អានតួអត្ថបទ

វៀតណាម ចាប់ខ្លួន​អតីត​រដ្ឋមន្ត្រី​ពីរ​រូប​ពី​បទ​ពុករលួយ

ទីស្នាក់ការ​មួយ​របស់​​ក្រុមហ៊ុន​ Mobifone នៅ​ដាឡាត់ ប្រទេស​វៀតណាម
ទីស្នាក់ការ​មួយ​របស់​​ក្រុមហ៊ុន​ Mobifone នៅ​ដាឡាត់ ប្រទេស​វៀតណាម Diane Selwyn/commons.wikimedia.org

អតីត​រដ្ឋមន្ត្រី​ពីររូប​​ទទួល​បន្ទុក​ផ្នែក​ទូរគមនាគមន៍​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃសៅរ៍​ទី ២៣​កុម្ភៈ ពី​បទ​ចាត់​ចែង​ចំណាយ​សាធារណៈ​មិន​ត្រឹម​ត្រូវ។ អតីត​មន្ត្រី​ទាំង​ពីរវិះ​តែ​នឹង​ធ្វើ​ឱ្យ​រដ្ឋ​ខាត​បង់​ប្រាក់​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដោយ​​​​ចង់​យក​ថវិកា​រដ្ឋ​ទៅទិញ​ក្រុមហ៊ុន​ទូរទស្សន៍ឯកជន​មួយ។ ​ តែជា​សំណាង​ល្អ គម្រោង​ទិញ​ដូរ​​​មិន​បាន​សម្រេច។

ផ្សាយពាណិជ្ជកម្ម

វៀតណាម​បាន​ចាប់​បើក​អង្កេត​ប្រឆាំង​នឹង​អតីត​រដ្ឋមន្ត្រី​ពីរ​រូប គឺ​លោក ចើង ​មិញទន់ (Truong Minh Tuan) និង​លោក ង្វៀន បាក់សន (Nguyen Bac Son) ពី​បទ​សង្ស័យ “​រំលោភ​វិន័យ​ក្នុង​ការ​​ចាត់​ចែង​និង​ប្រើប្រាស់​ថវិកា​សាធារណៈនាំ​ឱ្យ​មាន​​ផលវិបាក​ធ្ងន់ធ្ងរ”។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម។

បើ​តាម​បទ​ចោទ​ប្រកាន់ លោក ទន់​ និង លោក ​សន បាន​ផ្តល់​ការ​អនុញ្ញាត​ដោយ​ខុស​ច្បាប់ ឱ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​រដ្ឋ Mobifone ​អាច​ទិញ​ក្រុមហ៊ុន​ទូរទស្សន៍ឯកជន​ Audio Visual Global (AVG) ដែល​ប្រឈម​នឹង​ការ​រកស៊ី​ខាត។ លោក​ សន ជា​រដ្ឋមន្ត្រី​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៦ ត្រូវ​ជាប់​ចោទ​ព្រោះ​ជា​អ្នក​ចុះហត្ថលេខា​លើ​​គម្រោង​​ទិញ​លក់ ដោយ​មាន​ការ​គាំទ្រ​ពី​ លោក ទន់ ដែលកាលណោះ​​ជា​អនុរដ្ឋមន្ត្រី និង​ដែល​បាន​ឡើង​កាន់​តំណែង​រដ្ឋមន្ត្រី​បន្ត​ពី​លោក សន រហូត​ដល់​ថ្ងៃធ្លាក់​​ពី​តួនាទីវិញ​ នៅ​ខែ​កក្កដា​កន្លង​ទៅ។

ប្រតិបត្តិការ​ទិញ​លក់​ក្រុមហ៊ុន​នេះ​ មិន​បាន​សម្រេច​​កើតចេញ​​ជា​រូប​រាង​ទេ​ ប៉ុន្តែបើ​តាម​អ្នក​ទទួល​ត្រូវ​ ​គម្រោង​នេះវិះ​តែ​នឹង​ធ្វើ​ឱ្យ​រដ្ឋ​​វៀតណាម​ខាត​បង់​ថវិកា​ដល់​ទៅ ប្រមាណ​៣០០​លាន​ដុល្លារ​អាមេរិក​ឯណោះ។ ចំណែក​អគ្គនាយក​ក្រុមហ៊ុន​រដ្ឋ​ Mobifone លោក ចៅ ឌុយហៃ Cao Duy Hai និង​អគ្គនាយក​រង លោក ផម ធីភួងអាញ់ Pham Thi Phuong Anh ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ កាលពី​ខែ​វិច្ឆិកាកន្លង​ទៅ និង​រង​ការ​អង្កេត​ក្នុង​សំណុំ​រឿង​AVG​ដូច​គ្នា។

ការ​ចាប់​ខ្លួន​អតីត​រដ្ឋមន្ត្រី​ទាំង​ពីររូប ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​វៀតណាម​កំពុង​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុក​រលួយ។ យុទ្ធ​នាការ​នេះ​បាន​​ចាប់​ផ្តើម​តាំង​ពី​​ឆ្នាំ​២០១៦​មក និង​បាន​សម្រេច​នាំ​ឱ្យ​មាន​កា​រចាប់​ខ្លួន មេដឹកនាំ​ធនាគារ អ្នក​ជំនួញ​ធំៗ​ និង​អ្នក​ទទួល​ខុសក្រុមហ៊ុន​​ត្រូវ​រាប់​សិប​នាក់ ​ ដែល​សុទ្ធ​តែ​មាន​ពាក់​ព័ន្ធ​នឹង​មូលហេតុ​នយោបាយ។​ នេះ​បើ​តាមការ​យល់​ឃើញ​​របស់​​អ្នក​សង្កេត​ការណ៍មួយ​ចំនួន។

វៀតណាម​ជា​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ដ៏​ស្វាហាប់​ជាង​គេ​បំផុត​មួយ​នៅ​អាស៊ី ប៉ុន្តែប្រទេស​រួម​រឹត​ដោយ​អំពើ​ពុក​រលួយ​ស៊ីរូង​ផ្ទៃ​ក្នុងខ្លាំង​​តាំង​ពី​យូរយារ​មកដែរ។ ប្រមុខ​បក្ស​កុម្មុយនិស្តមូលដ្ឋាន និង​ប្រធានាធិបតិ​​បច្ចុប្បន្ន​បាន​សន្យា​បោស​សម្អាត​កម្ចាត់​អំពើ​ពុក​រលួយ​នៅក្នុង​ជួរ​បក្ស​ ដោយបាន​ចាប់​​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ជា​ច្រើន​រូប​បញ្ជូន​ទៅ​ចូល​ពន្ធនាគារ។ បើ​តាម​អង្គការ​តម្លាភាព​អន្តរជាតិ Transparency International ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០ វៀតណាម​ជាប់​លំដាប់​លេខ​១១៧ ផ្នែក​ប្រព្រឹត្ត​អំពើ​ពុករលួយ ពោល​គឺ​ស្ថិត​នៅ​លេខ​ក្រោយ​​ថៃ​និង​ហ្វីលីពីនបន្តិច៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ