អានតួអត្ថបទ
សិង្ហបុរី

ហ្វេសប៊ុក​កែតម្រូវ​ការបង្ហោះផ្សាយ​របស់​អ្នកប្រើប្រាស់ ទៅតាម​ការទាមទារ​របស់​រដ្ឋាភិបាល​សិង្ហបុរី

អ្នកប្រើប្រាស់​របស់​បណ្តាញ​សង្គមហ្វេសប៊ុក​មាន​ជាង ២ពាន់លាននាក់​នៅក្នុង​ពិភពលោក
អ្នកប្រើប្រាស់​របស់​បណ្តាញ​សង្គមហ្វេសប៊ុក​មាន​ជាង ២ពាន់លាននាក់​នៅក្នុង​ពិភពលោក ©REUTERS/Dado Ruvic

ក្រុមហ៊ុន​ហ្វេសប៊ុក នៅថ្ងៃ​សៅរ៍នេះ បាន​ចុះផ្សាយ​សេចក្តីកែតម្រូវ នៅលើ​ទំព័រផ្សាយ​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក ម្នាក់ ទៅតាម​ការទាមទារ​របស់​អាជ្ញាធរ​សិង្ហបុរី។ កាលពី​ថ្ងៃ​សុក្រ អាជ្ញាធរ​សិង្ហបុរី​បានចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក កែតម្រូវ អត្ថបទ​ចុះផ្សាយ​របស់​អ្នកប្រើប្រាស់​ម្នាក់ ដែល​អាជ្ញាធរ​វាយតម្លៃ​ថា មាន​សរសេរ​ព័ត៌មាន​មិនពិត​ទាក់ទង​នឹង​ការបោះឆ្នោត នៅ​សិង្ហបុរី។ នេះ​ជា​លើកទី១ ដែល​ក្រុមហ៊ុន​អាមេរិកាំង ហ្វេសប៊ុក គោរព​អនុវត្ត​ធ្វើតាម​ច្បាប់​ប្រឆាំង​ព័ត៌មាន​មិនពិត ដែល​សភា​សិង្ហបុរី​ទើប​បាន​បោះឆ្នោត អនុម័ត កាលពី​ពាក់កណ្តាល​ឆ្នាំនេះ។ 

ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​សិង្ហបុរី ចាប់​អនុវត្ត​ច្បាប់​ដ៏​ចម្រូងចម្រាស កាល​ពី​ថ្ងៃ​សុក្រ ដោយ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក កែតម្រូវ​អត្ថបទ​របស់​វិបសៃតិ៍​មួយ ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល។ តាម​ស្ថាប័ន​ត្រួតពិនិត្យ ខ្លឹមសារ នៅ​លើ​បណ្តាញ​អ៊ីនធ័រនែត របស់​រដ្ឋាភិបាល​សិង្ហបុរី អត្ថបទ​ដែល​វិបសៃតិ៍ States Times Review បង្ហោះផ្សាយ​នៅលើ​បណ្តាញសង្គម​ហ្វេសប៊ុក កាលពី​សប្តាហ៍មុន មាន​ព័ត៌មាន​មួលបង្កាច់ ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន ទៅលើ​រដ្ឋាភិបាល​សិង្ហបុរី។

វិបសៃតិ៍ ប្រឆាំង​រដ្ឋាភិបាល​សិង្ហបុរី States Times Review ជា​កម្មសិទ្ធិ​របស់​លោក​Alex Tan (រស់នៅប្រទេស​អូស្ត្រាលី) ដែល​បាន​បដិសេធ កាលពី​ថ្ងៃ​ព្រហស្បតិ៍ មិនព្រម​កែតម្រូវ​អត្ថបទ​ចុះផ្សាយ​របស់ខ្លួន នៅក្នុង​ហេតុផល​ថា លោកមិនមែន ជា​ជនជាតិ​សិង្ហបុរី ដូច្នេះ មិន​ត្រូវ​គោរព​តាម​ច្បាប់​សិង្ហបុរី​នោះទេ។ នៅក្នុង​អត្ថបទ​ចុះផ្សាយ របស់ខ្លួន​កាលពី​ថ្ងៃ​ទី ២៣​វិច្ឆិកា វិបសៃតិ៍​របស់​លោក​Alex Tan បាន​សរសេរ​ថា ការបោះឆ្នោត​ត្រូវរៀបចំឡើង​ដើម្បី​ធានា​ឲ្យ​គណបក្ស​កាន់អំណាច នៅ​បន្ត​កាន់អំណាច​តទៅ​ទៀត​នៅ​សិង្ហបុរី។

សម្រាប់​វិបសៃតិ៍ របស់​រដ្ឋាភិបាល ដើម្បី តាមដាន​ព័ត៌មាន​ក្លែងក្លាយ អត្ថបទ​របស់​លោក​Alex Tan គឺ​ជា​ការចុះផ្សាយ​ព័ត៌មានមិន​ពិត និង​ចោទប្រកាន់ ដោយ​គ្មាន​ភស្តុតាង។

ពិត ឬ​មិនពិត គឺ​អាស្រ័យ​ទៅលើ​ការសម្រេច វិនិច្ឆ័យ​របស់​មន្រ្តី​រដ្ឋាភិបាល​សិង្ហបុរី ដែលមាន​អំណាច​ទៅតាមច្បាប់ ដើម្បី ទាមទារ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា អ៊ីនធ័រនែត កែតម្រូវ​ខ្លឹមសារ អត្ថបទ នៅលើ​បណ្តាញ​សង្គម ឬ​នៅលើ​អ៊ីនធ័រនែត។ ទៅតាម​ច្បាប់​ថ្មី​របស់​សិង្ហបុរី សរសេរ​រិះគន់ រដ្ឋាភិបាល​នៅក្នុង​ប្លុក ឬ​បញ្ចេញមតិ នៅ​លើ​បណ្តាញ សង្គម ដែល​អាជ្ញាធរ​មិនចូលចិត្ត នោះ គេ​នឹង​អាច​ប្រឈម​នឹង​ការបង់ប្រាក់ពិន័យ ៧សែន​ដុល្លារ ឬ​ជាប់ពន្ធនាគារ ដល់​ទៅ ៧ឆ្នាំ។

ក្រុមហ៊ុន​ហ្វេសប៊ុក ដែល​ធ្លាប់​សំដែង​កង្វល់​ពីការរឹតត្បិត​សិទ្ធិសេរីភាព បញ្ចេញមតិ ដោយសារ​ច្បាប់​ប្រឆាំង​ព័ត៌មានក្លែងក្លាយ​របស់​រដ្ឋាភិបាល​សិង្ហបុរី នៅ​បំផុត បាន​យល់ព្រម​ធ្វើ​តាម​ការទាមទារ​របស់​អាជ្ញាធរ​សិង្ហបុរី។

ក្រុមហ៊ុន​ហ្វេសប៊ុក នៅ​ថ្ងៃ​សៅរ៍ បាន​បង្ហោះផ្សាយ អត្ថបទ កែតម្រូវ របស់​រដ្ឋាភិបាល សិង្ហបុរី នៅ​ក្បែរ​អត្ថបទ​ចុះផ្សាយ​របស់​វិបសៃតិ៍ របស់​លោក​Alex tan។ នៅក្នុង​សេចក្តី​សង្ខេប​ដែល​ស្រង់បាន​ដោយ​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP ហ្វេសប៊ុក​សរសេរ​ថា ទៅតាម​ច្បាប់​តម្រូវ ហ្វេសប៊ុក ជូនដំណឹងថា រដ្ឋាភិបាល​សិង្ហបុរី វាយតម្លៃថា ខ្លឹមសារ​របស់​អត្ថបទ​បង្ហោះផ្សាយ មាន​ព័ត៌មាន​មិនពិត។

ចាប់តាំង​ពី​ថ្ងៃ​ចន្ទ ដែល​រដ្ឋាភិបាល ចាប់អនុវត្ត​ច្បាប់​ប្រឆាំង​ព័ត៌មានក្លែងក្លាយ ហ្វេសប៊ុក​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​ដំបូង​គេដែល​គោរព​អនុវត្ត តាម​ច្បាប់​​របស់​រដ្ឋាភិបាល​សិង្ហបុរី។ ក្រុមហ៊ុន​ហ្វេសប៊ុក​ដែល​ជា​អ្នកវិនិយោគ​ធំជាងគេ​នៅ​សិង្ហបុរី ធ្លាប់​បាន​ប្រកាស​កាលពី​ឆ្នាំ​មុន ពី​ផែនការ​កសាង មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ខ្លួន តម្លៃ ១ពាន់​លាន​ដុល្លារ និង​មាន​ទីស្នាក់ការប្រចាំ​​អាស៊ី​របស់​ខ្លួន នៅ​ទឹកដី​សិង្ហបុរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ