អានតួអត្ថបទ
សិង្ហបុរី

នៅ​សិង្ហបុរី ជំនួបកំពូល​ស្តីពី​សន្តិសុខ​អាស៊ី នឹង​គ្របដណ្តប់​ជម្លោះ​ចិន និងអាមេរិក

រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក និង​ចិន ជួបពិភាក្សា​គ្នា​នៅ​ក្រៅក្របខ័ណ្ឌ​សន្និសីទ​ស្តីពីសន្តិសុខ​អាស៊ី នៅ​សិង្ហបុរី ថ្ងៃទី ៣១ ឧសភា ២០១៩
រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក និង​ចិន ជួបពិភាក្សា​គ្នា​នៅ​ក្រៅក្របខ័ណ្ឌ​សន្និសីទ​ស្តីពីសន្តិសុខ​អាស៊ី នៅ​សិង្ហបុរី ថ្ងៃទី ៣១ ឧសភា ២០១៩ © REUTERS/Idrees Ali

ជំនួបកំពូល​លើក​ទី១៨  ស្តីពី​សន្តិសុខ​អាស៊ី ប៉ាស៊ីហ្វិក បាន​ចាប់ផ្តើម​បើកទ្វារ ​ នៅ​ប្រទេស​សិង្ហបុរី ពី​ថ្ងៃ​សុក្រ រហូត​ដល់​ថ្ងៃ អាទិត្យ ទី ២​មិថុនា។ ជំនួបកំពូល​ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន សម្រាប់​ការសិក្សា​ផ្នែក​យុទ្ធសាស្រ្ត (IISS) ជា​វេទិកា ពិភាក្សា​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ មកពី ប្រទេស​ចំនួន ២៨ ដែលនៅ​ក្នុង​នោះ​មាន ប្រទេស​សមាជិក​អាស៊ាន ទាំង​១០ ហើយ​និង​អាមេរិក ជាដើម។ ជាលើកទី ១ ប្រទេស​ចិន​បាន​បញ្ជូន​រដ្ឋមន្រ្តី​ការពារជាតិ​ទៅ​ចូលរួម​ផ្ទាល់ នៅក្នុង​ជំនួបកំពូល ដែល​នឹង​គ្របដណ្តប់​ដោយ​ជម្លោះ​រវាង​មហាអំណាច​ចិន និងអាមេរិក។ 

ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​ស្តីពី​សន្តិសុខ​នៅ​ប្រទេស​សិង្ហបុរី ដែល​គេ​ហៅ​ម្យ៉ាងទៀត​ថា ជា « កិច្ចសន្ទនា​ស្ហង់ហ្គ្រីឡា ត្រូវ​បានវិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​ផ្នែក​យុទ្ធសាស្ត្រ ដែលមាន​ទីស្នាក់ការ​នៅ​ប្រទេស​អង់គ្លេស រៀបចំ ឡើង ចាប់តាំង​ពី​ឆ្នាំ ២០០២ ដើម្បី​និយាយ​ពី​ស្ថិរភាព និង​ដំណើរការ​ពាណិជ្ជកម្ម នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

ប៉ុន្តែ សន្និសីទ​ឆ្នាំនេះ ដែល​ទើបមាន​ការចូលរួម​ជាលើកទី​១ ពី​រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន ទំនង​ជា​ផ្តោត​ទៅលើ​សំណុំរឿង​សំខាន់​ពីរ គឺ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ហើយ​និង ជម្លោះពាណិជ្ជកម្ម​យ៉ាងចេញមុខ រវាង​ចិន និង​អាមេរិក។ អ្នកចូលរួម​មួយ​ចំនួន​បារម្ភថា ជម្លោះ​ពាណិជ្ជកម្ម​ចិន និងអាមេរិក​នឹង​អាច​លាតសន្ធឹង គ្របដណ្តប់​ទៅលើ​វិស័យ​សន្តិសុខ និងការពារ​ជាតិ។

នៅថ្ងៃ​សុក្រ​ម្សិលមិញ នៅ​ក្រៅ​ក្របខ័ណ្ឌ ជំនួបកំពូល នៅ​សិង្ហបុរី រដ្ឋមន្រ្តី​ការពារ​ជាតិ លោក Patrick Shanahan បាន​ជួប​ពិភាក្សា ២០នាទី ជាមួយ​ប្រមុខ​ការពារ​ជាតិ ចិន លោក Wei Fenghe។ អ្នកនាំពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​លើកឡើង​ពី​ជំនួប​វិជ្ជមាន និង​ស្ថាបនា ព្រោះថា ភាគី​ទាំងពីរ​បាន​ពិភាក្សា​ពី​មធ្យោបាយ ដើម្បី កាត់បន្ថយ​ការយល់ច្រលំ ដាក់គ្នា។

នៅ​មុន​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន​ទៅទៀត ប្រមុខការពារ​ជាតិ អាមេរិក លោក Shanahan បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា នៅ​ក្នុង​សន្និសីទ​នៅ​ថ្ងៃ​សៅរ៍នេះ លោក​នឹង​លើកនិយាយ​ពី​ឥរិយាបទ​មិនល្អ​របស់ចិន ជាពិសេស រឿង​ដែល​ចិន​គ្រោង​នឹង​សាងសង់​កន្លែងចុះចត​យន្តហោះ ហើយ​និង​តាំង​គ្រាប់មីស៊ីល នៅលើ​កោះសប្បនិម្មិត ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

សម្រាប់​អ្នកជំនាញ ដោយ​បញ្ជូន​ប្រមុខ​យោធា​ឲ្យ​ចូលរួម​ផ្ទាល់ នៅ​ក្នុង​សន្និសីទ នៅ​សិង្ហបុរី លើកនេះ ទីក្រុង​ប៉េកាំង ចង់​បញ្ជាក់ បំភ្លឺ​ផងដែរ ពី​ជំហរ​របស់​ចិន ទៅកាន់​សន្និសីទ ដែល​រហូតមក គ្របដណ្តប់​ដោយ​ឥទ្ធិពល​របស់​អាមេរិក។ ប្រភព​ពី​គណៈប្រតិភូ​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន បាន​បង្ហើប​ឲ្យ​ដឹងថា នៅក្នុងពេល​ថ្លែង ទៅកាន់​សន្និសីទ​នៅ​សិង្ហបុរី នៅថ្ងៃ​អាទិត្យ​ស្អែក រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន​នឹង​បញ្ជាក់​ថា គ្មានទេ ការគំរាមកំហែង​របស់​ចិន នៅក្នុង​តំបន់។ ចិន​នឹង​កែតម្រូវ​គំនិត យល់​ច្រលំ​ទាំងអស់​ទៅលើ​ចិន។ សម្រាប់​ប៉េកាំង នយោបាយ​កងទ័ព​ជាតិចិន ធ្វើឡើង​ក្នុង​គោលដៅ ការពារ​តែប៉ុណ្ណោះ។ “ចិន​មិន​ចង់​បាន​ទឹកដី​របស់​ប្រទេស​ដទៃ ប៉ុន្តែ ចិន ក៏​នឹងមិន​ព្រម​ចុះចាញ់ ឲ្យ​បាត់បង់​ទឹកដី​របស់ខ្លួន សូម្បី​មួយ​ចំអាមដែរ”។

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ