អានតួអត្ថបទ

សម្តេចប៉ាប ៖ ធានា​សន្តិភាពដោយ​មាន​​អាវុធ​នុយក្លេអ៊ែរ ជា “សន្តិសុខក្លែងក្លាយ"

សម្តេច​ប៉ាប François ថ្លែង​ពី​កន្លែង​រងគ្រាប់​បែក​បរមាណូ​ នៅ​ Nagasaki ថ្ងៃទី ២៤​វិច្ឆិកា ២០១៩
សម្តេច​ប៉ាប François ថ្លែង​ពី​កន្លែង​រងគ្រាប់​បែក​បរមាណូ​ នៅ​ Nagasaki ថ្ងៃទី ២៤​វិច្ឆិកា ២០១៩ REUTERS/Remo Casilli

នៅថ្ងៃ​អាទិត្យ​នេះ ពីទីក្រុង​ណាហ្កាសាគី ក្រុងទីពីរ​របស់​ជប៉ុន​ដែល​រងការ​បំផ្លាញ​ដោយ​​គ្រាប់​បែក​បរមាណូ​នៅ​ថ្ងៃទី ៩​សីហា ១៩៤៥ សម្តេច​ប៉ាប​ ហ្វ្រង់ស័រ បានអំពាវនាវ​ឱ្យ​ពិភពលោក​បោះបង់អាវុធ​នុយក្លេអ៊ែរ និង​បាន​​បរិហារ​ប្រឆាំង​នឹង​​គំនិត​ចង់​មាន​អាវុធ​​ប្រល័យ​លោក​ថា​ជា​គោលការណ៍​ដ៏​អាក្រក់​ មិន​អាច​ការពារ​បាន​ឡើយ និង​ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​ភាព​តាន​តឹង​នៅ​លើ​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

សម្តេច​ប៉ាប​ហ្វ្រង់ស័រ បាន​ក្លាយ​ជា​សម្តេច​ប៉ាប​របស់​បុរី​វ៉ាទីកង់​ទី​មួយ ដែល​បាន​ថ្លែង​ដោយ​ចំៗ វាយប្រហារ​គោលការណ៍​​មាន​អាវុធ​នុយក្លេអ៊ែរ​ជា​ទង្វើ​អសីលធម៌។ ពី​មុន​មក​ វ៉ាទីកង់​ ធ្លាប់សម្តែង​ការ​​ប្រឆាំង​នឹង​អាវុធបរមាណូ​ថា​ជា​​អាវុធ​​ប្រល័យ​លោកដ៏​អាក្រក់តែ​ប៉ុណ្ណោះ។

កសាង​សន្តិភាព និង​ស្ថិរភាព​អន្តរជាតិ​ មិន​រំពឹង​លើ​ការបំភ័យ គំរាម​ ​បំផ្លាញ​ឱ្យ​ខ្ទេចខ្ទី​ទាំងស្រុង​ទេ។ នេះ​បើ​តាម​សង្ឃដីកា​របស់​សម្តេច​ប៉ាប​ដោយបន្ថែម​ទៀត​ថា មានអាវុធនុយក្លេអ៊ែរ និង​មាន​អាវុធ​ប្រល័យ​លោក​​ទាំងហ្វូងៗ​ មិន​មែន​ជា​ចម្លើយ​សម​ស្រប​​នាំ​សន្តិភាព​ទេ តែ​ជា សន្តិសុខ​ក្លែង​ក្លាយ​ ដែល​បំពុល​ពិភពលោក​ឱ្យ​ធ្លាក់​ក្នុង​ភាព​តាន​តឹង​។

បន្ទាប់​មក​ សម្តេច​ប៉ាប ក៏​បាន​ថ្លែង​បរិហារ​រាល់​គ្រប់​បណ្តាញ​អាវុធ ថា “ពិភពលោក​បច្ចុប្បន្ន​ ​មាន​កុមារ​និង​ក្រុម​គ្រួសារ​រស់​ក្នុង​លក្ខខណ្ឌ​អមនុស្សធម៌​ណាស់ ព្រោះ​ថវិកា​ត្រូវ​បាន​គេ​ចំណាយ​ និង​ផ្តល់​ភាព​មាន​បាន​ទៅ​លើ​ការ​ផលិត ធ្វើ​ទំនើប​កម្ម និ​ងជួសជុល ឬ​លក់​ដូរ​អាវុធ​ ដែលមាន​សមត្ថភាព​បំផ្លិញបំផ្លាញ​​លោក​កាន់​តែ​ខ្លាំង​ឡើងៗ”។

ប្រជាពលរដ្ឋ​ជប៉ុន​ ចាប់​អារម្មណ៍នឹង​ទស្សនកិច្ច​របស់​សម្តេច​ប៉ាបតិច​តួច​ណាស់ ព្រោះ​ប្រទេស​មាន​អ្នកកាន់​សាសនា​គ្រិស្ត​ដ៏​តិច​តួច​បំផុត។ ប៉ុន្តែ​​សុន្ទរកថា​​ស្តីពី​អាវុធ​នុយក្លេអ៊ែរ បាន​ធ្វើ​ឱ្យ​ជប៉ុន​រំជើប​រំជួល​ ជា​ពិសេស​ចំពោះ​អ្នក​ដែលចង់​ការ​ពារ​រដ្ឋធម្មនុញ្ញ​សន្តិនិយម​ ផ្ទុយពី​​​​ឆន្ទៈ​នាយករដ្ឋមន្ត្រី​ លោក ស្ហ៊ីនហ្សូ​អាបេ​។ សង្ឃដីកា​របស់​សម្តេច​ប៉ាប ក៏​កំពុង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​ទើស​ទាល់​ចិត្ត​ខ្លាំង​ព្រោះ​ជប៉ុន​មិន​ទាន់​បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​បរមាណូ​ ដូច​ពីរ​ភាគបី​នៃ​​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទេ។

ពលរដ្ឋ​ជប៉ុន​ជាង​១០​លាន​នាក់​បាន​ចុះ​ហត្ថលេខា​លើ​ញ្ញាត ទាមទារ​ឱ្យ​មាន​ការ​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ពិភពលោក ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​អាបេ ​ធ្វើ​មិន​ដឹង​មិន​ឮ។ សម្រាប់​លោក​អាបេ ដើម្បី​សន្តិសុខ​ជាតិ ជប៉ុន​មិន​អាច​រំពឹង​តែ​លើ​ការ​ការពារ​ពីអាមេរិក​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ