អានតួអត្ថបទ

ចិន​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​វិនិយោគ​ខ្លះ​សម្រាប់​បរទេស

កម្មករ​រោងចក្រ​អំបោះ​មួយ​នៅ​ប្រទេស​ចិន
កម្មករ​រោងចក្រ​អំបោះ​មួយ​នៅ​ប្រទេស​ចិន STR / AFP

ប៉េកាំង​បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​ទី ៣០​មិថុនា​២០១៩​នេះ ថា​ចិន​នឹង​ធ្វើ​ការ​បន្ធូរបន្ថយ ឬ​លុប​ចោល​តែ​ម្តង ​លក្ខខណ្ឌ​វិនិយោគ​ ក្នុង​វិស័យ​មួយ​ចំនួន ដែល​ចិន​ធ្លាប់​រឹត​បន្តឹង និង​ហាមឃាត់​ដាច់​ខាត​​ចំពោះ​អ្នក​រក​ស៊ីបរទេស។ សេចក្តី​សម្រេចចិត្ត​នេះ​ បាន​ធ្លាក់​មក​តែ​មួយ​ថ្ងៃ​ក្រោយ​សេចក្តី​ប្រកាស​របស់​អាមេរិក​ ថា​នឹង​ចាប់​ផ្តើម​ចរចា​ពាណិជ្ជកម្ម​ជា​ចិន​ឡើង​វិញ ដើម្បី​បិទ​បញ្ចប់​ភាព​តាន​តឹង​ពាណិជ្ជកម្ម​រវាង​គ្នា។

ផ្សាយពាណិជ្ជកម្ម

ចិន​មាន​បញ្ជី​ឈ្មោះ​កំណត់​ប្រភេទ​ឧស្សាហកម្ម​ពាណិជ្ជកម្ម ដែល​ហាមឃាត់​ ឬ​រឹត​បន្តឹង​ខ្លាំង​ចំពោះ​អ្នក​វិនិយោគ​បរទេស។ អ្នក​វិនិយោគ​បរទេស​ក៏​តែង​ថ្នូរ​តាំង​យូរ​មក​ដែរ​ អំពី​វិសមភាព​នៅ​លើ​ទីផ្សារ​ចិន។ វិស័យ​ជាប់​បម្រាម​​ខ្លាំង​មាន​ទាំង​អស់ ៤៨ តែ​ចាប់​ពីថ្ងៃទី ៣០​កក្កដាទៅ​ ចិន​បញ្ចុះ​មក​នៅ​ត្រឹម​​តែ​វិស័យ​ចំនួន​៤០​។

​ជា​សរុប​មាន​វិស័យ​ចំនួន​៨ ដែល​ប៉េកាំងធ្លាប់​រឹតដ្បិត ឬ​ហាម​ឃាត់​ដាច់​ខាត​មិន​ឱ្យ​បរទេស​ធ្វើ​វិនិយោគ ​ត្រូវ​បាន​បើក​ទូលាយ​ ឬ​លើក​បម្រាម​ចេញ​ទាំង​ស្រុង​តែ​ម្តង។ នេះបើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​ និង​ភ្នាក់ងារ​ផែនការ​សេដ្ឋកិច្ច​ចិន​ដ៏​មាន​ឥទ្ធិពល។ វិស័យ​ទាំង​៨​នោះ​មាន​ជា​ដូច​ជា ៖ ដឹកជញ្ជូន ផ្លូវទឹក ឧស្សាហកម្ម​សិល្បៈ​ទស្សនីយភាព សេវា​ទូរគមនាគមន៍​មួយ​ចំនួន ឬ​ការ​រុករក​ប្រេង​និង​ឧស្ម័ន ជា​ដើម​។ល។

ហេតុ​អ្វី​បាន​ជា​ចិន​ព្រម​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​វិនិយោគ​សម្រាប់​បរទេស នៅ​ពេល​នេះ ? សេចក្តី​សម្រេច​​របស់​ប៉េកាំង​ ធ្លាក់​មក​តែ​មួយ​ថ្ងៃ​ក្រោយ​​ពី​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស ពី​ជំនួប​កំពូល​ហ្សេ​២០ ​ព្យួរ​សង្គ្រាម​ពាណិជ្ជកម្ម​ និង​បើក​ការ​ចរចាពាណិជ្ជកម្ម​ជាមួយ​ចិនឡើង​វិញ។ ផែនការ​នេះ នឹង​ផ្តល់​ដង្ហើម​ថ្មី​ដល់​សេដ្ឋកិច្ច​ជាតិ​ចិន​ដែល​កំពុង​ថប់​ខ្យល់​កាន់​តែ​ខ្លាំង​ឡើងៗ​ ដោយ​សារ​គំនាប​ទណ្ឌកម្ម​របស់​វ៉ាស៊ីនតោន។ អាមេរិកបាន​​​​​ដំឡើង​ពន្ធ​នាំ​ចូល​បន្ថែម​លើ​ ផលិតផល​នាំ​ចេញ​ពី​​ចិន​ទៅ​អាមេរិក​ ជាង​ពាក់​កណ្តាល។​

លើស​ពី​នេះ​ទៀត ប៉េកាំង​ព្រម​បន្ធូរ​បន្ថយ​ការ​រិត​បន្តឹង​លក្ខខណ្ឌ​វិនិយោគ​បរទេស ក៏​ដើម្បី​លើក​មុខ​មាត់ខ្លួន​​ នៅ​ក្នុង​រង្វង់​ក្រុមហ៊ុន​អន្តរជាតិ។ ចិន​ ជា​ទិសដៅ​វិនិយោគផ្ទាល់​របស់​បរទេស លំដាប់​​ទីពីរ​ លើ​ពិភពលោក ជាមួយ​កំរិត​ទុន​វិនិយោគ​ដល់​ទៅ​ជាង​១៣៩​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​ការ​សិក្សា​ឯកជន​មួយ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ភាព​ទាក់ទាញ​ផ្នែក​វិនិយោគ​របស់​ចិន​បាន​ធ្លាក់​ចុះ។ មូលហេតុ បើ​តាម​អ្នក​វិនិយោគ ​គឺ​បណ្តាល​មក​ពី​ភាព​តាន​តឹង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក និង​បណ្តាល​មក​ពី​សេចក្តីត្រូវ​ការ​ក្នុង​ស្រុក​បាន​ថយ​ចុះ​ ច្រើន​ជាង​បណ្តាល​មក​ពី​បញ្ហា​ច្បាប់​រក​ស៊ី៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ