អានតួអត្ថបទ
ជប៉ុន-រុស្ស៊ី-អាមេរិក

រុស្ស៊ី៖វត្តមានទាហានអាមេរិកាំងលើទឹកដីជប៉ុនរំខានដល់ការខិតចូលជិតគ្នារវាងរុស្ស៊ី និងជប៉ុន

ប្រមុខការទូត​ជប៉ុន​លោក Toshimitsu Motegi (រូបស្តាំ) និង​សមភាគី​រុស្ស៊ី​លោក Sergei Lavrov ថ្ងៃទី២៣ វិច្ឆិកា ២០១៩ ក្នុង​ប្រទេស​ជប៉ុន
ប្រមុខការទូត​ជប៉ុន​លោក Toshimitsu Motegi (រូបស្តាំ) និង​សមភាគី​រុស្ស៊ី​លោក Sergei Lavrov ថ្ងៃទី២៣ វិច្ឆិកា ២០១៩ ក្នុង​ប្រទេស​ជប៉ុន Reuters

ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergueï Lavrov បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍ ទី២៣ វិច្ឆិកា​ថា វត្តមាន​ទាហាន​អាមេរិកាំង​លើ​ទឹកដី​ជប៉ុន​កំពុង​រំខាន​ដល់​ការ​ខិត​ចូល​ជិត​គ្នា​រវាង​រុស្ស៊ី និង​ជប៉ុន ព្រម​ទាំង​ជា​ក្តី​បារម្ភ​សម្រាប់​សន្តិសុខ​រុស្ស៊ី​ផង។ លោក Lavrov បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​សន្និសីទកាសែត​មួយ បន្ទាប់​ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​នៃ​ក្រុម​ប្រទេស G២០ ក្នុង​ទីក្រុង​ណាហ្កូយ៉ា ប្រទេស​ជប៉ុន។ គួរ​បញ្ជាក់​ថា ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តូក្យូ​បាន​ចង​សម្ព័ន្ធមិត្ត​នឹង​គ្នា​តាម​រយៈ​សន្ធិសញ្ញា​សន្តិសុខ​រវាង​គ្នា។ សព្វថ្ងៃ មាន​ទាហាន​អាមេរិកាំង​ប្រមាណ​ជា ៥៤ ០០០នាក់​កំពុង​ឈរ​ជើង​លើ​ទឹកដី​ជប៉ុន។

ផ្សាយពាណិជ្ជកម្ម

« ពិតណាស់ វត្តមាន​យោធា​អាមេរិក​ជា​បញ្ហា​មួយ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​វិវត្ត​នៃ​គុណភាព​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​ជប៉ុន » នេះ​ជា​ការ​ថ្លែង​របស់​លោក Sergueï Lavrov នៅ​ក្នុង​សន្និសីទកាសែត​មួយ ក្រោយ​ពី​លោក​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​នៃ​ក្រុម​ប្រទេស G២០។ គួរ​រម្លឹក​ថា ជប៉ុន និង​រុស្ស៊ី​ជជែក​គ្នា​ជា​រឿយៗ​ដើម្បី​អាច​ឈាន​ទៅ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​រួម​មួយ​ដែល​ត្រូវ​បាន​ព្យួរ​តាំង​ពី​ក្រោយ​ការ​បិទ​បញ្ចប់​សង្រ្គាមលោក​លើកទី២។ ភាព​ជាប់​គាំង​រវាង​ភាគី​ទាំង​ពីរ​ក៏​ដោយសារ​ជម្លោះ​ជុំវិញ​ទីប្រជុំ​កោះ​គូរីលខាងត្បូង​ចំនួន ៤។ ទីប្រជុំកោះ​ទាំង​នេះ​ត្រូវ​បាន​សហភាព​សូវៀត​ក្រសោប​យក​ក្នុង​ឆ្នាំ ១៩៤៥ តែ​ជប៉ុន​បន្ត​ចាត់​ទុក​ជា​ដែនដី​ផ្លូវការ​របស់​ខ្លួន។

ក្រុង​មូស្គូ និង​ក្រុង​តូក្យូ​បន្ត​ជជែក​គ្នា​ជុំវិញ​រឿងរ៉ាវ​មួយ​នេះ​ដោយ​យក​សេចក្តីថ្លែងការណ៍​ឆ្នាំ ១៩៥៦ ធ្វើ​ជា​មូលដ្ឋាន។ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ នៅ​ប្រទេស​សិង្ហបុរី ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន និង​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​អាបេ​បាន​ព្រមព្រៀង​ពន្លឿន​កិច្ចចរចាដោយ​ផ្អែក​លើ​សេចក្តីថ្លែងការណ៍​ឆ្នាំ ១៩៥៦។ តាម​លោក Sergueï Lavrov សហភាព​សូវៀត​ធ្លាប់​បាន​និយាយ​រួច​ហើយ​ថា សេចក្តីថ្លែងការណ៍​ឆ្នាំ ១៩៥៦ អាច​នឹង​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​បាន លុះ​ត្រា​ណា​តែ​មាន​ការ​បញ្ឈប់​វត្តមាន​ទាហាន​អាមេរិកាំង​លើ​ទឹកដី​ជប៉ុន។ ប្រមុខ​ការទូត​រុស្ស៊ី​បាន​បន្ថែម​ថា រុស្ស៊ី​បាន​បញ្ជូន​ទៅ​ឲ្យ​ភាគី​ជប៉ុន​នូវ​ក្តីបារម្ភ​ទាំង​អស់​របស់​រុស្ស៊ី​សម្រាប់​សន្តិសុខ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​វត្តមាន​ទាហាន​អាមេរិក​លើ​ទឹកដី​ជប៉ុន ពិសេស​ការ​អភិវឌ្ឍន៍ និង​ការ​ពង្រឹង​កាន់​តែ​ខ្លាំង​ឡើង​ជា​លំដាប់​នៃ​សម្ព័ន្ធ​នយោបាយ យោធា​រវាង​ក្រុង​វ៉ាស៊ីតោន និង​ក្រុង​តូក្យូ។

« ភាគី​ជប៉ុន​បាន​សន្យា​ផ្តល់​ចម្លើយ​ចំពោះ​ក្តីបារម្ភ​របស់​យើង។ យើង​នឹង​រង់ចាំ​ចម្លើយ​របស់​គេ និង​បន្ត​ការ​ចរចា » នេះ​ជា​ការ​បញ្ជាក់​របស់​លោក Sergueï Lavrov។ សូម​បញ្ជាក់​ថា ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តូក្យូ​បាន​ចង​សម្ព័ន្ធមិត្ត​នឹង​គ្នា​តាម​រយៈ​សន្ធិសញ្ញា​សន្តិសុខ​រវាង​គ្នា ហើយ​សព្វថ្ងៃ មាន​ទាហាន​អាមេរិកាំង​ប្រមាណ​ជា ៥៤ ០០០នាក់​កំពុង​ឈរ​ជើង​លើ​ទឹកដី​ជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ