អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖លោកវីដូដូស្នើឲ្យពិនិត្យឡើងវិញលើសេចក្តីព្រាងច្បាប់ដែលពិន័យអ្នកមានទំនាក់ទំនងផ្លូវភេទក្រៅអាពាហ៍ពិពាហ៍

ប្រធានាធិបតី​ឥណ្ដូណេស៊ី​ Joko Widodo
ប្រធានាធិបតី​ឥណ្ដូណេស៊ី​ Joko Widodo Wahyu Putro/ via REUTERS ATTENTION EDITORS

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី លោក​ប្រធានាធិបតី​វីដូដូ​បាន​អំពាវនាវ​នា​ថ្ងៃ​សុក្រ ទី២០ កញ្ញា​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​លើ​សេចក្តីព្រាងច្បាប់​មួយ​ស្តីពី​ទំនាក់ទំនង​ផ្លូវភេទ។ សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស់​មួយ​នេះ​មាន​គោលដៅ​ពិន័យ​ដាក់​គុក​ចំពោះ​អ្នក​ដែល​មាន​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍ ឬ​អ្នក​ដែល​មាន​ភេទ​ដូច​គ្នា។ សំណើ​សុំ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ និង​សុំ​សភា​លើក​ពេល​បោះឆ្នោត​ក៏​ដោយសារ​តែ​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា ពិសេស​ពី​ក្រុម​សិស្ស និស្សិត។

ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា​ចង់​បាន​តាម​រយៈ​សេចក្តីព្រាងច្បាប់​មួយ​នេះ គឺ​ពិន័យ​លើ​ក្រុម​មនុស្ស​ដែល​រៀបការ​រួច​ហើយ តែ​បែរ​ជា​ទៅ​លួចលាក់​មាន​ទំនាក់ទំនង​ផ្លូវភេទ​នៅ​ក្រៅ​ដែល​ភាសា​សាមញ្ញ​​ហៅ​ថា ជា​ការ​ផិតក្បត់។ បន្ទាប់​មក សេចក្តីព្រាងច្បាប់​ដដែល​ក៏​ពិន័យ​ចំពោះ​ទំនាក់ទំនង​ផ្លូវភេទ​រវាង​មនុស្ស​មាន​ភេទ​ដូច​គ្នា​ដែរ។ មាត្រាថ្មី​នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែង​ពី​ការ​ហាម​ការ​រួម​ភេទ​ក្រៅ​អាពាហ៍ពិពាហ៍ ឬ​ផិតក្បត់ និង​ការ​រួម​ភេទ​រវាង​មនុស្ស​មាន​ភេទ​ដូច​គ្នា​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ខែ​ទៅ ១ឆ្នាំ និង​ការ​ពិន័យ​ជា​ប្រាក់។

តែ​បញ្ហា​នៅ​ត្រង់​ថា សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស់​មួយ​នេះ​បាន​ទទួល​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា ពិសេស​ពី​សំណាក់​សិស្ស និស្សិត។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​វីដូដូ​ដែល​ទើប​ជាប់ឆ្នោត​សម្រាប់​អាណត្តិទី២ បាន​ស្នើ​សភា​ឲ្យ​ពិនិត្យមើល​ឡើង​វិញ និង​លើក​ពេល​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​មួយ​នេះ​នៅ​សម័យប្រជុំ​សភា​លើក​ក្រោយ​វិញ។ ការ​សម្រេច​របស់​លោក​វីដូដូ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​ជួប​ជជែក ពិភាក្សា​ជាមួយ​ក្រុម​ជា​ច្រើន​ដែល​មាន​ការ​យល់ទាស់​លើ​ចំណុច​មួយ​ចំនួន​នៃ​សេចក្តីព្រាងច្បាប់​នោះ។

គួរ​រម្លឹក​ថា ការ​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ក្រមព្រហ្មទណ្ឌ​ឥណ្ឌូណេស៊ី​ដែល​មាន​តាំង​ពី​សម័យ​អាណានិគម​ហូឡង់​បាន​ចាប់​ផ្តើម​តាំង​ពី​ទសវត្ស​កន្លង​មក។ គឺ​ក្រុម​អ្នកកាន់សាសនា​អ៊ីស្លាម​អភិរក្សនិយម​ដែល​ប្រឹងប្រែង​ចង់​ឲ្យ​មាន​ការ​បន្តឹង​ក្រមព្រហ្មទណ្ឌ​ស្តីពី​សីលធម៌​ផ្លូវភេទ។ ទង្វើ​របស់​ក្រុម​អ្នកកាន់សាសនា​អ៊ីស្លាម​អភិរក្សនិយម​របៀប​នេះ​បាន​ទទួល​រង​ការ​រិះគន់ ទិតៀន​ចាស់​ដៃ​ពី​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស និង​ពី​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ភាគច្រើន។ ញត្តិ​មួយ​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​មួយ​នេះ​ប្រមូល​បាន​ហត្ថលេខី​ជាង​កន្លះ​លាន។ « គឺ​ជា​រឿង​ឆ្កួត បើ​មាន​ការ​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​នេះ។ តើ​ឥណ្ឌូណេស៊ី​ក្លាយ​ជា​ប្រទេស​ស្អី​ទៅ » នេះ​ជា​ប្រតិកម្ម​របស់​ផលិតករ​ឥណ្ឌូណេស៊ី​ម្នាក់​នៅ​លើ​បណ្តាញ​សង្គម Twitter របស់​លោក។

អ្វី​ជា​ការ​កត់សម្គាល់ ឥណ្ឌូណេស៊ី​សព្វថ្ងៃ​ក្រោម​ឥទ្ធិពល​របស់​ចលនា​អ៊ីស្លាម​បែបប្រពៃណី​មិន​ដូច​ឥណ្ឌូណេស៊ី​ពី​មុន​ដែល​ធ្លាប់​ជា​ប្រទេស​មាន​ការ​អត់ឱន យោគយល់​រវាង​សាសនា និង​វប្បធម៌​ខុស​គ្នា​ទេ។ គេ​នៅ​មិន​ដឹង​ថា តើ​សេចក្តីព្រាងច្បាប់​នោះ​នឹង​ត្រូវ​សភា​បោះឆ្នោត​ពេល​ណា​ទេ។ តែ​រដ្ឋាភិបាល​អូស្តា្រលី​បាន​ព្រមាន​ប្រាប់​ដល់​ជនជាតិ​ខ្លួន​ដែល​ធ្វើ​ដំណើរ​ទៅ​ឥណ្ឌូណេស៊ី​ឲ្យ​មាន​ការ​ប្រយ័ត្នប្រយែង ពិសេស​អ្នក​ទេសចរ​ដែល​នៅ​លីវ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ