អានតួអត្ថបទ

ហុងកុង៖ សមត្ថកិច្ច ឡោមព័ទ្ធចាប់ បាតុករ​សំងំខ្លួន​នៅ​ក្នុង​សកលវិទ្យាល័យ

សមត្ថកិច្ចប្រមូលផ្តុំបាតុករ ដែលបាន​ប្រគល់ខ្លួន នៅទីតាំង​​សកលវិទ្យាល័យ​ PolyU ថ្ងៃទី​១៩ វិច្ឆិកា ២០១៩​
សមត្ថកិច្ចប្រមូលផ្តុំបាតុករ ដែលបាន​ប្រគល់ខ្លួន នៅទីតាំង​​សកលវិទ្យាល័យ​ PolyU ថ្ងៃទី​១៩ វិច្ឆិកា ២០១៩​ REUTERS/Adnan Abidi

ប្រមាណ​៣ថ្ងៃមកហើយ ដែលក្រុមបាតុករយុវជនហុងកុង ជាង១០០​នាក់ បានសំងំលាក់ខ្លួន នៅក្នុងទីតាំង​សកលវិទ្យាល័យមួយនៅហុងកុង។ អាជ្ញាធរហុងកុង ដែលឡោមព័ទ្ធទីតាំងនោះ បានអំពាវនាវ ឲ្យក្រុមបាតុករចេញមកក្រៅ ហើយប្រគល់ខ្លួន​ជូនសមត្ថកិច្ច។​ បើទោះជាមានបាតុករខ្លះ បានចាប់ផ្តើម​ចេញប្រគល់ខ្លួន​ ឲ្យសមត្ថកិច្ច តែយ៉ាងណា មានការលើកឡើងថា បើប្រគល់ខ្លួន សមត្ថកិច្ចនឹងចាប់ពួកគេយកទៅឃុំឃាំង។

ផ្សាយពាណិជ្ជកម្ម

សកលវិទ្យាល័យពហុបច្ចេកវិទ្យាហុងកុង PolyU បានក្លាយជាទីតាំងប្រឈមមុខដាក់គ្នា រវាងក្រុមបាតុករហុងកុង និង​ សមត្ថកិច្ចហុងកុង ដែលឡោមព័ទ្ធទីតាំងនោះ ៣ថ្ងៃមកហើយ។​ សមត្ថកិច្ចហុងកុង បានអះអាងថា មានបាតុករក្មេងៗ ជាសិស្សវិទ្យាល័យ និងនិស្សិតជាង១០០នាក់ ដែលកំពុងសំងំនៅខាងក្នុងទីតាំង ដែលស្ថិតនៅក្នុងតំបន់កូវលុននេះ។ នគរបាលបង្រ្កាបបាតុកម្ម បានគំរាមប្រើប្រាស់គ្រាប់កាំភ្លើងពិត ដើម្បីបំបែកហ្វូងបាតុករ។

ឪពុកម្តាយ និងក្រុមគ្រួសារយុវជន​ទាំងនោះ​ បានរងចាំ​នៅខាងមុខសកលវិទ្យាល័យ ក្នុងទឹកមុខក្រោមក្រំ និងព្រួយបារម្ភជាខ្លាំង ដោយខ្លាចក្រែងនគរបាល វាយបំបែកទីតាំងដោយហឹង្សា។ កាលពីយប់ថ្ងៃចន្ទ មានបាតុករខ្លះ បាន​បន្លំខ្លួន​គេចចេញពីទីតាំង​សកលវិទ្យាល័យ​ ដោយបាន​ដាក់ខ្សែពួរ សម្រូតខ្លួនចេញតាមបង្អួចមកក្រៅ មិនឲ្យសមត្ថកិច្ច​ចាប់ខ្លួនបាន។ បាតុករខ្លះ បានលូនខ្លួនចេញតាមលូបង្ហូរទឹកស្អុយ។ កាលពីថ្ងៃចន្ទដែរ បាតុកររាប់ពាន់នាក់ផ្សេងទៀត ដែលនៅខាងក្រៅ បានធ្វើបាតុកម្មនៅតាមផ្លូវក្នុងតំបន់កូវលុន ដើម្បីបង្វែងដាននគរបាលហុងកុង ឲ្យឈប់ឡោមព័ទ្ធទីតាំង​សកលវិទ្យាល័យ​នោះ តទៅទៀត។

នៅថ្ងៃអង្គារនេះ យោងតាមរូបភាពផ្សាយ​ដោយភ្នាក់ងារ Reuters គេសង្កេតឃើញ មានបាតុករខ្លះ បានដើរចេញមកក្រៅ ប្រគល់ខ្លួនឲ្យសមត្ថកិច្ច ដោយម្នាក់ៗមានរំក្រណាត់​លើខ្លួន​ ដោយសារតែសីតុណ្ហភាព​ធ្លាក់ចុះ។ មានបាតុករខ្លះ ដែលមាន​សុខភាពចុះខ្សោយ ឬរងរបួស​ ត្រូវបានក្រុមសង្រ្គោះដឹកយកទៅមន្ទីរពេទ្យ។ តែសមត្ថកិច្ចអះអាងថា នៅសល់បាតុករប្រមាណ​ជិត​១០០នាក់ទៀត ដែលនៅរឹង មិនព្រមប្រគល់ខ្លួន។

លោកស្រី ការី ឡាំ ប្រមុខរដ្ឋបាលហុងកុង បានថ្លែងនៅថ្ងៃអង្គារ ទី​១៩វិច្ឆិកាថា យុវជនបាតុករហិង្សាទាំងនោះ គ្មានជំរើសអ្វីផ្សេង ក្រៅពីប្រគល់ខ្លួនជូនសមត្ថកិច្ច តាមសម្រួល​នោះទេ។ លោកស្រីបានសន្យាថា បាតុករដែលជាអនីតិជន នឹងមិនត្រូវជាប់ទោសពៃទេ តែបាតុករ​ជានីតិជន អាចប្រឈមនឹងទោសជាប់ពន្ធនាគារ រហូតដល់១០ឆ្នាំ។

និស្សិតម្នាក់បានលើកឡើងប្រាប់​អ្នកកាសែត AFP ថា ទោះប្រគល់ខ្លួន ឬមិនប្រគល់ខ្លួន ទីបំផុតក៏បាតុករ នឹងត្រូវគេ​ចាប់យកទៅដាក់ឃុំដូចតែគ្នា​។ ហេតុដូ​ច្នេះហើយ បាន​ជាបាតុករខ្លះនៅតែរឹង ប្តេជ្ញាចិត្តមិនព្រមដើរចេញមកក្រៅប្រគល់ខ្លួនឲ្យសមត្ថកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ