារៈសំខាន់​នៃ​ពហុភាគី​នោះហើយ មើលទៅ បាន​ជា លោកដូណាល់ ត្រាំ ប្រធានាធិបតី​ជាតិនិយម ដែល មាននយោបាយ​ធ្វើអ្វីៗ​ដើម្បី​ប្រយោជន៍មុនដំបូង​គេ​របស់ជនជាតិ​អាមេរិក បដិសេធ​មិន​ទៅចូលរួម​ក្នុងវេទិកា​នៅថ្ងៃនេះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ