អានតួអត្ថបទ
ហុងកុង

លោកអេម៉ានុយអែល ឡាំងកូតថា ចិនប៉េកាំងនឹងចាត់វិធានការក្នុងរូបភាពណាមួយចំពោះរឿងរ៉ាវនៅហុងកុង

ប៉ូលិស​ហុងកុង
ប៉ូលិស​ហុងកុង Reuters

នៅ​ថ្ងៃ​ពុធ ទី៣ កក្កដា ស្ថានការណ៍​នៅ​ហុងកុង​ហាក់​បាន​ស្ងប់ស្ងាត់ បន្ទាប់​ពី​មាន​អំពើហិង្សាចូលលុកលុយ ​វាយបំផ្លាញ​ក្នុង​អគារ​រដ្ឋសភា​របស់​ក្រុម​បាតុករ​ហុងកុង​នា​យប់​ថ្ងៃ​ចន្ទ ទី១ កក្កដា​ដែល​ជា​ខួបគម្រប់ ២២ឆ្នាំ​នៃ​ការ​ប្រគល់​ទឹកដី​ហុងកុង​ពី​អង់គ្លេស​ទៅ​ឲ្យ​ចិន​ដីគោក​ក្នុង​ឆ្នាំ ១៩៩៧។ រូបភាព​ហិង្សា​មិន​ធ្លាប់​មាន​មួយ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាត​នៅ​តាម​បណ្តាញសង្គម និង​តាម​មធ្យោបាយ​ឃោសនា​មហាជន​នានា​ក្នុង​លោក។ ព្រឹត្តិការណ៍​មួយ​នេះ​ត្រូវ​បាន​ប្រមុខ​ដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ រួម​ទាំង​រដ្ឋាភិបាល​នៅ​ក្រុង​ប៉េកាំង​ថ្កោលទោស​យ៉ាង​ចាស់​ដៃ។ តែ​រហូត​មក​ទល់​ពេល​នេះ រដ្ឋអំណាច​ចិន​ហាក់​ទុក​ឲ្យ​រដ្ឋអំណាច​ហុងកុង​ជា​អ្នក​ដោះស្រាយ។ គួរ​រម្លឹក​ថា ពលរដ្ឋ​ហុងកុង​បន្ត​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅ​កាត់​ទោស​នៅ​ចិន​ដី​គោក នោះ​បើ​ទោះបី​ជា​លោកស្រី​ការី ឡាំ​បាន​ព្យួរ​សេចក្តី​ព្រាងច្បាប់​នេះ​មួយ​រយៈ​ក៏​ដោយ។ គ្រប់​គ្នា​កំពុង​រងចាំ​មើល​ថា តើ​រដ្ឋអំណាចកណ្តាល​នៅ​ចិន​ដីគោក​ត្រូវ​គ្រប់គ្រង និង​ចាត់វិធានការ​យ៉ាង​ណា​ចំពោះ​ព្រឹត្តិការណ៍​នៅ​ហុងកុង​ពេល​នេះ។ លោក​អេម៉ានុយអែល ឡាំងកូត សាស្រ្តាចារ្យ​នៅ​វិទ្យាស្ថាន​កាតូលិក​ក្រុង​ប៉ារីស អ្នកជំនាញ​ចិន​សម័យ​បច្ចុប្បន្ន និង​ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណង​ជើង « ចិន មហាអំណាច​វប្បធម៌ថ្មី » បាន​យល់​ឃើញ​ថា ហានិភ័យ​សម្រាប់​ក្រុង​ប៉េកាំង គឺ​ការ​ឆ្លង​ព្រឹត្តិការណ៍​នៅ​ហុងកុង​ទៅ​កាន់​ទីក្រុង​ផ្សេង​ទៀត​នៅ​ចិន​ដីគោក។

ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​គិត​ថា ​វា​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​ដោយ​មិន​អាច​បង្អែរបង្អង់​បាន​ឡើយ ព្រោះ​ថា ទោះ​បី​ជា​បណ្តាញ​សង្គម និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ព្រឹត្តិការណ៍​នៅ​ហុងកុង​​ត្រូវ​បាន​បិទខ្ទប់​នៅ​ខាង​ភាគី​ចិនដីគោក​ក៏​ដោយ ក៏​នៅ​ទីបំផុត​ទៅ ប្រជាជន​ចិន​ភាគ​ច្រើន​អាច​ទទួល​បាន​ព័ត៌មាន​ស្តីពី​រឿងរ៉ាវ​ដែល​បាន​កើត​មាន​ឡើង​នៅ​ហុងកុង។

ឧទាហរណ៍​ជាក់ស្តែង ពលរដ្ឋ​ចិន​ដែល​ធ្វើ​ដំណើរ ព្រោះ​នៅ​តាម​ព្រលាន​យន្តហោះ​នានា​ក្នុង​ប្រទេស​ចិន​មិន​ត្រូវ​បាន​បិទទ្វារ​ទេ។ បន្ទាប់​មក ជនបរទេស រួម​ទាំង​ពលរដ្ឋ​ចិន​រស់នៅ​ក្រៅ​ប្រទេស​ដែល​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ​ពិត​ជា​បាន​ឃើញ និង​ដឹង​ពី​ក្បួនបាតុកម្ម​នៅ​ហុងកុង ហើយ​ពួក​គេ​ពិត​ជា​នាំ​គ្នា​បញ្ចូន ចែកចាយ​ព័ត៌មាន​មួយ​នេះ។

ហានិភ័យ​ចំពោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​វិបត្តិ​នៅ​ហុងកុង​ក៏​ដូច​ជា​វិបត្តិ​ផ្សេង​ទៀត គឺ​ការ​ឆ្លង​រាលដាល។ ខ្ញុំ​បាន​ស្តាប់​ការ​បកស្រាយ​របស់​លោក​ហ្វីលីប​ដែល​ជា​មិត្តរួមការងារ ហើយ​ខ្ញុំ​គិត​ថា​គាត់​និយាយ​មិន​ខុស​ទេ។ គាត់​ថា ទីក្រុង​ធំៗ​ដទៃ​ទៀត​នៅ​ចិន​ដីគោក ពិសេស​ទីក្រុង​សៀងហៃ​អាច​នឹង​ចម្លង​គំរូ​តាម​ហុងកុង​ក្រោម​ហេតុផល​ផ្សេង ដូច​យ៉ាង​ទាមទារ​ចង់​បាន​ស្វ័យភាព​ច្រើន​ជាង​ពេល​នេះ​ពី​រដ្ឋអំណាច​កណ្តាល​នៅ​ប៉េកាំង។

ដូច្នេះ​ហានិភ័យ គឺ​ការ​ឆ្លង​រាលដាល​ពី​ហុងកុង​ទៅ​កាន់​កន្លែង​ផ្សេង​នៅ​ចិនដីគោក ហើយ​ខ្ញុំ​ជឿជាក់​ថា​នៅ​រង្វង់ ៤៨ម៉ោង​ខាង​មុខ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​នឹង​មាន​វិធានការ​ក្នុង​រូបភាព​ណា​មួយ​ចំពោះ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ហុងកុង​ពេល​នេះ »៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ