អានតួអត្ថបទ
ទីភ្នាក់ងារAIE

ទីភ្នាក់ងារ​AIE៖ ការផលិត​ថាមពល​កកើត​ឡើងវិញ ​កើនឡើង​ខ្ពស់ នៅ​ឆ្នាំ​២០១៩

ផ្ទាំងកញ្ចក់​សូ្របកំដៅព្រះអាទិត្យ​នៅស្រុកPatan ក្នុង​រដ្ឋ Gujarat​ប្រទេស​ឥណ្ឌាថ្ងៃទី ១៤​មេសា ២០១២
ផ្ទាំងកញ្ចក់​សូ្របកំដៅព្រះអាទិត្យ​នៅស្រុកPatan ក្នុង​រដ្ឋ Gujarat​ប្រទេស​ឥណ្ឌាថ្ងៃទី ១៤​មេសា ២០១២ ©Amit Dave

បន្ទាប់ពី​នៅទ្រឹង នៅ​ឆ្នាំ ២០១៨ ថាមពល​កកើត​ឡើងវិញ នៅក្នុង​ពិភពលោក ទំនង​នឹង​កើនឡើង​ខ្ពស់​មកវិញ នៅ​ឆ្នាំ ២០១៩។ នេះ​បើតាម​ការវាយតម្លៃ​របស់ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ហៅកាត់ថា AIE (Agence internationale de l’énergi)។ ការកើនឡើង នៃ​ថាមពល​កកើត​ឡើងវិញ ដែល​បាន​មក​ពី​ផ្ទាំងស្រូបកំដៅព្រះអាទិត្យ និង​កង្ហារយក្ស​គឺ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​គោលដៅអន្តរជាតិ ដែល​ចង់​កាត់បន្ថយ ថាមពល​ បាន​មកពីការដុតធ្យូងថ្ម ដែល​ជាប្រភព​បញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ធ្វើ​ឲ្យ​ផែនដី​ឡើង​កំដៅ។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ចេញផ្សាយ កាលពី​ថ្ងៃ​សុក្រ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ AIE រំពឹង​ថា នៅឆ្នាំ ២០១៩ ថាមពល​កកើតឡើង​វិញ ដូចជា​ថាមពល​បានមកពី​ផ្ទាំងស្រូបកំដៅ​ព្រះអាទិត្យ និង​កង្ហារយក្ស ជាដើម នឹង​កើនឡើង ១២% បើប្រៀបធៀប​នឹង​ឆ្នាំ ២០១៨។

នៅ​ឆ្នាំ ២០១៨ ថាមពល​អគ្គិសនី បាន​មក​ពី​ផ្ទាំងស្រូប​កំដៅ ព្រះអាទិត្យ ឬ​កង្ហារយក្ស ហាក់​នៅ​ទ្រឹង មិន​កើនឡើង​ទាល់​តែសោះ ១៨០​Gigawatts ដោយសារ​តែ​ការផ្លាស់ប្តូរ​ខ្សែបន្ទាត់​នយោបាយ​របស់​រដ្ឋាភិបាល​ចិន ដូចជា កាត់បន្ថយ ចំណាយ ហើយ​និង​ចង់​ឲ្យ​មាន​ការគ្រប់គ្រង​ល្អប្រសើរ លើ​ការផលិត​ថាមពល​អគ្គិសនី បាន​មក​ពី​ផ្ទាំងស្រូប​កំដៅ​ព្រះអាទិត្យ។

សម្រាប់ ទីភ្នាក់ងារ ថាមពល​អន្តរជាតិ ការណ៍​នេះ សបញ្ជាក់​ការដើរតួ​ដ៏សំខាន់ នៃ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល ក្នុង​ការដាក់​ពង្រាយ ទីតាំង ផ្ទាំងស្រូបកំដៅ ព្រះអាទិត្យ។ ក្នុង​ករណី​របស់​ប្រទេស​ចិន ដែល​ការផ្លាស់ប្តូរ​គោលនយោបាយ​តែបន្តិច​របស់​រដ្ឋាភិបាល បាន​ប៉ះពាល់​ដល់​ទីផ្សារ​ផលិត​ថាមពល កកើតឡើងវិញ។

តាមទីភ្នាក់ងារ​ថាមពល​អន្តរជាតិ នៅ​ឆ្នាំ ២០១៩ ថាមពល​កកើតឡើងវិញ ដែល​បាន​មកពី​ផ្ទាំង​កញ្ចក់​ស្រូបកំដៅ ព្រះអាទិត្យ ហើយ​និង​កង្ហារយក្ស នឹង​អាច​កើនឡើងមកវិញ នៅឆ្នាំ នេះ រហូត​ដល់ ២០០​ហ្សីហ្កាវ៉ាត​Gigawatts។

នៅពេល​ដែល​ផ្ទាំងស្រូបកំដៅ​ព្រះអាទិត្យ នៅមិនទាន់​រីកចម្រើន​ខ្លាំង​នៅ​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​ធំជាងគេ​នៅក្នុង​ពិភពលោក សហភាព អឺរ៉ុប ជាពិសេស​អេស្ប៉ាញ បាន​ប៉ះប៉ូវ ជួយ​បំពេញ កំណើន​ថាមពល​កកើតឡើងវិញនេះ ជាមួយ​ប្រទេស​វៀតណាម ជប៉ុន អាមេរិក​និង​ឥណ្ឌា​ជាដើម ដែល​កំពុង​ធ្វើ​នយោបាយ​លើកទឹកចិត្ត វិស័យ​ថាមពល​កកើត​ឡើងវិញ។

ភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​វាយតម្លៃ​ថា ដើម្បី​ចូលរួម​កុំ​ឲ្យ​កំដៅ​លើ​ផែនដី កើនឡើង ២អង្សារ​បន្ថែមទៀត គេត្រូវ​ផលិត​ថាមពល​កកើតឡើង​វិញ ប្រមាណ ៣០០Gigawatts ក្នុង​មួយឆ្នាំ ពោលគឺ​ក្នុង​រយៈពេល ១២​ឆ្នាំ ពី​ឆ្នាំ ២០១៨ ដល់ឆ្នាំ ២០៣០។ ថាមពល​កកើតឡើងវិញ ដែល​បានមក​ពី​ផ្ទាំងស្រូបកំដៅ​ព្រះអាទិត្យ និង​កង្ហារយក្ស និង​ដែល​មិន​បំពុល​បរិស្ថាន នឹង​ជួយ​ទៅ​ជំនួស ថាមពល​ដែល​បានមកពី​ធ្យូងថ្ម ដែលបញ្ចេញ​ឧស្ម័នកាបូនិក ដើមហេតុ​ចំបង​នៃ​ការឡើង​កំដៅផែនដី។

សម្រាប់​ប្រធាន​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ថាមពល​កកើតឡើងវិញ បាន​កើនឡើង​មកវិញ​យ៉ាងដូច្នេះ ជា​ដំណឹង​ល្អ​មួយ​សម្រាប់ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ។ មួយវិញ​ទៀត ការចំណាយ​ទៅលើ​វិស័យ​ផលិត​ថាមពល​កកើតឡើងវិញ ជាពិសេស ការធ្លាក់ចុះ​នៃ​តម្លៃ​ផ្ទាំងស្រូបកំដៅ ព្រះអាទិត្យ ដល់​ទៅ ៨០ភាគរយ បើប្រៀបធៀប​នឹង​ឆ្នាំ ២០១០ គឺ​ជា​ដំណឹងល្អ គួរ​ឲ្យ​លើកទឹកចិត្ត​សម្រាប់​មនុស្សលោក ដែល​ចង់​បាន​ថាមពល ដែល​មិនធ្វើ​ឲ្យ​មានការ​បញ្ចេញ​ឧស្ម័នកាបូនិក៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ