អានតួអត្ថបទ

អាហ្វហ្កានីស្ថាន​ថា​ការដក​កងទ័ព​អាមេរិក​ចេញ​គ្មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ

កងកម្លាំង​អូតង់​ (រូប​ថត​ឆ្នាំ​២០១៤)
កងកម្លាំង​អូតង់​ (រូប​ថត​ឆ្នាំ​២០១៤) AFP PHOTO/Staff Sgt. Perry Aston/US Air Force

“ដក​កងទ័ព​បរទេស​ប៉ុន្មាន​ពាន់​នាក់​ចេញ​អាហ្វហ្កានីស្ថាន នឹង​គ្មាន​ផលប៉ះពាល់​អ្វីដល់​​សន្តិសុខ​ជាតិ​ទេ ពីព្រោះ​កងទ័ព​អាហ្វហ្កានីស្ថាន កំពុង​​បំពេញ​ភារកិច្ច​នេះ​រួច​ទៅ​ហើយ ! នេះ​ជា​ប្រតិកម្ម​របស់​វិមាន​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ក្រោយ​ពី​បាន​ឮ​សេចក្តី​ប្រកាស​របស់​អាមេរិក គ្រោង​ចង់ដក​កងទ័ព​ មួយ​ចំនួន​ធំ​ ត្រលប់​ចូល​ស្រុកវិញ។ ចំណែក​​ អូតង់ បាន​បញ្ជាក់​ជា​ថ្មី នៅ​ថ្ងៃសុក្រ​នេះ ​មិន​បោះបង់បេសកកម្ម​នៅ​​អាហ្វហ្កានីស្ថាន​ទេ។

ផ្សាយពាណិជ្ជកម្ម

"បើក​ដក​ចេញ​ ក៏​មិន​អី​ដែរ" ព្រោះ​តាំងពី​ជាង​បួន​ឆ្នាំកន្លះ​មក​នេះ កងកម្លាំង​អាហ្វហ្កានីស្ថាន បាន​បំពេញ​តួនាទីរក្សា​សន្តិសុខ​ជាតិ​យ៉ាង​ពេញ​លេញ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ ដោយ​បាន​អះអាង​ទៀត​ថា កាលពី​ឆ្នាំ​២០១៤ នៅ​ពេល​មាន​ការ​​ដកកងទ័ពបរទេស​​ចេញពីអាហ្វហ្កានីស្ថាន​ ជា​ទ្រង់ទ្រាយ​ធំ​ដល់​ទៅ ប្រមាណ ១០ម៉ឺន​នាក់ គ្រប់​គ្នា​​បាន​បង្ហាញ​ក្តីអំពី​ក្តីព្រួយ​បារម្ភ​យ៉ាង​ខ្លាច អាហ្វហ្កានីស្ថាន​ដួល​រលំ​ធ្លាក់​ក្នុង​សង្គ្រាម​និង​អំពើ​ហិង្សា​​ក្នុង​ដៃ​ពួក​តាលីបង់ ប៉ុន្តែ​ជា​ការ​គិត​ខុស កង​កម្លាំង​អាហ្វហ្កានីស្ថានអាច ​ការពារ​ទឹក​ដី និង​ប្រជាជន​ បាន​​។

សូម​បញ្ជាក់​ថា មួយ​ថ្ងៃ​ក្រោយសេចក្តី​ប្រកាស​ដកកងទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី ដែល​បានធ្វើ​ឱ្យ​រដ្ឋមន្ត្រីការពារ​ជាតិ​លាលែង​ចេញ​តំណែង​ អាមេរិកបាន​សម្រេច​ចិត្ត​​ ថា​នឹង​ដក​កងទ័ព​អាមេរិក​ពាក់​កណ្តាល​ចេញ​ពី​អាហ្វហ្កានីស្ថាន។ វ៉ាស៊ីនតោន​មិន​បាន​ផ្តល់​ព័ត៌មានលម្អិត​​ទេ។ ហើយ​គេ​ក៏​មិន​ដឹង​ថា​តើ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បាន​ទទួល​ព័ត៌មាន​ស្តី​អំពី​សេចក្តី​សម្រេច​ចិត្ត​របស់​ជាមុន​ដែរ​ឬ​ក៏​ណា​ទេ។

ដូច្នេះ​នេះ​ពិត​ជា​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើ​ល។ សូម្បី​តែ​ តំណាង​តាលីបង់​ក៏​ទំនង​ជា​​មិន​នឹក​ស្មានដល់​​ថា​អាមេរិកមាន​គម្រោង​ដក​ទ័ព​ចេញ​យ៉ាង​​លឿន​យ៉ាង​ដូច្នេះ​ដែរ តែ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ។ ខណៈនេះ​​​អាមេរិក​កំពុង​ចាប់​ចរចា​ជាមួយ​នឹងពួក​តាលី​បង់ នៅ​ក្រុង​អាប៊ូដាប៊ីផង។

ការ​ភ្ញាក់​ផ្អើល​ក៏​កើត​មាន​ចំពោះ​អូតង់​ដែរ។ អូតង់​មិន​បញ្ចេញ​ប្រតិកម្ម​ដោយ​ផ្ទាល់​ទាក់ទង​នឹង​សេចក្តី​សម្រេច​របស់​លោក​ដូណាល់ត្រាំ ឡើយ តែ​បាន​រំលឹក​ថា​អូតង់​នឹង​នៅ​តែ​បន្ត​បេសកកម្ម ធានា​សន្តិសុខនិង​​​ស្ថិរភាពឱ្យ​អាហ្វហ្កានីស្ថាន ទៅ​ថ្ងៃមុខ ព្រោះ​អូតង់​មិន​ចង់​ឃើញ​អាហ្វហ្កានីស្ថាន ក្លាយ​ជា​ជង្រុក​របស់​ពួក​ភេរវនិយម​អន្តរជាតិ​ឡើយ។

គិត​មក​ទល់​ពេល​នេះ គេ​រាប់​ឃើញ​​មាន​កងទ័ព​អាមេរិក​ប្រមាណ​១៤០០០​នាក់ ឈរ​ជើង​អាហ្វហ្កានីស្ថាន។ មួយ​ភាគ​ កំពុង​បំពេញ​បេសកកម្ម​ក្នុង​ក្របខ័ណ្ឌ​អូតង់ Resolute support ក្នុង​នាម​​គ្រូបង្វាត់​និង​ជា​ទីបឹក្សារបស់​ទាហាន​អាហ្វហ្កានីស្ថាន​។ មួយ​ភាគ​ទៀត ជា​កម្លាំង​ធ្វើ​ប្រតិបត្តិការ​ដាច់​ដោយ​ឡែក​ ខាង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម។ គេ​មិន​ដឹង​ថា​តើ​ក្រុម​មួយ​ណា​ដែល​ចូល​​ក្នុង​គម្រោង​ដក​ទ័ព​​ ដែល​លោក​ត្រាំ​ទើប​បាន​សម្រេច​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ