អានតួអត្ថបទ
ប៉ាគីស្ថាន

លោកអ៊ីមរ៉ាន់ ខាន់៖ការវាយប្រហារលើសណ្ឋាគារវ៉ាដារមានគោលដៅបំផ្លិចបំផ្លាញភាពរុងរឿងរបស់ប៉ាគីស្ថាន

ប្រមុខរដ្ឋាភិបាលប៉ាគីស្ថានលោកអ៊ីមរ៉ាន់ ខាន់
ប្រមុខរដ្ឋាភិបាលប៉ាគីស្ថានលោកអ៊ីមរ៉ាន់ ខាន់ REUTERS/Thomas

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន លោក​នាយករដ្ឋមន្រ្តី​អ៊ីមរ៉ាន់ ខាន់​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​ថ្ងៃ​អាទិត្យ ទី១២ ឧសភា​ដោយ​បរិហារ​លើ​ការ​វាយប្រហារ​សណ្ឋាគារ​ផ្កាយប្រាំ​វ៉ាដារ (Gwadar) ក្នុង​ខេត្ត​បាលូឈីស្ថាន​នា​ថ្ងៃ​សៅរ៍ ទី១១ ឧសភា។ ឧប្បត្តិហេតុ​មួយ​នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​អ្នក​យាម​ម្នាក់ និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន​កម្លាំង​សន្តិសុខ​ដែរ។ តែ​មាន​ជនខ្មាន់កាំភ្លើង​ចំនួន ៤ នាក់​ត្រូវ​បាន​កម្លាំង​សន្តិសុខ​បាញ់​សម្លាប់។ ចលនា​ទាមទារ​ផ្តាច់ទឹកដី​ឈ្មោះ « កងទ័ព​រំដោះ​ប៉ាលូឈីស្ថាន » បាន​ចេញ​មុខ​ប្រកាស​ថា​ជា​ស្នាដៃ​របស់​ខ្លួន។ សម្រាប់​លោក​អ៊ីរ៉ាន់ ខាន់ ការ​វាយប្រហារ​លើ​សណ្ឋាគារ​វ៉ាដារ​មាន​គោលដៅ​ធ្វើ​វិច្ឆេទកម្ម​លើ​គម្រោង​សេដ្ឋកិច្ច និង​ភាព​រុងរឿង​របស់​ប៉ាគីស្ថាន។

ផ្សាយពាណិជ្ជកម្ម

មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​ប្រមុខ​រដ្ឋាភិបាល​ប៉ាគីស្ថាន​លោក​អ៊ីមរ៉ាន់ ខាន់​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​ចាស់ដៃ​លើ​ការ​វាយប្រហារ​សណ្ឋាគារ​ផ្កាយប្រាំ​វ៉ាដារ​ពេល​នេះ។ មិន​ចៃដន្យ ព្រោះ​នៅ​ទីតាំង​សណ្ឋាគារ​នោះ​មាន​វត្តមាន​កំពង់ផែ​ទឹកជ្រៅ​មួយ​ដែល​ចិន​បាន​សាងសង់​នៅ​ក្នុង​ក្របខណ្ឌ​នៃ​មហា​កម្មវិធី​វិនិយោគ​ទ្វេភាគី​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​អ៊ីស្លាម៉ាបាត។ នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ លោក​អ៊ីមរ៉ាន់ ខាន់​បាន​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​ចំពោះ​អ្នកស្លាប់ និង​អ្នក​រងរបួស និង​បាន​សម្តែង​ការ​សោកស្តាយ​ថា ការ​វាយប្រហារ​បែប​នេះ ពិសេស​ក្នុង​ខេត្ត​បាលូឈីស្ថាន​មាន​បំណង​បំផ្លិចបំផ្លាញ​ដោយ​ចេតនា​លើ​គម្រោង​សេដ្ឋកិច្ច និង​ភាព​រុងរឿង​របស់​ប៉ាគីស្ថាន។

សេចក្តីប្រកាស​ព័ត៌មាន​បរិហារ​លើ​ការ​វាយប្រហារ​សណ្ឋាគារ​វ៉ាដារ​ក៏​មាន​ពី​ប្រទេស​ចិន​តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ទីក្រុង​អ៊ីស្លាម៉ាបាត។ តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ចិន​បាន​សាទរ​លើ​ចំណាត់ការ​ប្រកប​ដោយ​ប្រសិទ្ធិភាព​របស់​កម្លាំងសន្តិសុខ​ប៉ាគីស្ថាន​នៅ​ក្នុង​ប្រតិបត្តិការ​កំចាត់​ជនដៃដល់។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​មហា​កម្មវិធី​វិនិយោគ​ទ្វេភាគី​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​អ៊ីស្លាម៉ាបាត​ដែល​គេ​ហៅ​ថា ច្រករបៀង​សេដ្ឋកិច្ច​ចិន ប៉ាគីស្ថាន ចិន​មាន​គម្រោង​តភ្ជាប់​ខេត្ត​ស៊ីនជាំង​របស់​ខ្លួន​ទៅ​កំពង់ផែ​វ៉ាដារ​របស់​ប៉ាគីស្ថាន​ស្ថិត​ក្នុង​ខេត្ត​បាលូឈីស្ថាន។

គម្រោង​មួយ​នេះ​ត្រូវ​បាន​ចិន​បោះទុន​វិនិយោគ​ជា​ច្រើន​ពាន់​លាន​ដុល្លារ ព្រោះ​ក្រៅ​ពី​កំពង់ផែ​ក៏​នៅ​មាន​ការ​សាងសង់​ហេដ្ឋារចនា​ផ្សេង​ទៀត ដូច​យ៉ាង​ផ្លូវល្បឿនលឿន មជ្ឈមណ្ឌល​អគ្គិសនី ឬ​មួយ​មន្ទីរពេទ្យ​ជា​ដើម។ ម្យ៉ាង​ទៀត ច្រករបៀង​សេដ្ឋកិច្ច​ចិន ប៉ាគីស្ថាន​នេះ​ក៏​នឹង​អនុញ្ញាត​ឲ្យ​ចិន​អាច​ដឹកនាំ​ផលិតផល​ចិន​ឆ្លងកាត់​ដែន​សមុទ្ធអារ៉ាប៊ី​ដោយ​ផ្ទាល់​ដែរ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា បាលូឈីស្ថាន​ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ង់​ជា​ខេត្ត​ក្រ​ខ្លាំង​ជាង​គេ​មួយ​ក្នុង​ចំណោម​ខេត្ត​ក្រ​ខ្លាំង​ទាំង ៤ របស់​ប៉ាគីស្ថាន ទោះ​បី​ជា​ខេត្ត​មួយ​នេះ​សម្បូរ​ធនធាន​ប្រេង និង​រ៉ែ​ក៏​ដោយ។

បន្ទាប់​មក ខេត្ត​មួយ​នេះ​ក៏​កំពុង​បន្ត​ស្គាល់​អស្ថិរភាព​ដោយ​មាន​ការ​បះបោរ​ពី​ក្រុម​អ្នក​ទាមទារ​ផ្តាច់ទឹកដីនិយម និង​អំពើហិង្សា​របស់​ក្រុមអ៊ីស្លាមនិយមជ្រុល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ