អានតួអត្ថបទ

នៅម៉ូស្គូ​ពួកប្រឆាំង​ជាង​ ១ពាន់​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុងការ​ប៉ុនប៉ង​ធ្វើ​មីទ្ទិញគ្មានសេចក្តីអនុញ្ញាត

អាជ្ញាធររុស្ស៊ីកំពុងចាប់ខ្លួនបាតុករ។
អាជ្ញាធររុស្ស៊ីកំពុងចាប់ខ្លួនបាតុករ។ REUTERS/Tatyana Makeyeva

ប៉ូលីសរុស្ស៊ី ថ្ងៃសៅរ៍ ២៧ កក្កដា បានក្របួចចាប់បាតុករសរុបទៅ ១ ០៧៤ នាក់ ពីក្នុង ចំណោមបាតុករប្រមាណ ៣ ៥០០ នាក់ ដែលនាំគ្នាជួបជុំនៅចំកណ្តាលក្រុងម៉ូស្គូ ដើម្បីទាមទារការបោះឆ្នោតសេរី ទោះបីអាជ្ញាធរ នាប៉ុន្មានថ្ងៃចុងក្រោយ វាត ប្រតិបត្តិការបង្ក្រាប ទល់នឹងពួកប្រឆាំងក្តី។

ផ្សាយពាណិជ្ជកម្ម

កន្លងផុតមិនបានមួយសប្តាហ៍ផង ក្រោយពីការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំមិនធ្លាប់មានតាំងពី មាន បំបះចលនាដែល ប្រឆាំងនឹង ការវិលត្រឡប់មកវិមានក្រេមឡាំងវិញ នៃ លោក វ៉្លាឌីមៀរ ពូទីន កាលក្នុងឆ្នាំ ២០១២ កម្លាំងរក្សាសណ្តាប់ធ្នាប់ លើកនេះមិនបានទុកភ័ព្វសំណាងអ្វីណាបន្តិចសោះឡើយ ដល់ពួកតវ៉ា ឲ្យចូលរួមជាថ្មី ក្នុងបាតុកម្មគ្មានសេចក្តីអនុញ្ញាត នៅមុខសាលាក្រុងម៉ូស្គូ តែម្តង។

ដោយកែនគ្នីគ្នាខ្លួនច្រើនសំបើម កម្លាំងរក្សាសណ្តាប់ធ្នាប់នោះ បានក្របួចចាប់រង្គាលតែម្តង ពួកអ្នកតវ៉ា ដែលបានប្រមូលផ្តុំគ្នា លើសរសៃផ្លូវដ៏សំខាន់បំផុត នៃរដ្ឋធានីម៉ូស្គូ ទាំងស្រែកថា “ គួរឲ្យអាម៉ាស់ អំណាច ពូទីន”, ” ពួកយើងប្រាថ្នាឲ្យមានការបោះឆ្នោតសេរី” ។ គឺនៅក្រោមសូរបន្លឺឡើងនៃ ពាក្យស្លោកទាំងនេះ ដែល កម្លាំងប៉ូលីស បានច្រានពួកគេឲ្យ រាលទៅខាងកូនវិថីនានា នៅក្បែរមហាសរសៃរផ្លូវនោះ។

ពួកប្រឆាំង បរិហារទង្វើគជបម៉ូស្គូ ដែលប្រកែកមិនព្រមចុះឈ្មោះ ក្រុមបេក្ខជនឯករាជ ដើម្បីកុំឲ្យគេ អាចចូលប្រឡូកក្នុងការបោះឆ្នោត ក្លាយទៅជា តំណាងរាស្ត្រនៃ សភាខេត្តក្រុងម៉ូស្គូ នៅថ្ងៃ ៨ កញ្ញាខាងមុខ- ការបោះឆ្នោត ដែលសន្មត់ មិនងាយស្រួលឡើយ ទាំងសម្រាប់ បេក្ខជនណាដែល គាំទ្ររដ្ឋអំណាច មកពី បរិយាកាសរអ៊ូរទាំ ក្នុងសង្គម។

តាមរយៈ ការចាប់ឃុំឃាំង ការសួរចម្លើយ ការឆែកឆេរលំនៅ ពួកប្រឆាំងរុស្ស៊ី ពេញមួយសប្តាហ៏កន្លងទៅ អាជ្ញាធរ បង្ហាញឲ្យពួកគេឃើញច្បាស់ថា ខ្លួននឹង ប្រតិកម្មយ៉ាងមោះមុត ទល់នឹងការកើនឡើងនៃ កំដៅតវ៉ា នាប៉ុន្មានសប្តាហ៏ចុងក្រោយ។

តាមតួលេខផ្លូវការ ប្រកាសយប់មិញដោយប៉ូលីសម៉ូស្គូ ក្នុងចំណោមបាតុករ ដែលមកជួបជុំគ្នានោះប្រមាណ ៣.៥០០ នាក់ មានឃាត់ខ្លួន សរុបទៅ ចំនួន ១.០៧៤ នាក់។

បុរសឈ្មោះ Alexei SprijitskiN អាយុ ៤២ ឆ្នាំ បានថ្លែងទៅ AFP ថា ការគាបសង្កត់ ការចាប់រង្គាល បែបនេះ ធ្លាប់បានកើតមាន គឺកាលក្នុងបាតុកម្មឆ្នាំ ២០១២។

តាំងពីមុន គេជួបជុំគ្នាលើកនេះម៉្លេះ បេក្ខជនខាងបក្សប្រឆាំងជាច្រើនរូប ត្រូវបាននាំខ្លួនទៅ ស្តាប់ការព្រមាន នៅឯ បកប៉ូលីសទៅហើយ ។ ក្នុងនោះ មានម្នាក់ បានថ្លែងទៅ AFP ៖ អ្វីដែលខ្ញុំចង់ដឹង តើក្នុងប្រទេសរុស្ស៊ី បច្ចុប្បន្ន គេអាចធ្វើនយោបាយដោយស្របច្បាប់ ឫទេ ? ចំណែក មេប្រឆាំងទល់នឹងវិមានក្រេមឡាំង ឈ្មោះ  Alexei Navalny ត្រូវបានបញ្ជូនខ្លួន ទៅជាប់ក្នុងការឃុំឃាំង នៅពន្ធនាគារ រយៈពេល ៣០ ថ្ងៃ មកពីគាត់ ប្រព្រឹត្តបទល្មើសលើ ច្បាប់ធ្វើបាតុកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ