អានតួអត្ថបទ
អូស្រ្តាលី-បរិស្ថាន

អូស្រា្តលី៖ទីក្រុងស៊ីដនីគ្របដណ្តប់ដោយផ្សែងពុលដែលកើតចេញពីភ្លើងឆេះព្រៃ

អូស្រ្តាលី, បរិស្ថាន
អូស្រ្តាលី, បរិស្ថាន Reuters

នៅ​ថ្ងៃ​អង្គារ ទី១៩ វិច្ឆិកា ទីក្រុង​ស៊ីដនី​នៃ​រដ្ឋ New South Wales ក្នុង​ប្រទេស​អូស្រា្តលី​កំពុង​គ្របដណ្តប់​ដោយ​ផ្សែងពុល​យ៉ាង​ក្រាស់ឃ្មឹក​ដែល​កើត​ចេញ​ពី​ភ្លើងឆេះព្រៃ​នៅ​ជាប់ឆ្នេរ​សមុទ្រ​តាំង​ពី​ថ្ងៃ​សុក្រ ទី១៥ វិច្ឆិកា។ តាម​តួលេខ​ផ្លូវការ កម្រិត​ជាតិពុល​នៅ​ក្នុង​ផ្សែង​បាន​ឡើង​ដល់​កម្រិត​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លាំង ព្រោះ​អត្រា​លំអងល្អិតឆ្មារ​នៅ​ក្នុង​ខ្យល់​បាន​កើន​ខ្ពស់​ដូច​មាន​នៅ​ក្នុង​ទីក្រុង​ញូដែលី ប្រទេស​ឥណ្ឌា។ រដ្ឋអំណាច​ទីក្រុង​ស៊ីដនី​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ពលរដ្ឋ​ចៀសវាង​សកម្មភាព​នៅ​ខាង​ក្រៅ។

ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​រងចាំ​នៅ​វេលា​ថ្ងៃ​ត្រង់​ទើប​កម្រាស់​ផ្សែង​ចាប់​ផ្តើម​រំសាយ​បន្តិច​ម្តងៗ តែ​នឹង​វិល​មក​ឡើង​ក្រាស់ឃ្មឹក​វិញ​នា​យប់​ថ្ងៃ​អង្គារ ទី១៩ វិច្ឆិកា នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​ឧតុនិយម។ លោក Richard Broome នាយក​សុខភាព​បរិស្ថាន​ក្នុង​រដ្ឋ News South Wales បាន​បញ្ជាក់​ថា លំអងល្អិតឆ្មារ​នៅ​ក្នុង​ខ្យល់​អាច​ធ្វើ​ឲ្យ​រលក​ប្រព័ន្ធ​ដង្ហើម និង​បង្ក​ឲ្យ​មាន​បញ្ហា​បេះដូង រួម​ទាំង​សួត​ធ្ងន់ធ្ងរ។ « ចំពោះ​មនុស្ស​ភាគច្រើន ផ្សែង​បង្ក​ឲ្យ​មាន​រោគសញ្ញា​ស្រាលៗ ដូច​យ៉ាង​ក្រហាយ​ភ្នែក រលាក​ចម្រុះ និង​បំពង់ ក ជា​ដើម។ តែ​ចំពោះ​មនុស្ស​ដែល​កំពុង​មាន​ជំងឺ​ហឺត រលាកសួត និង​រលាកបំពង់ ក នឹង​ទទួល​ហានិភ័យ​ខ្ពស់​ជាមួយ​នឹង​ការ​ស្រូប​ផ្សែង » នេះ​ជា​ការ​បន្ថែម​របស់​លោក Richard Broome។

គួរ​រម្លឹក​ថា ផ្សែង​ដែល​កំពុង​គ្រប​ដណ្តប់​លើ​ទីក្រុង​ស៊ីដនី​ពេល​នេះ​បាន​កើត​ចេញ​ពី​ការ​ឆេះព្រៃ​នៅ​ក្នុង​សួនឧទ្យានជាតិ​ចំនួន​ពីរ​ដែល​ស្ថិត​ចម្ងាយ​ប្រមាណ​ជា ១០០គីឡូម៉ែត្រ។ អគ្គីភ័យ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​បាន​បំផ្លាញ​ព្រៃឈើ​ជិត ១៤០ ០០០ហិតតា ផ្ទះសម្បែង​រាប់រយ​ខ្នង និង​សម្លាប់​មនុស្ស​ចំនួន ៦នាក់។ ជាមួយ​នឹង​សីតុណ្ហភាព​ប្រមាណ​ជា ៤០អង្សារ ខ្យល់​បោកបក់​ខ្លាំង រួម​ទាំង​កម្រិត​សំណើម​ទាប​ផង ឥទ្ធិពល​របស់​អគ្គីភ័យ​អាច​នឹង​កើន​មួយ​កម្រិត​ទៀត​នៅ​ថ្ងៃ​ពុធ ទី២០ វិច្ឆិកា។ ជា​រៀងរាល់​ឆ្នាំ អគ្គីភ័យ​របៀប​នេះ​ឧស្សាហ៍​កើត​មាន​នៅ​អូស្រា្តលី​ក្នុង​និទាឃរដូវ និង​រដូវក្តៅ។

ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០១៩ នេះ រដូវភ្លើងឆេះ​ហាក់​មាន​សន្ទុះ​ខ្លាំង ហិង្សា និង​អាច​ចាត់​ទុក​ជា​អគ្គីភ័យ​ដ៏​អាក្រក់​មួយ​ក្នុង​ចំណោម​អគ្គីភ័យ​ដែល​អូស្រា្តលី​បាន​ជួប​ប្រទះ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ