អានតួអត្ថបទ

ចិន​ចោទ​​​អាមេរិក​​​ថា ជា “ភេរវជន​សេដ្ឋកិច្ច”

ចិន​ថា​​អាមេរិក​​ជា​ ភេរវជន​​សេដ្ឋកិច្ច
ចិន​ថា​​អាមេរិក​​ជា​ ភេរវជន​​សេដ្ឋកិច្ច REUTERS/Damir Sagolj

នៅ​ថ្ងៃព្រហស្បតិ៍​នេះ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​ដាក់​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​សន្និសីទ​កាសែត អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បាន​ចាត់​ទុកសង្គ្រាម​ពាណិជ្ជកម្ម​ទ្វេ​ភាគី ដែល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ​បាន​ធ្វើ​មក​លើចិន​ តាម​រយៈ​ការ​ដំឡើង​ពន្ធ​គយ ដើម្បី​ដាក់ទោស​និង​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​ គឺ​ជា “ភេរវកម្ម​សេដ្ឋកិច្ច”។

ផ្សាយពាណិជ្ជកម្ម

យើង​ប្រឆាំង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម ព្រោះ​វា​នឹង​ជះ​ផល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​អន្តរជាតិ និង​កំណើន​សេដ្ឋកិច្ច​ពិភពលោក តែ​យើង​មិន​ខ្លាច​វា​ទេ ! នេះ​ជា​សេចក្តី​ប្រកាស​របស់​លោក​អនុរដ្ឋមន្ត្រីការបរទេស​ចិន​ទៅ​កាន់​អ្នក​សារព័ត៌មាន ដោយ​បន្ថែមទៀត​ថា ចិន​ប្រឆាំង​ដាច់​ខាត​នឹង​ការ​ប្រើ​ជា​ស្វ័យប្រវត្តិ​ទណ្ឌកម្ម​ពាណិជ្ជកម្ម ដំឡើង​ពន្ធ​និង​គាំពារ​ប្រយោជន៍ឯង ព្រោះ​គំនិត​ប៉ង​គិត​ឱ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​បែប​នេះ គឺ​ជា​ “ភេរវកម្ម​សេដ្ឋកិច្ច" ជា​ការ​ស្នេហាសេដ្ឋកិច្ច​ជាតិ​និយម​ជ្រុល និង​ជា​ការ​យារយី​សេដ្ឋកិច្ចចំៗ។

សេចក្តី​ថ្លែងការណ៍​នេះ ធ្វើ​ឡើង​ក្នុង​ករណៈ​ដែល​ចិន​ចាប់​ផ្តើម​បញ្ចេញ​ប្រតិកម្ម​បែប​វាយ​លុប​តប​ត​នឹង​គំនាប​ដ៏​ខ្លាំងរបស់​វ៉ាស៊ីនតោន ដែលប៉េកាំង​​​លែង​ទ្រាំ​បាន​។ ​​អ្នក​ទទួល​ខុស​ចិន​ និង​សារព័ត៌មានជា​ច្រើន​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ម្សិលមិញ គំរាម​ថា​ចិន​អាច​​​ធ្វើ​បាបក្រុមហ៊ុន​​អាមេរិក​វិញ​បាន ​​ដោយ​កាត់​បន្ថយ​ការ​នាំ​ចេញ​រ៉ែ​ឬ​លោហៈ​កម្រ​ទៅ​អាមេរិក។ ចិន​ជា​ផ្គត់ផ្គង់​​លោហៈ​ធាតុ​កម្រចាំ​បាច់​សម្រាប់​បច្ចេកវិទ្យា​ទំនើប ប្រមាណ​៩០%​នៃ​តម្រូវការ​ពិភពលោក​។

សូម​បញ្ជាក់​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង​ពីរ បានផុង​ជ្រៅ​មួយ​កំរិត​ទៀត តាំង​ពី​អាមេរិក​បាន​សម្រេចដាក់ទោសចិន ដោយ​​ដំឡើង​ពន្ធ​នាំ​ចូល​លើ​ផលិត​ផល​ចិន ដើម​ខែ​ឧសភា​មក។ លោក ដូណាល់ ត្រាំ​ក៏​បាន​​ពង្រឹង​គំនាប​លើ​ក្រុម​ហ៊ុន Huawei ឱ្យ​មិន​រក​ស៊ី​ជាមួយ​ក្រុមហ៊ុនទូរគមនាគមន៍​អាមេរិកទៀត បន្ថែម​ពី​លើ​ច្បាប់​ហាមឃាត់​កាលពី​ថ្នាំ​មុន​ដាក់​បម្រាម​មិន​ឱ្យ​រដ្ឋបាល​សហព័ន្ធ​ ​ ទិញ​គ្រឿង​​សម្ភារៈ​របស់​Huawei​ ​និង​រកស៊ី​ជាមួយ​ក្រុមហ៊ុនណា​ដែល​មាន​ពាក់ព័ន្ធ​នឹង​Huawei។ រដ្ឋបាល​លោក​ត្រាំ ក៏​បាន​ដាក់​បម្រាម​មិន​ឱ្យ​ក្រុមហ៊ុន​អាមេរិក​លក់​បច្ចេកវិទ្យា​​ទៅ​ឱ្យ​Huawei​ទៀត។ នៅ​ថ្ងៃនេះ អនុប្រធានាធិបតី​អាមេរិក​ត្រូវ​អញ្ជើញ​ទៅជួប​នាយករដ្ឋមន្ត្រី​​កាណាដា​ ដើម្បី​ជជែក​អំពី​បញ្ហា​ពាណិជ្ជកម្ម​និងពិសេស​​អំពី​វិបត្តិ​ជាមួយ​​​​Huawei​។ ​ កាដាណា​ដែល​តាម​សំណើ​អាមេរិក​​បាន​ចាប់​ខ្លួន​​អ្នកស្រី​​ម៉េង​វ៉ាន់ចូវ កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​Huawei កាលពី​ចុង​ឆ្នាំ​២០១៨ ពីបទ​រំលោភ​ទណ្ឌកម្ម​អាមេរិក​ទៅ​រក​ស៊ី​ជាមួយ​អ៊ីរ៉ង់។ អ្នកស្រី​ ម៉េងវ៉ាន់ចូវ ពេល​នេះ កំពុងស្ថិត​នៅ​ក្នុង​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​​ក្នុងទឹកដី​កាណាដា និង​ត្រូវ​ឡើង​​ឆ្លើយ​បំភ្លឺ​តុលាការ​ដែល​នឹង​អាច​សម្រេច​ធ្វើ​បត្យាប័ន​ទៅ​អាមេរិក​ផង៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ