អានតួអត្ថបទ
ចិន

ចិន​ឃាត់ខ្លួន​ជនបរទេស​ដែល​ជាប់ពាក់ព័ន្ធ​នឹង​មហាបាតុកម្ម​នៅ ហុងកុង

បាតុករ​ហុងកុង នៅក្នុង​ចលនា​ប្រឆាំង​នឹង​អំណាច​គ្រប់គ្រង​របស់​ចិន​នៅហុងកុង នៅថ្ងៃទី ៣០​វិច្ឆិកា ២០១៩
បាតុករ​ហុងកុង នៅក្នុង​ចលនា​ប្រឆាំង​នឹង​អំណាច​គ្រប់គ្រង​របស់​ចិន​នៅហុងកុង នៅថ្ងៃទី ៣០​វិច្ឆិកា ២០១៩ © REUTERS/Thomas Peter

ប្រទេស​ចិន​បាន​បញ្ជា​ឲ្យ​គេ​ចាប់ឃាត់ខ្លួន អ្នកជំនួញ​បេលី​ម្នាក់ ដែល​គេ​សង្ស័យថា បានលួច ឃុបឃិត​ជាមួយ​អ្នករស់នៅ​សហរដ្ឋអាមេរិក ក្នុងបំណង លូកដៃ ចូលកិច្ចការផ្ទៃក្នុង​របស់​ហុងកុង ដែល​រងរង្គោះរង្គើ​ដោយសារ​មហាបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ជាង ៥ខែ​មកនេះ។ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ហុងកុងកាសែត​ ផ្លូវការ​របស់​បក្ស​កុម្មុយនិស្តចិន បាន​ចុះផ្សាយ នៅថ្ងៃ​សៅរ៍​នេះ​ដែរថា ជនជាតិ​តៃវ៉ាន់ ម្នាក់ទៀត ក៏ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន ផងដែរ នៅ​ទីក្រុង​សិនចិន កាលពី​ចុងខែ​តុលា​កន្លងទៅ។ 

ផ្សាយពាណិជ្ជកម្ម

តាម​កាសែត​ផ្លូវការ​របស់​បក្ស​កុម្មុយនិស្ត​ចិន ប្រចាំ​ខេត្ត​ក្វាងទុង អាជ្ញាធរ​ចិន​បាន​ចាប់ខ្លួន អ្នកជំនួញ បេលី ដើមកំណើត ចិន ម្នាក់ ក្នុង​បទសង្ស័យថា បាន​ផ្តល់​លុយ​ដល់​ក្រុមដែល​មាន​អរិភាព​ទៅលើ​រដ្ឋាភិបាល​ចិន ពោល​គឺ​ក្រុម​ដែល​ចង់បំផ្លាញ​សន្តិសុខ​ជាតិចិន ​និង​កំពុង​គាំទ្រ​សកម្មភាព​បង្កភាពវឹកវរ នៅទីក្រុង​ហុងកុង។ តាម​កាសែត ដែល​បាន​ដកស្រង់​សំដី​របស់​មន្រ្តីមូលដ្ឋាន​ចិន ជនជាតិ​បេលី ដើមកំណើត​ចិន ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន នៅថ្ងៃអង្គារ ដើមសប្តាហ៍នេះ (ទី ២៦​វិច្ឆិកា) នៅ​ខេត្ត​ក្វាងជូ។

កាសែត​ចិន ដដែល​បាន​បញ្ជាក់​ផងដែរ ពីការចាប់ខ្លួន ជនជាតិ​តៃវ៉ាន់​ម្នាក់ទៀត នៅក្នុង​សំណុំរឿង​ហុងកុង​ដូច្នេះគ្នានេះ។ អាជ្ញាធរ​ចិន​បាន​អះអាង​ប្រាប់​កាសែត​ក្នុង​សុ្រកចិន​ថា គេ​បាន​ចាប់ខ្លួន​ជនជាតិ​តៃវ៉ាន់ ក្នុង​បទ​ចោទប្រកាន់​លួច នាំយក​កិច្ចការ​សម្ងាត់​ជាតិ​ចិន ទៅ​ឲ្យ​កម្លាំង​បរទេស នៅបន្ទាប់ពី​ជនជាតិ​តៃវ៉ាន់ ធ្វើដំណើរ​ទៅ​ហុងកុង ក្នុង​បំណង​គាំទ្រ​ចលនា​ប្រឆាំង​ចិន នៅ​ហុងកុង។

លោក Lee Meng Chu​ដែល​ជា​ទីប្រឹក្សា​របស់​ទីក្រុង​តូចមួយ​នៅ​កោះតៃវ៉ាន់ បាន​បាត់​ខ្លួន កាលពី​ពាក់កណ្តាល​ខែ សីហា នៅពេល​លោក​ធ្វើដំណើរ​កំសាន្ត​នៅ​សិនចិន។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​តៃវ៉ាន់ Central News Agency នៅមុន​បាត់ខ្លួន លោក​Lee Meng Chu ​ធ្លាប់​បាន​ចែកចាយ រូបថត​ស្តីពី បាតុកម្ម​នៅហុងកុង ហើយនិង​ការប្រមូលផ្តុំ​កម្លាំង​ប៉ូលិស​ចិន នៅ​ព្រំដែនហុងកុង និង​ចិន​ដីគោក។

នៅ​ខែ​កញ្ញា​កន្លងទៅ អ្នកនាំពាក្យ​របស់​ការិយាល័យ​ជំនួញ​តៃវ៉ាន់ ដែល​ជា​ស្ថាប័នរដ្ឋបាល​តំណាង​រដ្ឋអំណាចចិន ធ្លាប់​បាន​និយាយ​ថា ជនជាតិ​តៃវ៉ាន់​Lee Meng Chu ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ថា បាន​ចូលរួម​ក្នុង​សកម្មភាព​ឧក្រិដ្ឋ ដែល​គំរាមកំហែង សន្តិសុខ​ជាតិ​ចិន។

ដំណឹង​ស្តីពីការចាប់​ជនបរទេស ក្នុង​បទ​ចោទប្រកាន់​ថា ឃុបឃិត គាំទ្រ​ចលនា​ប្រឆាំង​ចិន និង​ជំរុញឲ្យ​មាន​ភាពវឹកវរ​នៅ​ហុងកុង កើតមានឡើង​នៅ​២​ថ្ងៃ​ក្រោយ ដែល​ចិន ​ដំឡើង​សំឡេង ដាក់​អាមេរិក ដែល​ទើប​បាន​អនុម័ត​ច្បាប់​គាំទ្រ​ក្រុមបាតុករ អ្នកប្រជាធិបតេយ្យ​នៅហុងកុង។ រដ្ឋអំណាច​នៅ​ហុងកុង​វិញ បាន​ចោទប្រកាន់​ផងដែរ អាមេរិក ពី​បទ​លូកដៃ​ក្នុងកិច្ចការផ្ទៃក្នុង​របស់​ហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ