អានតួអត្ថបទ

វិបត្តិកាស្មៀរ ៖ ប៉ាគីស្ថាន​លើក​ពី​ហានិភ័យ​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​ឥណ្ឌា នៅ​អ.ស.ប.

លោក​នាយករដ្ឋមន្ត្រី​ Imran Khan លើក​ពីហានិភ័យ​មាន​សង្គ្រាម​នុយក្លេអ៊ែរ ពី​វេទិកា​អង្គការ​សហប្រជាជាតិ ថ្ងៃទី ២៧​កញ្ញា ២០១៩
លោក​នាយករដ្ឋមន្ត្រី​ Imran Khan លើក​ពីហានិភ័យ​មាន​សង្គ្រាម​នុយក្លេអ៊ែរ ពី​វេទិកា​អង្គការ​សហប្រជាជាតិ ថ្ងៃទី ២៧​កញ្ញា ២០១៩ REUTERS/Lucas Jackson

វិបត្តិកាស្មៀរ​បានក្លាយ​ជា​ប្រធានបទ​ក្តៅ​នៅ​ក្នុង​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នា​ថ្ងៃ​សុក្រ​ទី ២៧​កញ្ញា​ម្សិលមិញ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) បានថ្លែងពីលើ​វេទិកា​អ.ស.ប. ​​ចោទ​ប្រកាន់​ឥណ្ឌា​ ថា​កំពុង​ធ្វើ​ឱ្យ​មាន​ការ​បង្ហូរ​ឈាម​នៅ​តំបន់​​កាស្មៀរ​។ សម្រាប់​ប៉ាគីស្ថាន វិបត្តិ​បែបនេះ​ជា​​​ហានិភ័យនាំ​ឱ្យ​មាន​​​សង្គ្រាម​នុយក្លេអ៊ែរ​ ​ជាមួយ​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ពិភពលោក​ទាំង​មូល។

ផ្សាយពាណិជ្ជកម្ម

តាម​ធម្មតា​ តំណាង​ប្រទេស​នីមួយ​មាន​សិទ្ធិតែ​១៥​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​ម្សិលមិញ​នេះ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន បានអង្រួញ​​អង្គ​មហាសន្និបាត​រយៈ​ពេល​ដល់​ទៅ​ជិត​មួយ​ម៉ោង (៥០នាទី) តាម​រយៈ​សុន្ទរកថា ដែល​ផ្តោត​ខ្លាំង​ទៅ​លើ​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​កាស្មៀរឥណ្ឌា។

​​ លោក អ៊ីមរ៉ាន់​ ខាន់ បានស្រែក​ថ្កោលទោស អំពើ​ហិង្សា ការ​ចាប់ខ្លួន​​មនុស្ស​រាប់​ពាន់​នាក់ និង ដាក់​បំរាម​គោចរលើ​តំបន់​កាស្មៀរ ​ក្រោយ​ពី​រដ្ឋាភិបាល​​ឥណ្ឌា បាន​សម្រេច​ដក​ស្វ័យភាព​តំបន់​កាស្មៀរ​ កាលពី​ដើម​ខែ​សីហា​មក។ លើ​វេទិកា​អង្គការ​សហប្រជាជាតិ លោក​នាយករដ្ឋមន្ត្រី​បានអះអាង​​ថា អាជ្ញាធរ​​ឥណ្ឌាបញ្ជូន​ យោធា​៩សែន​នាក់ ទៅ​កាស្មៀរ ទៅ​ធ្វើ​​អ្វី ? ដើម្បី​នាំ​ភាព​រុងរឿងដល់​តំបន់ ?! គឺ​ច្បាស់​ជា​នឹង​មាន​ការ​បង្ហូរ​ឈាម​ជាក់​ជា​ពុំ​ខាន នៅ​ពេលលើកបំរាមគោចរ​ចេញ។ ​នេះ​ជា​ហានិភ័យ​នាំ​ឱ្យ​មាន​សង្គ្រាម !

“នៅ​ពេល​មហាអំណាច​នុយក្លេអ៊ែរ​ប្រយុទ្ធ​គ្នា​រហូត​ដល់​ទី​បំផុត ផលវិបាក​នឹង​ឆ្លង​ព្រំដែនប្រទេស រាល​ដល់​ពិភពលោក​ទាំងមូល​។” លោក​អ៊ីមរ៉ាន់​ ខាន់ បាន​​បញ្ជាក់​ថា ប្រសាសន៍​របស់​លោក​មិនមែន​ជា​ពាក្យ​គំរាម​ទេ តែជា​ការដាស់​​​ប្រាប់​ឱ្យ​​ដឹង​មុន និង​ប្រាប់​ឱ្យ​​អង្គការ​សហប្រជាជាតិ​ ធានាសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​កាស្មៀរ ដែល​កំពុង​រងទុក្ខ។

ឥណ្ឌា​មិន​បាន​បញ្ជាក់​អំពី​ចំនួន​យោធា​នៅ​​តំបន់​កាស្មៀរ​ ប៉ុន្តែ​បើ​ដូច​តួលេខ​ផ្តល់​ដោយ​លោក​អ៊ីមរ៉ាន់ ខាន់​មែន នោះ​គឺ​ស្មើ​នឹង​ពីរ​ភាគ​បី​នៃ​កងទ័ព​សរុប​របស់​ឥណ្ឌា។ ពី​​វេទិកា​អង្គការសហប្រជាជាតិ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា លោក ណារិនដ្រា​ ម៉ូឌី មិន​បាន​ថ្លែង​អ្វី​មួយ​ម៉ាត់​ទាក់ទង​នឹង​តំបន់​កាស្មៀរ។ ថ្លែងសុន្ទរកថា​​មួយ​ម៉ោង​មុនសមភាគី​ប៉ាគីស្ថាន លោក ម៉ូឌី លើក​ឡើង​តែ​អំពី​ការ​អភិវឌ្ឍ​ប្រទេសឥណ្ឌា​ ជា​គំរូ​សម្រាប់​ពិភពលោក និង​បញ្ចប់​ទៅ​ជា​មួយ​សារ​គាំទ្រ​សន្តិភាព​ ​ប្រឆាំង​នឹង​បណ្តាញ​ភេរវនិយម​ ពោល​គឺ​ទំនង​ចង់​ដៅ​លើ​ប៉ាគីស្ថានដែល​ជាប់​ចោទ​ជា​ប្រទេស​គាំទ្រ​ក្រុម​ជ្រុលនិយម ៖ “សារដ៏​សំខាន់​របស់​មហាប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​ជាង​គេ​លើ​ពិភពលោក​គឺ សន្តិភាព​ និង​ភាព​សុខដុម”។

នៅ​ក្រៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​វិញ មាន​បាតុករ​រាប់​ពាន់​នាក់​បាន​មក​ប្រមូល​ផ្តុំ​គ្នា ម្ខាង​ជា​ក្រុម​អ្នក​ប្រឆាំង​ ម្ខាង​ជា​អ្នក​គាំទ្រ​នយោបាយ​ឥណ្ឌា។ ចំណែក​នៅ​តំបន់​កាស្មៀរ​វិញ ឥណ្ឌា​បាន​ពង្រឹង​សន្តិសុខ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃសុក្រ​ម្សិលមិញ ដោយ​ខ្លាច​ក្រែង​មាន​បាតុកម្ម​ នា​ឱកាស​ឥណ្ឌា​និង​ប៉ាគីស្ថាន​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​សហប្រជាជាតិ៕

 

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ